ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ជ័យ‌ជំនះ​លើ​ស្តេច​របស់​សាសន៍​អាម៉ូរី

1. រីឯ​អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម កាល​ឮ​ថា យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​រលីង គឺ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​គេ​ដែរ ហើយ​ថា ពួក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​សាសន៍​អ៊ីស្រា‌អែល ក៏​នៅ​ជា​មួយ​គ្នា​ផង

2. នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ដ្បិត​ក្រុង​គីបៀន​នោះ​ជា​ក្រុង​ធំ ដូច​ជា​ក្រុង​របស់​ស្តេច​ណា​មួយ​ដែរ ក៏​ធំ​ជាង​ក្រុង​អៃយ​ទៅ​ទៀត ហើយ​ពួក​មនុស្ស​នៅ​ក្រុង​នោះ សុទ្ធ​តែ​ខ្លាំង​ពូកែ​ផង

3. ដូច្នេះ អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ហូហាំ ជា​ស្តេច​នៃ​ក្រុង​ហេប្រុន និង​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមុត យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា

4. សូម​ឡើង​មក​ជួយ​ខ្ញុំ​ផង យើង​រាល់​គ្នា​នឹង​វាយ​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​នឹង​យ៉ូស្វេ ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ

5. ដូច្នេះ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​៥​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ និង​ស្តេច​ក្រុង​អេក្លុន​១ ក៏​ប្រមូល​គ្នា​នាំ​ទាំង​ពួក​ពល‌ទ័ព​គេ​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​គីបៀន។

6. នោះ​ពួក​ក្រុង​គីបៀន​ក៏​ចាត់​គេ​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​គីល‌កាល ជំរាប​ថា សូម​កុំ​បង្អង់​ដល់​ពួក​អ្នក​បំរើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ដើម្បី​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​សាសន៍​អាម៉ូរី​ទាំង​អស់ ដែល​នៅ​ស្រុក​ភ្នំ គេ​បាន​ប្រមូល​គ្នា​មក​ទាស់​នឹង​យើង​ខ្ញុំ​ហើយ

7. ដូច្នេះ យ៉ូស្វេ​ក៏​ចេញ​ពី​គីល‌កាល​ឡើង​ទៅ មាន​ទាំង​ពួក​អ្នក​ថ្នឹក​ច្បាំង និង​ពួក​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ ទៅ​ជា​មួយ​ផង

8. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នឹង​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​គេ អាច​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ

9. យ៉ូស្វេ​ក៏​ឡើង​ពី​គីល‌កាល​ទៅ​អស់​១​យប់ ស្រាប់​តែ​មក​ដល់​ភ្លាម​ក្នុង​ពេល​ដែល​គេ​មិន​ដឹង​ខ្លួន

10. ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​ទ័ព​គេ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​លោក​បាន​សំឡាប់​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ក៏​ដេញ​គេ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា ហើយ​ដល់​ម៉ាកេដា​ផង

11. កំពុង​ដែល​គេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទំលាក់​ព្រិល​ជា​ដុំ​យ៉ាង​ធំៗ ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់ ឯ​ពួក​អ្នក​ដែល​ស្លាប់​នឹង​ព្រិល នោះ​មាន​គ្នា​ច្រើន​ជាង​អស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សំឡាប់​ដោយ​ដាវ​ទៅ​ទៀត។

12. រីឯ​នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​នោះ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​យ៉ូស្វេ​លោក​ទូល​ទៅ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង​នៅ​ពី​លើ​ក្រុង​គីបៀន​ចុះ ហើយ​ខែ​ក៏​ដែរ ចូរ​ទ្រឹង​នៅ​ត្រង់​ច្រក​ភ្នំ​អាយ៉ា‌ឡូន​ចុះ

13. នោះ​ថ្ងៃ​ក៏​ឈប់​ទ្រឹង ហើយ​ខែ​ក៏​នឹង​នៅ​ទាល់​តែ​ពួក​គេ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ហើយ ការ​នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ​ហើយ ថ្ងៃ​ក៏​ឈប់​នឹង​នៅ​កណ្តាល​មេឃ ហើយ​មិន​បាន​ចុះ ដោយ​ឆាប់​រហ័ស​អស់​ពេញ​១​ថ្ងៃ

14. មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ ទោះ​មុខ​ឬ​ក្រោយ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម​មនុស្ស​ដូច្នេះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ច្បាំង​ជំនួស​សាសន៍​អ៊ីស្រា‌អែល

15. រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ឯ​ទី​ដំឡើង​ត្រសាល​នៅ​គីល‌កាល​វិញ។

យ៉ូស្វេ​ចាប់​បាន​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប្រាំ​អង្គ

16. ឯ​ស្តេច​ទាំង​៥​នោះ ក៏​រត់​ទៅ​ពួន​ក្នុង​រអាង​ថ្ម​នៅ​ម៉ាកេដា

17. ហើយ​មាន​គេ​មក​ជំរាប​យ៉ូស្វេ​ថា បាន​ឃើញ​ស្តេច​ទាំង​៥​នោះ ពួន​នៅ​ក្នុង​រអាង​ថ្ម​ត្រង់​ម៉ាកេដា

18. រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​ប្រមៀល​ថ្ម​យ៉ាង​ធំ​ទៅ​សន្ធប់​មាត់​រអាង​ទៅ ហើយ​ដាក់​មនុស្ស​ឲ្យ​ចាំ​យាម​ទៅ​ទី​នោះ​ចុះ

19. តែ​កុំ​ឲ្យ​ឯង​រាល់​គ្នា​បង្អង់​ឈប់​ឡើយ ឲ្យ​ចេះ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ទៅ ត្រូវ​ឲ្យ​វាយ​ពួក​គេ​ដែល​នៅ​ខាង​ក្រោយ កុំ​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​គេ​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

20. លុះ​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​សំឡាប់​គេ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ទាល់​តែ​គេ​បាន​វិនាស​អស់​រលីង​ទៅ ហើយ​ពួក​គេ​ដែល​សល់​នៅ បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​រួច​ហើយ

21. នោះ​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ត្រឡប់​វិល​មក​ឯ​យ៉ូស្វេ​វិញ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​ម៉ាកេដា ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បាន​ហើប​មាត់ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​មួយ​សោះ។

22. រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​បើក​មាត់​រអាង​ចុះ ហើយ​នាំ​ស្តេច​ទាំង​៥​នោះ​ចេញ​មក​ឯ​អញ

23. គេ​ក៏​នាំ​ស្តេច​ទាំង​៥​នោះ ចេញ​ពី​រអាង​មក​ឯ​លោក គឺ​ជា​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ និង​ស្តេច​ក្រុង​អេក្លុន​១

24. កាល​គេ​បាន​នាំ​ស្តេច​ទាំង​នោះ​ចេញ​មក​ដល់​យ៉ូស្វេ​ហើយ នោះ​យ៉ូស្វេ​ក៏​ហៅ​ប្រជុំ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក រួច​បង្គាប់​ដល់​ពួក​មេ‌ទ័ព ដែល​បាន​ទៅ​ជា​មួយ​នឹង​លោក​ថា ចូរ​អ្នក​រាល់​គ្នា​មក​ជាន់​ក​ស្តេច​ទាំង​នេះ​ទៅ ដូច្នេះ​គេ​ក៏​មក​ជាន់​ក​ស្តេច​ទាំង​នោះ

25. ហើយ​យ៉ូស្វេ​ប្រាប់​គេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ត្រូវ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​យ៉ាង​នេះ ដល់​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​ឯង​ត្រូវ​ត​តាំង​នឹង​គេ​ដែរ

26. ក្រោយ​មក​យ៉ូស្វេ​ក៏​វាយ​សំឡាប់​ស្តេច​ទាំង​នោះ រួច​ព្យួរ​នៅ​ដើម​ឈើ​៥​ដើម ទាល់​តែ​ដល់​ថ្ងៃ​ល្ងាច

27. លុះ​ដល់​ពេល​ថ្ងៃ​ហៀប​លិច​ហើយ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ទាំង​នោះ ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​ក្នុង​រអាង​ដែល​បាន​ពួន​នោះ រួច​គេ​ដាក់​ថ្ម​យ៉ាង​ធំ​សន្ធប់​នៅ​មាត់​រអាង នៅ​រហូត​មក​ដល់​ថ្ងៃ​នេះ។

យ៉ូស្វេ​ដណ្តើម​យក​ក្រុង​នានា​នៅ​ទិស​ខាង​ត្បូង

28. នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​ក៏​ចាប់​យក​ក្រុង​ម៉ាកេដា ហើយ​កាប់​សំឡាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច​គេ​ផង លោក​បាន​បំផ្លាញ​គេ និង​អស់​អ្នក ដែល​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​ម៉ាកេដា​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។

29. រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា​ទៅ​ដល់​លិបណា ច្បាំង​នឹង​ក្រុង​នោះ

30. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​នោះ និង​ស្តេច​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រា‌អែល​ដែរ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​អស់ ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។

31. លំដាប់​នោះ យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​លិបណា​ទៅ​ដល់​ឡាគីស បោះ​ទ័ព​ទាស់​នឹង​ក្រុង​នោះ ហើយ​ច្បាំង​នឹង​គេ

32. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​ឡាគីស មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រា‌អែល​ដែរ ហើយ​លោក​ចាប់​យក​បាន​នៅ​ថ្ងៃ​ទី​២ រួច​កាប់​គេ​ដោយ​មុខ​ដាវ គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​ប៉ុន្មាន តាម​គ្រប់​ទាំង​ការ ដែល​បាន​ធ្វើ​ដល់​ក្រុង​លិបណា

33. នោះ​ហោរ៉ាម ជា​ស្តេច​ក្រុង​កេស៊ើរ ក៏​ឡើង​មក​ជួយ​ក្រុង​ឡាគីស​តែ​យ៉ូស្វេ​លោក​វាយ​ស្តេច​នោះ និង​ពួក​រាស្ត្រ​ទ្រង់​ទាំង​អស់​ទៅ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ។

34. រួច​មក យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​ដល់​អេក្លុន បោះ​ទ័ព​ទាស់​នឹង​ក្រុង​នោះ ហើយ​ច្បាំង​នឹង​គេ

35. ក៏​ចាប់​យក​បាន​នៅ​ថ្ងៃ​នោះ​ឯង រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​ក្រុង​នោះ​អស់​រលីង​ក្នុង​ថ្ងៃ​នោះ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​ឡាគីស​ដែរ។

36. ត​មក យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​អេក្លុន​ឡើង​ទៅ​ដល់​ហេប្រុន ច្បាំង​នឹង​គេ​ទៀត

37. ហើយ​ចាប់​យក​ក្រុង​នោះ​បាន រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច និង​អស់​ទាំង​តំបន់​គេ ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​នោះ​ផង ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ តាម​គ្រប់​ទាំង​ការ ដែល​លោក​បាន​ធ្វើ​ដល់​ក្រុង​អេក្លុន​ដែរ លោក​បាន​បំផ្លាញ​ក្រុង​នោះ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​អស់​រលីង។

38. រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​បត់​ទៅ​ឯ​ក្រុង​ដេបៀរ ច្បាំង​នឹង​គេ​ទៀត

39. លោក​ចាប់​យក​ក្រុង​នោះ ព្រម​ទាំង​ស្តេច​គេ និង​តំបន់​គេ​ទាំង​ប៉ុន្មាន​បាន រួច​ក៏​កាប់​គេ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​អ្នក​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ក្រុង​ដេបៀរ ហើយ​នឹង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ដល់​ក្រុង​ហេប្រុន ហើយ​ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ក្រុង​លិបណា ព្រម​ទាំង​ស្តេច​គេ​ដែរ។

40. ដូច្នេះ​យ៉ូស្វេ​វាយ​ស្រុក​នោះ​ទាំង​អស់​បាន គឺ​ស្រុក​ភ្នំ ស្រុក​ត្បូង ស្រុក​ទំនាប ស្រុក​ជំរាល ព្រម​ទាំង​ស្តេច​គេ​ទាំង​ប៉ុន្មាន ឥត​មាន​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ គឺ​បាន​បំផ្លាញ​អស់​ទាំង​ទី​ក្រុង និង​គ្រប់​ទាំង​អស់​ដែល​មាន​ដង្ហើម​ឲ្យ​អស់​រលីង ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​មក

41. យ៉ូស្វេ​បាន​វាយ​គេ ចាប់​តាំង​ពី​កាដេស-បារនា រហូត​ដល់​ក្រុង​កាសា ព្រម​ទាំង​ស្រុក​កូសែន​ទាំង​អស់ រហូត​ដល់​គីបៀន​ដែរ

42. លោក​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ក្នុង​១​គ្រា​ចំបាំង​នោះ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​បាន​ច្បាំង​ជំនួស​អ៊ីស្រា‌អែល

43. រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ដល់​ទី​ដំឡើង​ត្រសាល នៅ​គីល‌កាល​វិញ។