ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាន៉ាសេ​ខាង​លិច

1. នេះ​ជា​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​យ៉ូសែប ឯ​ម៉ាគារ ជា​កូន​ច្បង​របស់​ម៉ាន៉ាសេ ហើយ​ជា​ឪពុក​របស់​កាឡាត គាត់​បាន​ស្រុក​កាឡាត និង​ស្រុក​បាសាន ដោយ​ព្រោះ​គាត់​ជា​អ្នក​ថ្នឹក​ច្បាំង

2. រីឯ​ចំណែក​ដែល​បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ឯ​ទៀត តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ចែក​ឲ្យ​ពួក​កូន​ចៅ​អ័បៀ‌ស៊ើរ ពួក​កូន​ចៅ​ហេលេក ពួក​កូន​ចៅ​អាសរាល ពួក​កូន​ចៅ​ស៊ីគែម ពួក​កូន​ចៅ​ហេភើរ និង​ពួក​កូន​ចៅ​សេមីដា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​ប្រុសៗ​របស់​ម៉ាន៉ាសេ ដែល​ជា​កូន​យ៉ូសែប តាម​ជំនួរ​វង្ស

3. ឯ​ស្លូផិហាត ជា​កូន​ហេភើរ ដែល​ហេភើរ​ជា​កូន​កាឡាតៗ ជា​កូន​ម៉ាគារ ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​ទាំង​អស់ ឈ្មោះ​របស់​កូន​ស្រី​ទាំង​ប៉ុន្មាន​នោះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១

4. នាង​ទាំង​នោះ​ក៏​មក​ឯ​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​អ្នក​ជា​កំពូល​ទាំង​ប៉ុន្មាន​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ឲ្យ​ចែក​មរដក​មក​យើង​ខ្ញុំ នៅ​កណ្តាល​ពួក​បង​ប្អូន​យើង​ខ្ញុំ​ដែរ ដូច្នេះ​លោក​ក៏​ចែក​មរដក​ឲ្យ​គេ គឺ​នៅ​កណ្តាល​ពួក​បង​ប្អូន​ឪពុក​គេ តាម​បង្គាប់​ព្រះ‌យេហូវ៉ា

5. មាន​១០​ចំណែក​ដែល​ត្រូវ​បាន​ដល់​ពួក​ម៉ាន៉ាសេ ក្រៅ​ពី​ស្រុក​កាឡាត និង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

6. ពី​ព្រោះ​កូន​ចៅ​ស្រី​របស់​ម៉ាន៉ាសេ​នោះ បាន​ទទួល​មរដក​នៅ​កណ្តាល​ពួក​កូន​ចៅ​ប្រុសៗ​ដែរ ហើយ​ស្រុក​កាឡាត​បាន​ចែក​ដល់​ពួក​កូន​ចៅ​ប្រុស​របស់​ម៉ាន៉ាសេ​ឯ​ទៀត​នោះ​ហើយ។

7. ឯ​ព្រំ‌ដែន​របស់​ម៉ាន៉ាសេ នោះ​ចាប់​តាំង​ពី​អេស៊ើរ​ទៅ​ដល់​មីក‌មេថា ដែល​នៅ​ប្រទល់​មុខ​ក្រុង​ស៊ីគែម រួច​បណ្តោយ​ទៅ​ខាង​ស្តាំ រហូត​ដល់​ពួក​អ្នក​នៅ​ស្រុក​អេន-តាពួរ

8. ស្រុក​តាពួរ​នោះ​ជា​របស់​ផង​ពួក​ម៉ាន៉ាសេ តែ​ក្រុង​តាពួរ ដែល​នៅ​ព្រំ​ស្រុក​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​កូន​ចៅ​អេប្រា‌អិម​វិញ

9. ព្រំ​នោះ​ក៏​ចុះ​ទៅ​ដល់​ស្ទឹង​ខាណា រួច​ទៅ​តាម​ខាង​ត្បូង​ស្ទឹង​នោះ ទី​ក្រុង​ទាំង​នោះ​ដែល​នៅ​ក្នុង​ព្រំ​របស់​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​អេប្រា‌អិម តែ​ព្រំ​ស្រុក​ម៉ាន៉ាសេ គឺ​នៅ​ខាង​ជើង​ស្ទឹង​នោះ​វិញ រួច​ក៏​ចុះ​ទៅ​ផុត​ត្រឹម​សមុទ្រ

