គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 17:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. មាន​១០​ចំណែក​ដែល​ត្រូវ​បាន​ដល់​ពួក​ម៉ាន៉ាសេ ក្រៅ​ពី​ស្រុក​កាឡាត និង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

6. ពី​ព្រោះ​កូន​ចៅ​ស្រី​របស់​ម៉ាន៉ាសេ​នោះ បាន​ទទួល​មរដក​នៅ​កណ្តាល​ពួក​កូន​ចៅ​ប្រុសៗ​ដែរ ហើយ​ស្រុក​កាឡាត​បាន​ចែក​ដល់​ពួក​កូន​ចៅ​ប្រុស​របស់​ម៉ាន៉ាសេ​ឯ​ទៀត​នោះ​ហើយ។

7. ឯ​ព្រំ‌ដែន​របស់​ម៉ាន៉ាសេ នោះ​ចាប់​តាំង​ពី​អេស៊ើរ​ទៅ​ដល់​មីក‌មេថា ដែល​នៅ​ប្រទល់​មុខ​ក្រុង​ស៊ីគែម រួច​បណ្តោយ​ទៅ​ខាង​ស្តាំ រហូត​ដល់​ពួក​អ្នក​នៅ​ស្រុក​អេន-តាពួរ

8. ស្រុក​តាពួរ​នោះ​ជា​របស់​ផង​ពួក​ម៉ាន៉ាសេ តែ​ក្រុង​តាពួរ ដែល​នៅ​ព្រំ​ស្រុក​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​កូន​ចៅ​អេប្រា‌អិម​វិញ

9. ព្រំ​នោះ​ក៏​ចុះ​ទៅ​ដល់​ស្ទឹង​ខាណា រួច​ទៅ​តាម​ខាង​ត្បូង​ស្ទឹង​នោះ ទី​ក្រុង​ទាំង​នោះ​ដែល​នៅ​ក្នុង​ព្រំ​របស់​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​អេប្រា‌អិម តែ​ព្រំ​ស្រុក​ម៉ាន៉ាសេ គឺ​នៅ​ខាង​ជើង​ស្ទឹង​នោះ​វិញ រួច​ក៏​ចុះ​ទៅ​ផុត​ត្រឹម​សមុទ្រ

10. ឯ​ស្រុក​ខាង​ត្បូង ជា​របស់​ផង​អេប្រា‌អិម ហើយ​ខាង​ជើង​ជា​របស់​ផង​ម៉ាន៉ាសេ មាន​សមុទ្រ​ជា​ខាង​ចុង​ស្រុក ស្រុក​គេ​ក៏​រហូត​ដល់​អេស៊ើរ​ខាង​ជើង ហើយ​រហូត​ដល់​អ៊ីសាខារ​ខាង​កើត

11. ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និង​តំបន់​ជុំវិញ ក្រុង​យីបលាម និង​តំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក និង​តំបន់​ជុំវិញ និង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​តំបន់​ជុំវិញ គឺ​អស់​៣​ស្រុក

12. ប៉ុន្តែ ពួក​កូន​ចៅ​ម៉ាន៉ាសេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ទី​ក្រុង​ទាំង​នោះ​ចេញ​បាន​ទេ គឺ​គេ​ផ្តាច់​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ

13. តែ​កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​មាន​កំឡាំង​ឡើង នោះ​ក៏​បង្ខំ​ឲ្យ​ពួក​សាសន៍​កាណាន​នោះ​ធ្វើ​ការ​បំរើ​ខ្លួន ឥត​បាន​បណ្តេញ​គេ​អស់​រលីង​ទេ។

14. ពួក​កូន​ចៅ​យ៉ូសែប​ក៏​សួរ​យ៉ូស្វេ​ថា ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​យើង​ខ្ញុំ​ចាប់​ឆ្នោត មាន​ចំណែក​តែ​១ ទុក​ជា​មរដក​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ជា​ពួក​ធំ​ណាស់​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ តាំង​ពី​ដើម​រៀង​មក

15. រួច​យ៉ូស្វេ​ឆ្លើយ​តប​ថា បើ​ឯង​ជា​ពួក​ធំ​មែន ហើយ​បើ​ស្រុក​ភ្នំ​អេប្រា‌អិម​នោះ​ចង្អៀត​ពេក​ដល់​ឯង នោះ​ចូរ​ឡើង​ទៅ​ឯ​ព្រៃ​របស់​សាសន៍​ពេរិស៊ីត និង​សាសន៍​រេផែម កាប់‌ឆ្កា​កន្លែង​សំរាប់​ឯង​ចុះ

សូមអានជំពូកពេញលេញ យ៉ូស្វេ 17