គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10:8-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នឹង​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​គេ អាច​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ

9. យ៉ូស្វេ​ក៏​ឡើង​ពី​គីល‌កាល​ទៅ​អស់​១​យប់ ស្រាប់​តែ​មក​ដល់​ភ្លាម​ក្នុង​ពេល​ដែល​គេ​មិន​ដឹង​ខ្លួន

10. ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​ទ័ព​គេ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​លោក​បាន​សំឡាប់​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ក៏​ដេញ​គេ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា ហើយ​ដល់​ម៉ាកេដា​ផង

11. កំពុង​ដែល​គេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទំលាក់​ព្រិល​ជា​ដុំ​យ៉ាង​ធំៗ ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់ ឯ​ពួក​អ្នក​ដែល​ស្លាប់​នឹង​ព្រិល នោះ​មាន​គ្នា​ច្រើន​ជាង​អស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សំឡាប់​ដោយ​ដាវ​ទៅ​ទៀត។

12. រីឯ​នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​នោះ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​យ៉ូស្វេ​លោក​ទូល​ទៅ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង​នៅ​ពី​លើ​ក្រុង​គីបៀន​ចុះ ហើយ​ខែ​ក៏​ដែរ ចូរ​ទ្រឹង​នៅ​ត្រង់​ច្រក​ភ្នំ​អាយ៉ា‌ឡូន​ចុះ

13. នោះ​ថ្ងៃ​ក៏​ឈប់​ទ្រឹង ហើយ​ខែ​ក៏​នឹង​នៅ​ទាល់​តែ​ពួក​គេ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ហើយ ការ​នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ​ហើយ ថ្ងៃ​ក៏​ឈប់​នឹង​នៅ​កណ្តាល​មេឃ ហើយ​មិន​បាន​ចុះ ដោយ​ឆាប់​រហ័ស​អស់​ពេញ​១​ថ្ងៃ

14. មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ ទោះ​មុខ​ឬ​ក្រោយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម​មនុស្ស​ដូច្នេះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រា‌អែល

15. រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ឯ​ទី​ដំឡើង​ត្រសាល​នៅ​គីល‌កាល​វិញ។

16. ឯ​ស្តេច​ទាំង​៥​នោះ ក៏​រត់​ទៅ​ពួន​ក្នុង​រអាង​ថ្ម​នៅ​ម៉ាកេដា

17. ហើយ​មាន​គេ​មក​ជំរាប​យ៉ូស្វេ​ថា បាន​ឃើញ​ស្តេច​ទាំង​៥​នោះ ពួន​នៅ​ក្នុង​រអាង​ថ្ម​ត្រង់​ម៉ាកេដា

18. រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​ប្រមៀល​ថ្ម​យ៉ាង​ធំ​ទៅ​សន្ធប់​មាត់​រអាង​ទៅ ហើយ​ដាក់​មនុស្ស​ឲ្យ​ចាំ​យាម​ទៅ​ទី​នោះ​ចុះ

19. តែ​កុំ​ឲ្យ​ឯង​រាល់​គ្នា​បង្អង់​ឈប់​ឡើយ ឲ្យ​ចេះ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ទៅ ត្រូវ​ឲ្យ​វាយ​ពួក​គេ​ដែល​នៅ​ខាង​ក្រោយ កុំ​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​គេ​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

20. លុះ​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​សំឡាប់​គេ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ទាល់​តែ​គេ​បាន​វិនាស​អស់​រលីង​ទៅ ហើយ​ពួក​គេ​ដែល​សល់​នៅ បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​រួច​ហើយ

21. នោះ​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ត្រឡប់​វិល​មក​ឯ​យ៉ូស្វេ​វិញ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​ម៉ាកេដា ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បាន​ហើប​មាត់ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​មួយ​សោះ។

22. រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​បើក​មាត់​រអាង​ចុះ ហើយ​នាំ​ស្តេច​ទាំង​៥​នោះ​ចេញ​មក​ឯ​អញ

23. គេ​ក៏​នាំ​ស្តេច​ទាំង​៥​នោះ ចេញ​ពី​រអាង​មក​ឯ​លោក គឺ​ជា​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ និង​ស្តេច​ក្រុង​អេក្លុន​១

24. កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​មក​ដល់​យ៉ូស្វេ​ហើយ នោះ​យ៉ូស្វេ​ក៏​ហៅ​ប្រជុំ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក រួច​បង្គាប់​ដល់​ពួក​មេ‌ទ័ព ដែល​បាន​ទៅ​ជា​មួយ​នឹង​លោក​ថា ចូរ​អ្នក​រាល់​គ្នា​មក​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ ដូច្នេះ​គេ​ក៏​មក​ជាន់​ក​ស្តេច​ទាំង​នោះ

25. ហើយ​យ៉ូស្វេ​ប្រាប់​គេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ត្រូវ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​យ៉ាង​នេះ ដល់​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​ឯង​ត្រូវ​ត​តាំង​នឹង​គេ​ដែរ

26. ក្រោយ​មក​យ៉ូស្វេ​ក៏​វាយ​សំឡាប់​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​៥​ដើម ទាល់​តែ​ដល់​ថ្ងៃ​ល្ងាច

27. លុះ​ដល់​ពេល​ថ្ងៃ​ហៀប​លិច​ហើយ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ទាំង​នោះ ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​ក្នុង​រអាង​ដែល​បាន​ពួន​នោះ រួច​គេ​ដាក់​ថ្ម​យ៉ាង​ធំ​សន្ធប់​នៅ​មាត់​រអាង នៅ​រហូត​មក​ដល់​ថ្ងៃ​នេះ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 10