10. ឯ​ស្រុក​ខាង​ត្បូង ជា​របស់​ផង​អេប្រា‌អិម ហើយ​ខាង​ជើង​ជា​របស់​ផង​ម៉ាន៉ាសេ មាន​សមុទ្រ​ជា​ខាង​ចុង​ស្រុក ស្រុក​គេ​ក៏​រហូត​ដល់​អេស៊ើរ​ខាង​ជើង ហើយ​រហូត​ដល់​អ៊ីសាខារ​ខាង​កើត

11. ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និង​តំបន់​ជុំវិញ ក្រុង​យីបលាម និង​តំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក និង​តំបន់​ជុំវិញ និង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​តំបន់​ជុំវិញ គឺ​អស់​៣​ស្រុក

12. ប៉ុន្តែ ពួក​កូន​ចៅ​ម៉ាន៉ាសេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ទី​ក្រុង​ទាំង​នោះ​ចេញ​បាន​ទេ គឺ​គេ​ផ្តាច់​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ

13. តែ​កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​មាន​កំឡាំង​ឡើង នោះ​ក៏​បង្ខំ​ឲ្យ​ពួក​សាសន៍​កាណាន​នោះ​ធ្វើ​ការ​បំរើ​ខ្លួន ឥត​បាន​បណ្តេញ​គេ​អស់​រលីង​ទេ។

កុល‌សម្ព័ន្ធ​អេប្រា‌អិម និង​ម៉ាន៉ាសេ​ខាង​លិច ទាម‌ទារ​ទឹក​ដី​ថែម​ទៀត

14. ពួក​កូន​ចៅ​យ៉ូសែប​ក៏​សួរ​យ៉ូស្វេ​ថា ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​យើង​ខ្ញុំ​ចាប់​ឆ្នោត មាន​ចំណែក​តែ​១ ទុក​ជា​មរដក​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ជា​ពួក​ធំ​ណាស់​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ តាំង​ពី​ដើម​រៀង​មក

15. រួច​យ៉ូស្វេ​ឆ្លើយ​តប​ថា បើ​ឯង​ជា​ពួក​ធំ​មែន ហើយ​បើ​ស្រុក​ភ្នំ​អេប្រា‌អិម​នោះ​ចង្អៀត​ពេក​ដល់​ឯង នោះ​ចូរ​ឡើង​ទៅ​ឯ​ព្រៃ​របស់​សាសន៍​ពេរិស៊ីត និង​សាសន៍​រេផែម កាប់‌ឆ្កា​កន្លែង​សំរាប់​ឯង​ចុះ

16. តែ​ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា ស្រុក​ភ្នំ​នេះ​មិន​គ្រាន់​ឲ្យ​យើង​ខ្ញុំ​នៅ​ទេ​មែន ប៉ុន្តែ​ពួក​សាសន៍​កាណាន​ទាំង​អស់​ដែល​នៅ​ស្រុក​វាល គេ​មាន​សុទ្ធ​តែ​រទេះ​ដែរ ទោះ​ទាំង​ពួក​ដែល​នៅ​ក្រុង​បេត-សៀន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ និង​ពួក​ដែល​នៅ​វាល​ច្រក​ភ្នំ​យេស‌រាល​ផង

17. នោះ​យ៉ូស្វេ​ក៏​និយាយ​ទៅ​ពួក​វង្ស​យ៉ូសែប គឺ​នឹង​ពួក​អេប្រា‌អិម ហើយ​នឹង​ពួក​ម៉ាន៉ាសេ​ថា ឯង​ជា​ពួក​ធំ​ពិត ហើយ​ក៏​មាន​កំឡាំង​សន្ធឹក​ណាស់​ដែរ មិន​ត្រូវ​ឲ្យ​ឯង​មាន​ចំណែក​តែ​១​ដូច្នេះ​ទេ

18. ប៉ុន្តែ​ស្រុក​ភ្នំ​នោះ​ជា​របស់​ផង​ឯង​ហើយ ទោះ​បើ​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ គង់​តែ​ឯង​នឹង​កាប់‌ឆ្កា​បាន ហើយ​ឯង​នឹង​បាន​ផល​ទាំង​ប៉ុន្មាន​ពី​ព្រៃ​នោះ​ផង ដ្បិត​ទោះ​បើ​ពួក​សាសន៍​កាណាន​មាន​រទេះ​ដែក និង​កំឡាំង​ក៏​ដោយ គង់​តែ​ឯង​នឹង​អាច​បណ្តេញ​គេ​ចេញ​បាន។