ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវីវិន័យ 13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ក្រឹត្យ‌វិន័យ​ស្តី​អំពី​ជំងឺ​សើ‌ស្បែក

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

2. បើ​មនុស្ស​ណា​កើត​មាន​ពក​ឬ​ដំបៅ ឬ​ស្នាម​អ្វី​ក្រហម​នៅ​ស្បែក ដែល​ក្លាយ​ទៅ​ជា​ឃ្លង់​នៅ​ក្នុង​សាច់ នោះ​ត្រូវ​ឲ្យ​គេ​នាំ​អ្នក​នោះ​ទៅ​ឯ​អើរ៉ុន​ដ៏​ជា​សង្ឃ ឬ​ទៅ​ឯ​កូន​ណា​មួយ​របស់​លោក ដែល​នឹង​ធ្វើ​ជា​សង្ឃ​ក៏​បាន

3. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​រោគ ដែល​នៅ​ក្នុង​សាច់​អ្នក​នោះ បើ​រោម​ដែល​នៅ​ត្រង់​ដំបៅ​បាន​ត្រឡប់​ទៅ​ជា​ស ហើយ​ដំបៅ​នោះ​មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក នោះ​គឺ​ជា​ឃ្លង់​ហើយ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល ហើយ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក

4. តែ​បើ​សិន​ជា​ស្នាម​ដែល​នៅ​ស្បែក​នោះ​ស​វិញ មើល​ទៅ​មិន​មែន​ខូង​ទាប​ជាង​ស្បែក​ទេ ហើយ​បើ​រោម​មិន​បាន​ទៅ​ជា​ស នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ

5. រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​តែ​ដដែល​មិន​បាន​រាល​ទៅ​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​នៅ​៧​ថ្ងៃ​ទៀត

6. រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​អន់​ថយ​ហើយ មិន​បាន​រាល​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្អាត​វិញ គ្រាន់​តែ​ជា​ស្រែង​ប៉ុណ្ណោះ រួច​អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ

7. តែ​បើ​ដំបៅ​រាល​ធំ​ឡើង​នៅ​ក្នុង​ស្បែក ក្រោយ​ដែល​សង្ឃ​បាន​ពិនិត្យ​មើល ព្រម​ទាំង​ប្រកាស​ថា ជា​ស្អាត​ហើយ នោះ​ត្រូវ​ឲ្យ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ឲ្យ​មើល​ម្តង​ទៀត

8. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា ដំបៅ​នោះ​បាន​រាល​ជា​ខ្លាំង​ឡើង នៅ​ក្នុង​ស្បែក នោះ​ត្រូវ​ប្រកាស​ថា​ជា​ស្មោក‌គ្រោក​វិញ គឺ​ជា​ឃ្លង់​ហើយ។

9. កាល​ណា​មាន​រោគ​ឃ្លង់​កើត​ឡើង​ដល់​មនុស្ស​ណា នោះ​ត្រូវ​តែ​នាំ​ទៅ​ឯ​សង្ឃ

10. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​មាន​ពក​សៗ​នៅ​នា​ស្បែក ដែល​បាន​ធ្វើ​រោម​ឲ្យ​ទៅ​ជា​ស ហើយ​មាន​សាច់ ស្រស់​នៅ​ក្នុង​ពក​នោះ

11. នោះ​គឺ​ជា​ឃ្លង់​ចាស់​នៅ​ក្នុង​សាច់​ហើយ ត្រូវ​ឲ្យ​សង្ឃ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក មិន​បាច់​នឹង​បង្ខាំង​ទុក​ទេ ព្រោះ​ជា​ស្មោក‌គ្រោក​ហើយ

12. បើ​កាល​ណា​រោគ​ឃ្លង់​នោះ​ចេញ​មក​គ្រប់​នៅ​នា​ស្បែក ហើយ​បាន​រាល​ពេញ​ខ្លួន​អ្នក​ដែល​មាន​រោគ​នោះ ចាប់​តាំង​ពី ក្បាល​រហូត​ដល់​ជើង នៅ​សព្វ​កន្លែង​ដែល​សង្ឃ​មើល​ឃើញ

13. នោះ​ត្រូវ​ឲ្យ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា រោគ​ឃ្លង់​បាន​រាល​ពេញ​ខ្លួន​ហើយ នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​នោះ​ជា​ស្អាត​វិញ ដ្បិត​បាន​ត្រឡប់​ជា​ស​ទាំង​អស់​ហើយ គឺ​ស្អាត​ទេ

