39. លោកចាប់យកក្រុងនោះ ព្រមទាំងស្តេចគេ និងតំបន់គេទាំងប៉ុន្មានបាន រួចក៏កាប់គេដោយមុខដាវ ហើយបំផ្លាញពួកអ្នកនៅក្នុងក្រុងនោះអស់រលីង ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ លោកបានប្រព្រឹត្តនឹងក្រុងដេបៀរ ហើយនឹងស្តេចគេ ដូចជាបានប្រព្រឹត្តដល់ក្រុងហេប្រុន ហើយដូចជាបានប្រព្រឹត្តនឹងក្រុងលិបណា ព្រមទាំងស្តេចគេដែរ។
40. ដូច្នេះយ៉ូស្វេវាយស្រុកនោះទាំងអស់បាន គឺស្រុកភ្នំ ស្រុកត្បូង ស្រុកទំនាប ស្រុកជំរាល ព្រមទាំងស្តេចគេទាំងប៉ុន្មាន ឥតមានទុកឲ្យអ្នកណាមួយនៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើមឲ្យអស់រលីង ដូចជាព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានបង្គាប់មក
41. យ៉ូស្វេបានវាយគេ ចាប់តាំងពីកាដេស-បារនា រហូតដល់ក្រុងកាសា ព្រមទាំងស្រុកកូសែនទាំងអស់ រហូតដល់គីបៀនដែរ
42. លោកបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុង១គ្រាចំបាំងនោះ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានច្បាំងជំនួសអ៊ីស្រាអែល
43. រួចយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏ត្រឡប់វិលមកដល់ទីដំឡើងត្រសាល នៅគីលកាលវិញ។