គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 17:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឯ​ស្រុក​ខាង​ត្បូង ជា​របស់​ផង​អេប្រា‌អិម ហើយ​ខាង​ជើង​ជា​របស់​ផង​ម៉ាន៉ាសេ មាន​សមុទ្រ​ជា​ខាង​ចុង​ស្រុក ស្រុក​គេ​ក៏​រហូត​ដល់​អេស៊ើរ​ខាង​ជើង ហើយ​រហូត​ដល់​អ៊ីសាខារ​ខាង​កើត

11. ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និង​តំបន់​ជុំវិញ ក្រុង​យីបលាម និង​តំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក និង​តំបន់​ជុំវិញ និង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​តំបន់​ជុំវិញ គឺ​អស់​៣​ស្រុក

12. ប៉ុន្តែ ពួក​កូន​ចៅ​ម៉ាន៉ាសេ​ពុំ​អាច​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ទី​ក្រុង​ទាំង​នោះ​ចេញ​បាន​ទេ គឺ​គេ​ផ្តាច់​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ

13. តែ​កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​មាន​កំឡាំង​ឡើង នោះ​ក៏​បង្ខំ​ឲ្យ​ពួក​សាសន៍​កាណាន​នោះ​ធ្វើ​ការ​បំរើ​ខ្លួន ឥត​បាន​បណ្តេញ​គេ​អស់​រលីង​ទេ។

14. ពួក​កូន​ចៅ​យ៉ូសែប​ក៏​សួរ​យ៉ូស្វេ​ថា ហេតុ​អ្វី​បាន​ជា​លោក​ឲ្យ​យើង​ខ្ញុំ​ចាប់​ឆ្នោត មាន​ចំណែក​តែ​១ ទុក​ជា​មរដក​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ជា​ពួក​ធំ​ណាស់​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ តាំង​ពី​ដើម​រៀង​មក

15. រួច​យ៉ូស្វេ​ឆ្លើយ​តប​ថា បើ​ឯង​ជា​ពួក​ធំ​មែន ហើយ​បើ​ស្រុក​ភ្នំ​អេប្រា‌អិម​នោះ​ចង្អៀត​ពេក​ដល់​ឯង នោះ​ចូរ​ឡើង​ទៅ​ឯ​ព្រៃ​របស់​សាសន៍​ពេរិស៊ីត និង​សាសន៍​រេផែម កាប់‌ឆ្កា​កន្លែង​សំរាប់​ឯង​ចុះ

16. តែ​ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា ស្រុក​ភ្នំ​នេះ​មិន​គ្រាន់​ឲ្យ​យើង​ខ្ញុំ​នៅ​ទេ​មែន ប៉ុន្តែ​ពួក​សាសន៍​កាណាន​ទាំង​អស់​ដែល​នៅ​ស្រុក​វាល គេ​មាន​សុទ្ធ​តែ​រទេះ​ដែរ ទោះ​ទាំង​ពួក​ដែល​នៅ​ក្រុង​បេត-សៀន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ និង​ពួក​ដែល​នៅ​វាល​ច្រក​ភ្នំ​យេស‌រាល​ផង

17. នោះ​យ៉ូស្វេ​ក៏​និយាយ​ទៅ​ពួក​វង្ស​យ៉ូសែប គឺ​នឹង​ពួក​អេប្រា‌អិម ហើយ​នឹង​ពួក​ម៉ាន៉ាសេ​ថា ឯង​ជា​ពួក​ធំ​ពិត ហើយ​ក៏​មាន​កំឡាំង​សន្ធឹក​ណាស់​ដែរ មិន​ត្រូវ​ឲ្យ​ឯង​មាន​ចំណែក​តែ​១​ដូច្នេះ​ទេ

18. ប៉ុន្តែ​ស្រុក​ភ្នំ​នោះ​ជា​របស់​ផង​ឯង​ហើយ ទោះ​បើ​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ គង់​តែ​ឯង​នឹង​កាប់‌ឆ្កា​បាន ហើយ​ឯង​នឹង​បាន​ផល​ទាំង​ប៉ុន្មាន​ពី​ព្រៃ​នោះ​ផង ដ្បិត​ទោះ​បើ​ពួក​សាសន៍​កាណាន​មាន​រទេះ​ដែក និង​កំឡាំង​ក៏​ដោយ គង់​តែ​ឯង​នឹង​អាច​បណ្តេញ​គេ​ចេញ​បាន។

សូមអានជំពូកពេញលេញ យ៉ូស្វេ 17