14. តែ​បើ​កាល​ណា​ឃើញ​មាន​សាច់​ស្រស់ នោះ​ស្មោក‌គ្រោក​វិញ

15. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​សាច់​ស្រស់​នោះ រួច​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត សាច់​ស្រស់​នោះ​ស្មោក‌គ្រោក​ហើយ គឺ​ជា​ឃ្លង់

16. ឬ​បើ​សាច់​ស្រស់​នោះ​ទៅ​ជា​ស​ទៅ​វិញ អ្នក​នោះ​ត្រូវ​មក​ឯ​សង្ឃ​ម្តង​ទៀត

17. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោគ​នោះ​បាន​ត្រឡប់​ជា​ស​មែន នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​បាន​ជា​ស្អាត​វិញ គឺ​ជា​ស្អាត​ទេ។

18. កាល​ណា​កើត​មាន​បូស​នៅ​នា​ស្បែក ហើយ​បាន​សះ​ទៅ

19. រួច​នៅ​ត្រង់​កន្លែង​បូស​នោះ​កើត​មាន​ពក​ស ឬ​ស្នាម​ក្រហម​ប្រឿងៗ នោះ​ត្រូវ​បង្ហាញ​ឲ្យ​សង្ឃ​មើល

20. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ស្នាម​នោះ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក ហើយ​រោម​ត្រឡប់​ទៅ​ជា​ស នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ដែល​លេច​ពី​បូស​នោះ​មក​ហើយ

21. តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​សោះ ហើយ​ស្នាម​នោះ​ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​ចង់​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​៧​ថ្ងៃ

22. បើ​រោគ​នោះ​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ

23. តែ​បើ​ស្នាម​ក្រហម​នោះ​នៅ​នឹង​ដដែល មិន​បាន​រាល‌ដាល​ទេ គឺ​គ្រាន់​តែ​ជា​ស្នាម​បូស​ប៉ុណ្ណោះ នោះ​ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្អាត​ទេ។

24. បើ​កាល​ណា​ស្បែក​បាន​ត្រូវ​រលាក​ភ្លើង ហើយ​សាច់​ស្រស់​ត្រង់​រលាក​នោះ​កើត​មាន​សម្បុរ​ក្រហម​ប្រឿងៗ​ឬ​ស​ក្តី

25. នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោម​ដែល​នៅ​ត្រង់​ស្នាម​នោះ​បាន​ទៅ​ជា​ស​ហើយ មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក​ដែរ នោះ​គឺ​ជា​ឃ្លង់​ដែល​បាន​លេច​មក​ត្រង់​ស្នាម​រលាក​នោះ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ

26. តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​មិន​ឃើញ​មាន​រោម​ស​នៅ​ត្រង់​ស្នាម​ក្រហម​នោះ​ទេ ក៏​មិន​ខូង​ទាប​ជាង​ស្បែក​ដែរ គឺ​បាន​ក្រៀម​ហើយ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​ទុក​នៅ​៧​ថ្ងៃ

27. រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​បាន​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ហើយ

28. តែ​បើ​ស្នាម​ក្រហម​នោះ​នៅ​នឹង​ដដែល មិន​បាន​រាល‌ដាល​ទៅ​ទៀត​ទេ គឺ​បាន​ក្រៀម​ហើយ នោះ​គឺ​ជា​ស្នាម​ផ្តួច​ឡើង​ត្រង់​កន្លែង​រលាក​ទេ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ជា​ស្អាត​វិញ នោះ​គ្រាន់​តែ​ជា​កំឡាំង​ដរ​ប៉ុណ្ណោះ។

29. បើ​កាល​ណា​ប្រុស ឬ​ស្រី​ណា កើត​មាន​រោគ​នៅ​ក្បាល ឬ​ចង្កា

30. នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក មាន​ទាំង​រោម​ឆ្មារ​លឿង​ស្លាំង នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ទឹលម៉ូវ ជា​ឃ្លង់​នៅ​ក្បាល ឬ​នៅ​ចង្កា

31. តែ​បើ​សង្ឃ​មើល​ទៅ​រោគ​ទឹលម៉ូវ​នោះ​ឃើញ​ថា មិន​ខូង​ទាប​ជាង​ស្បែក​ទេ ក៏​គ្មាន​រោម​ខ្មៅ​ផង នោះ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ

32. រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ទៅ​ទៀត​ទេ ហើយ​គ្មាន​រោម​ដែល​លឿង​ស្លាំង​ផង ក៏​មិន​ឃើញ​មាន​ភាព​ខូង​ទាប​ជាង​ស្បែក​ដែរ

