ជំពូក

  1. 1
  2. 2
  3. 3

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ពី​ព្រោះ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ក៏​ជិត​ដល់​ហើយ

2. គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក​ហើយ​ងងឹត​យ៉ាង​ក្រាស់ មាន​ជាតិ​១​ធំ ហើយ​ខ្លាំង​ពូកែ​មក ដូច​ជា​ពន្លឺ​នៅ​ពេល​បំព្រាង​លាត​ផ្សាយ​ទៅ​នៅ​លើ​ភ្នំ មិន​ដែល​មាន​ឲ្យ​ដូច​ឡើយ ហើយ​ក្រោយ​គេ​ត​ទៅ ក៏​មិន​ត្រូវ​មាន​យ៉ាង​នោះ​ដែរ ដរាប​ដល់​ច្រើន​ដំណ​មនុស្ស​ត​រៀង​ទៅ

3. មាន​ភ្លើង​ឆេះ​បន្សុស​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្តាត​ភ្លើង​ឆេះ​ដែរ នៅ​មុខ​គេ ផែនដី​ប្រៀប​ដូច​ជា​សួន‌ច្បារ​អេដែន តែ​ខាង​ក្រោយ​គេ នោះ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន​ដ៏​ស្ងាត់‌ច្រៀប​វិញ ឥត​មាន​អ្វី​រួច​ពី​គេ​ឡើយ។

4. ភាព​រូប​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ គេ​ក៏​រត់​ដូច​ជា​សេះ​ចំបាំង​ដែរ

5. គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចំបាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្តាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​តំរៀប​គ្នា​ប្រុង​ចូល​ច្បាំង

6. អស់​ទាំង​សាសន៍​មាន​សេចក្តី​បារម្ភ​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ក៏​ស្លេក‌ស្លាំង​ទៅ

7. គេ​រត់​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​ជា​មនុស្ស​ថ្នឹក​ច្បាំង គ្រប់​គ្នា​ដើរ​ត្រង់​ទៅ​ខាង​មុខ ឥត​មាន​ណា​រា​បែក​ឡើយ

8. ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រា‌វុធ​ឥត​រុញ‌រា‌ថយ​ក្រោយ​ឡើយ

9. គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូច‌ជា​ចោរ

10. ផែនដី​ក៏​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ក៏​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​លែង​ភ្លឺ​ទៅ

11. ព្រះ‌យេហូវ៉ា ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​ពល​ទ័ព​របស់​ទ្រង់ ដ្បិត​ទី​បោះ​ទ័ព​របស់​ទ្រង់​ធំ​ណាស់ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​មាន​កំឡាំង​ខ្លាំង ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធំ​ក្រៃលែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន។

12. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ ចូរ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ឲ្យ​អស់​អំពី​ចិត្ត​ដោយ​តម​អត់ ហើយ​យំ​ពិលាប ព្រម​ទាំង​សៅ‌សោក​ឥឡូវ​នេះ​ចុះ

13. មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្តាយ​ដោយ​ត្រូវ​វាយ‌ផ្ចាល​គេ​ដែរ

14. ឯ​ទ្រង់ ប្រហែល​នឹង​បែរ​ជា​មាន​ព្រះ‌ហឫ‌ទ័យ​ស្តាយ ក្នុង​គ្រា​នេះ​ទេ​ដឹង ហើយ​ខាង​ក្រោយ​ទ្រង់​នឹង​មាន​ព្រះ‌ពរ​ដែរ គឺ​ឲ្យ​មាន​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ផង។

15. ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ញែក​ពេល​ចេញ​សំរាប់​តម​អត់ ចូរ​ប្រកាស​ឲ្យ​មាន​ជំនុំ​មុត‌មាំ​ចុះ

16. ត្រូវ​ឲ្យ​ប្រមូល​ពួក​ជន ហើយ​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រជុំ​ពួក​ចាស់ៗ ហើយ​ប្រមូល​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ត្រូវ​ឲ្យ​ប្ដី​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់​មក ហើយ​ប្រពន្ធ​ថ្មោង‌ថ្មី​ចេញ​ពី​វាំង‌នន​ដែរ

17. ត្រូវ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា បាន​យំ​នៅ​ត្រង់​កណ្តាល​បាំង‌សាច និង​អាសនា ត្រូវ​ឲ្យ​គេ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រណី​ដល់​រាស្ត្រ​ទ្រង់​ផង សូម​កុំ​ប្រគល់​មរដក​របស់​ទ្រង់​ទៅ ឲ្យ​ត្រូវ​គេ​ត្មះ‌តិះដៀល ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​បាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ថា តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា។

18. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្តី​ប្រចណ្ឌ​ចំពោះ​ស្រុក​របស់​ទ្រង់ ក៏​មាន​សេចក្តី​អាណិត​មេត្តា​ដល់​រាស្ត្រ​ទ្រង់

19. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​នឹង​រាស្ត្រ​ទ្រង់​ថា នែ អញ​នឹង​ផ្ញើ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ស្កប់​ចិត្ត អញ​នឹង​មិន​ធ្វើ​ឲ្យ​ឯង​ជា​ទី​ត្មះ‌តិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​ទៀត​ឡើយ

20. គឺ​អញ​នឹង​កំចាត់​ពល​ទ័ព​ពី​ទិស​ខាង​ជើង​ឲ្យ​ឆ្ងាយ​ចេញ​ពី​ឯង​ទៅ ហើយ​បណ្តេញ​គេ​ទៅ​ឯ​ស្រុក​១​ដែល​ហួត‌ហែង ហើយ​ស្ងាត់‌ច្រៀប មាន​ក្បាល​ទ័ព​បែរ​ទៅ​ឯ​សមុទ្រ​ខាង​កើត ហើយ​កន្ទុយ​ទ័ព​នៅ​ឯ​សមុទ្រ​ខាង​លិច ហើយ​ក្លិន​ស្អុយ​របស់​គេ​នឹង​សាយ​ឡើង ព្រម​ទាំង​ក្លិន​គំរង់​ផង ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​យ៉ាង​សំបើម។

21. ឱ​ស្រុក​អើយ កុំ​ឲ្យ​ភ័យ​ឡើយ ចូរ​មាន​សេចក្តី​ត្រេក‌អរ ហើយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​សំបើម​ដែរ

22. ម្នាល​សត្វ​នៅ​ផែនដី​ទាំង‌ឡាយ កុំ​ខ្លាច​អ្វី ដ្បិត​វាល​ស្មៅ​នៅ​ទី​រហោ‌ស្ថាន​កំពុង​លូត‌លាស់​ឡើង ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ក៏​កើត​ផល ឯ​ដើម​ល្វា និង​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​បញ្ចេញ​សម្បត្តិ​វា

23. ដូច្នេះ​ពួក​កូន​ស្រុក​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​ឡើង ចូរ​មាន​សេចក្តី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ពី​ព្រោះ​ទ្រង់​ប្រទាន​ភ្លៀង​ដំបូង​មក​តាម​ខ្នាត​ត្រឹម​ត្រូវ ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ សំរាប់​ឯង​រាល់​គ្នា គឺ​ជា​ភ្លៀង​ដើម និង​ភ្លៀង​ចុង​រដូវ ដូច​កាល​មុន

24. អស់​ទាំង​ទីលាន​នឹង​បាន​ពេញ​ដោយ​ស្រូវ‌សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ព្រៀប​ទៅ ដោយ​ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង

25. អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ និង​ក្រា គឺ​ជា​កង‌ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្តាល​ឯង​រាល់​គ្នា​នោះ

26. ឯង​រាល់​គ្នា​នឹង​បាន​ស៊ី​ជា​បរិបូរ ហើយ​បាន​ឆ្អែត​ផង ក៏​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​អស្ចារ្យ រួច​រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្តី​ខ្មាស​ទៀត​ឡើយ

27. នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​ស្ថិត​នៅ​កណ្តាល​សាសន៍​អ៊ីស្រា‌អែល ហើយ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ឥត​មាន​ព្រះ​ណា​ដទៃ​ទៀត យ៉ាង​នោះ រាស្ត្រ​អញ​នឹង​មិន​ត្រូវ​មាន​សេចក្តី​ខ្មាស​ទៀត​ឡើយ។

28. ក្រោយ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស នោះ​កូន​ប្រុស​ស្រី​របស់​ឯង​នឹង​ទាយ ពួក​ចាស់ៗ​របស់​ឯង​នឹង​យល់‌សប្តិ​ឃើញ ហើយ​ពួក​កំឡោះៗ​របស់​ឯង​នឹង​ឃើញ​ការ​ជាក់​ស្តែង

29. នៅ​គ្រា​នោះ អញ​នឹង​ចាត់​វិញ្ញាណ​របស់​អញ ទៅ​លើ​ទាំង​ពួក​ទាសា​ទាសី​ដែរ

30. អញ​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​លើ​មេឃ ហើយ​នៅ​ផែនដី​ផង គឺ​ជា​ឈាម និង​ភ្លើង ហើយ​នឹង​កំសួល​ផ្សែង

31. ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត ហើយ​ព្រះ‌ចន្ទ​នឹង​ទៅ​ជា​ឈាម មុន​ដែល​ថ្ងៃ​ធំ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់

32. នោះ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សេចក្តី​សង្គ្រោះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ទុក​ហើយ​ក្នុង​ពួក​មនុស្ស​ដែល​សល់​នៅ នឹង​មាន​អ្នក​ខ្លះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ហៅ​ផង។