គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 2:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ពី​ព្រោះ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ក៏​ជិត​ដល់​ហើយ

2. គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក​ហើយ​ងងឹត​យ៉ាង​ក្រាស់ មាន​ជាតិ​១​ធំ ហើយ​ខ្លាំង​ពូកែ​មក ដូច​ជា​ពន្លឺ​នៅ​ពេល​បំព្រាង​លាត​ផ្សាយ​ទៅ​នៅ​លើ​ភ្នំ មិន​ដែល​មាន​ឲ្យ​ដូច​ឡើយ ហើយ​ក្រោយ​គេ​ត​ទៅ ក៏​មិន​ត្រូវ​មាន​យ៉ាង​នោះ​ដែរ ដរាប​ដល់​ច្រើន​ដំណ​មនុស្ស​ត​រៀង​ទៅ

3. មាន​ភ្លើង​ឆេះ​បន្សុស​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្តាត​ភ្លើង​ឆេះ​ដែរ នៅ​មុខ​គេ ផែនដី​ប្រៀប​ដូច​ជា​សួន‌ច្បារ​អេដែន តែ​ខាង​ក្រោយ​គេ នោះ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន​ដ៏​ស្ងាត់‌ច្រៀប​វិញ ឥត​មាន​អ្វី​រួច​ពី​គេ​ឡើយ។

4. ភាព​រូប​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ គេ​ក៏​រត់​ដូច​ជា​សេះ​ចំបាំង​ដែរ

5. គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចំបាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្តាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​តំរៀប​គ្នា​ប្រុង​ចូល​ច្បាំង

6. អស់​ទាំង​សាសន៍​មាន​សេចក្តី​បារម្ភ​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ក៏​ស្លេក‌ស្លាំង​ទៅ

7. គេ​រត់​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​ជា​មនុស្ស​ថ្នឹក​ច្បាំង គ្រប់​គ្នា​ដើរ​ត្រង់​ទៅ​ខាង​មុខ ឥត​មាន​ណា​រា​បែក​ឡើយ

8. ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រា‌វុធ​ឥត​រុញ‌រា‌ថយ​ក្រោយ​ឡើយ

9. គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូច‌ជា​ចោរ

10. ផែនដី​ក៏​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ក៏​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​លែង​ភ្លឺ​ទៅ

11. ព្រះ‌យេហូវ៉ា ទ្រង់​បញ្ចេញ​ព្រះ‌សូរ‌សៀង នៅ​មុខ​ពល​ទ័ព​របស់​ទ្រង់ ដ្បិត​ទី​បោះ​ទ័ព​របស់​ទ្រង់​ធំ​ណាស់ ពី​ព្រោះ​អ្នក​ដែល​ធ្វើ​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់ នោះ​មាន​កំឡាំង​ខ្លាំង ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធំ​ក្រៃលែង ហើយ​គួរ​ស្ញែង​ខ្លាច​ណាស់ តើ​អ្នក​ណា​អាច​នឹង​ធន់​នៅ​បាន។

សូមអានជំពូកពេញលេញ យ៉ូអែល 2