33. នោះ​ត្រូវ​កោរ​ឲ្យ​អ្នក​នោះ​ចេញ តែ​ត្រង់​កន្លែង​ដែល​កើត​រោគ នោះ​មិន​ត្រូវ​កោរ​ទេ ហើយ​ត្រូវ​ឲ្យ​សង្ឃ​បង្ខាំង​អ្នក​ដែល​កើត​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ

34. រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​មិន​បាន​រាល‌ដាល​នៅ​ស្បែក ហើយ​មើល​ទៅ​ដូច​ជា​មិន​ខូង​ទាប​ជាង​ស្បែក​ទេ នោះ​ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា ជា​ស្អាត​វិញ ហើយ​អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ

35. តែ​បើ​រោគ​នោះ​រាល‌ដាល​ធំ​ឡើង​នៅ​នា​ស្បែក ក្នុង​ពេល​ក្រោយ​ដែល​អ្នក​នោះ​បាន​ស្អាត​ហើយ

36. នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា បាន​រាល‌ដាល​នៅ​នា​ស្បែក​មែន នោះ​មិន​បាច់​រក​រោម​ដែល​លឿង​ស្លាំង​ទេ ដ្បិត​ជា​មនុស្ស​ស្មោក‌គ្រោក​ហើយ

37. បើ​សង្ឃ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​ជា​នឹង​ដដែល ហើយ​មាន​រោម​ខ្មៅ​ដុះ​នៅ​ត្រង់​កន្លែង​ដំបៅ នោះ​រោគ​ទឹលម៉ូវ​បាន​ជា​ហើយ គឺ​ជា​ស្អាត​ទេ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្អាត​ពិត។

38. បើ​កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា កើត​មាន​ស្នាម​ភ្លឺៗ គឺ​ជា​ស្នាម​ស​ភ្លឺ

39. នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា​ស្នាម​ភ្លឺៗ​នៅ​ក្នុង​ស្បែក​អ្នក​នោះ​បែប​សៗ នោះ​គឺ​ជា​ស្រែង​ដែល​បាន​កើត​មក​នៅ​ស្បែក អ្នក​នោះ​ស្អាត​ទេ។

40. បើ​អ្នក​ណា​ជ្រុះ​សក់​ក្បាល​អស់ អ្នក​នោះ​ទំពែក​ហើយ តែ​ស្អាត​ទេ

41. បើ​បាន​ជ្រុះ​សក់​ក្បាល​ត្រង់​ចំហៀង​ខាង​មុខ អ្នក​នោះ​ឆក​ហើយ តែ​ស្អាត​ទេ

42. ប៉ុន្តែ​បើ​មាន​ដំបៅ​ក្រហម​ប្រឿងៗ​នៅ​កន្លែង​ទំពែក​ខាង​លើ ឬ​ខាង​មុខ នោះ​គឺ​ជា​ឃ្លង់​ដែល​ចេញ​មក​នៅ​កន្លែង​ទំពែក​នោះ ទោះ​ខាង​លើ ឬ​ពី​មុខ​ក្តី

43. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា ពក​ដំបៅ​នោះ​មាន​សម្បុរ​ក្រហម​ប្រឿងៗ​នៅ​កន្លែង​ដែល​ទំពែក​ត្រង់​ខាង​លើ ឬ​ពី​មុខ មើល​ទៅ​ដូច​ជា​ឃ្លង់​ដែល​កើត​នៅ​នា​ស្បែក​ឯ​ទៀត​ដែរ

44. នោះ​គឺ​ជា​ឃ្លង់​ហើយ ជា​មនុស្ស​ស្មោក‌គ្រោក ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ជា​កុំ​ខាន​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត ដ្បិត​មាន​រោគ​នៅ​លើ​ក្បាល​ហើយ។

45. ឯ​មនុស្ស​ណា​ដែល​កើត​ឃ្លង់ នោះ​ត្រូវ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច ហើយ​នៅ​ក្បាល​ទទេ ត្រូវ​គ្រប​បបូរ‌មាត់​ខាង​លើ ហើយ​ស្រែក​ថា ខ្ញុំ​ស្មោក‌គ្រោកៗ

46. អ្នក​នោះ​នឹង​នៅ​តែ​ស្មោក‌គ្រោក​ជានិច្ច គ្រប់​វេលា​ដែល​នៅ​មាន​រោគ​នៅ​ឡើយ អ្នក​នោះ​ជា​មនុស្ស​ស្មោក‌គ្រោក​ពិត ត្រូវ​ឲ្យ​នៅ​តែ​ឯង ហើយ​មាន​លំនៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ផង។

