គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 2:4-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ភាព​រូប​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ គេ​ក៏​រត់​ដូច​ជា​សេះ​ចំបាំង​ដែរ

5. គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចំបាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្តាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​តំរៀប​គ្នា​ប្រុង​ចូល​ច្បាំង

6. អស់​ទាំង​សាសន៍​មាន​សេចក្តី​បារម្ភ​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ក៏​ស្លេក‌ស្លាំង​ទៅ

7. គេ​រត់​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​ជា​មនុស្ស​ថ្នឹក​ច្បាំង គ្រប់​គ្នា​ដើរ​ត្រង់​ទៅ​ខាង​មុខ ឥត​មាន​ណា​រា​បែក​ឡើយ

8. ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រា‌វុធ​ឥត​រុញ‌រា‌ថយ​ក្រោយ​ឡើយ

9. គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូច‌ជា​ចោរ

10. ផែនដី​ក៏​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ក៏​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​លែង​ភ្លឺ​ទៅ

11. ព្រះ‌យេហូវ៉ា ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​ពល​ទ័ព​របស់​ទ្រង់ ដ្បិត​ទី​បោះ​ទ័ព​របស់​ទ្រង់​ធំ​ណាស់ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​មាន​កំឡាំង​ខ្លាំង ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធំ​ក្រៃលែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន។

12. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅ‌សោក​ឥឡូវ​នេះ​ចុះ

13. មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្តាយ​ដោយ​ត្រូវ​វាយ‌ផ្ចាល​គេ​ដែរ

14. ឯ​ទ្រង់ ប្រហែល​នឹង​បែរ​ជា​មាន​ព្រះ‌ហឫ‌ទ័យ​ស្តាយ ក្នុង​គ្រា​នេះ​ទេ​ដឹង ហើយ​ខាង​ក្រោយ​ទ្រង់​នឹង​មាន​ព្រះ‌ពរ​ដែរ គឺ​ឲ្យ​មាន​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ផង។

15. ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ញែក​ពេល​ចេញ​សំរាប់​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ​ចុះ

16. ត្រូវ​ឲ្យ​ប្រមូល​ពួក​ជន ហើយ​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រជុំ​ពួក​ចាស់ៗ ហើយ​ប្រមូល​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ត្រូវ​ឲ្យ​ប្ដី​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់​មក ហើយ​ប្រពន្ធ​ថ្មោង‌ថ្មី​ចេញ​ពី​វាំង‌នន​ដែរ

សូមអានជំពូកពេញលេញ យ៉ូអែល 2