សំលៀក‌បំពាក់​ដែល​មាន​រោគ​ឃ្លង់

47. ឯ​សំលៀក‌បំពាក់​ដែល​មាន​រោគ​ឃ្លង់ ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស

48. ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ពី​អំបោះ​ខ្លូត‌ទេស និង​ពី​រោម​ចៀម​ក្តី ឬ​កើត​នៅ​ស្បែក ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី

49. បើ​រោគ​នោះ​មាន​សម្បុរ​បៃតង​ខ្ចី ឬ​ក្រហម​ប្រឿង​នៅ​ក្នុង​សំលៀក‌បំពាក់​នោះ ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​រោគ​ឃ្លង់​ហើយ ត្រូវ​ឲ្យ​បង្ហាញ​ដល់​សង្ឃ

50. ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល រួច​យក​របស់​ដែល​មាន​រោគ​នោះ ទៅ​បង្ខាំង​ទុក​គ្រប់​៧​ថ្ងៃ

51. ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា បាន​រាល‌ដាល​ធំ​ឡើង​នៅ​សំលៀក‌បំពាក់​នោះ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ដែល​ជា​ស្បែក​ប្រើ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​គឺ​ជា​រោគ​ដែល​ស៊ី​បង្ខូច​របស់​នោះ​ស្មោក‌គ្រោក​ហើយ

52. ត្រូវ​ដុត​សំលៀក‌បំពាក់​នោះ​ចោល ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស ដែល​កើត​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់​ក្តី ព្រម​ទាំង​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​មាន​រោគ​នោះ​ផង ដ្បិត​រោគ​នោះ គឺ​ជា​ឃ្លង់​ដែល​ស៊ី​បង្ខូច ត្រូវ​ដុត​នឹង​ភ្លើង​ទៅ។

53. តែ​បើ​សង្ឃ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា រោគ​នោះ​មិន​បាន​រាល‌ដាល​ឡើង​នៅ​សំលៀក‌បំពាក់​នោះ​ទេ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​នៅ​របស់​អ្វី​ដែល​ធ្វើ​ពី​ស្បែក​នោះ​ដែរ

54. នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្គាប់​ឲ្យ​លាង​របស់​ដែល​មាន​រោគ​នោះ​ចេញ រួច​ត្រូវ​យក​ទៅ​បង្ខាំង​ទុក​៧​ថ្ងៃ​ទៀត

55. ក្រោយ​ដែល​បាន​លាង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​ទៀត បើ​ឃើញ​ថា រោគ​នោះ​មិន​បាន​ប្រែ​សម្បុរ​ទេ ក៏​មិន​បាន​រាល‌ដាល​ឡើង​ផង របស់​នោះ​ស្មោក‌គ្រោក​ហើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​ទៅ ដ្បិត​ជា​រោគ​ស៊ី​បង្ខូច​ពិត ទោះ​បើ​ខាង​ក្នុង ឬ​ខាង​ក្រៅ​ក្តី

56. បើ​សង្ឃ​ពិនិត្យ​មើល​ឃើញ​ថា រោគ​នោះ​ចង់​ស្រអាប់​ហើយ ក្នុង​ពេល​ក្រោយ​ដែល​បាន​លាង​ចេញ នោះ​ត្រូវ​ហែក​ត្រង់​ដុំ​នោះ​ពី​សំលៀក‌បំពាក់ ឬ​ពី​ស្បែក​នោះ ពី​អំបោះ​អន្ទង ឬ​ពី​អំបោះ​ចាក់​យក​ចេញ

57. រួច​បើ​ចេះ​តែ​លេច​មក​នៅ​សំលៀក‌បំពាក់​នោះ​ទៀត ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​ដំណួច​រោគ​ឃ្លង់​ហើយ ត្រូវ​តែ​យក​របស់​ដែល​មាន​រោគ​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ

58. តែ​សំលៀក‌បំពាក់​ណា ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់​ក្តី ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ដែល​បាន​លាង​ហើយ បើ​សិន​ជា​រោគ​នោះ​ចេញ​ជ្រះ​ស្រឡះ នោះ​ត្រូវ​លាង​ម្តង​ទៀត រួច​នឹង​បាន​ស្អាត

59. នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់ នៅ​ក្នុង​សំលៀក‌បំពាក់ ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សំរេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត។