គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10:28-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​ក៏​ចាប់​យក​ក្រុង​ម៉ាកេដា ហើយ​កាប់​សំឡាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​ស្តេច​គេ​ផង លោក​បាន​បំផ្លាញ​គេ និង​អស់​អ្នក ដែល​នៅ​ក្នុង​ក្រុង​នោះ​អស់​រលីង ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​ម៉ាកេដា​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។

29. រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ម៉ាកេដា​ទៅ​ដល់​លិបណា ច្បាំង​នឹង​ក្រុង​នោះ

30. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​នោះ និង​ស្តេច​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រា‌អែល​ដែរ ហើយ​លោក​កាប់​គេ​ដោយ​មុខ​ដាវ គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​អស់ ឥត​មាន​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ លោក​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​នោះ ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​ស្តេច​ក្រុង​យេរីខូរ​ដែរ។

31. លំដាប់​នោះ យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​លិបណា​ទៅ​ដល់​ឡាគីស បោះ​ទ័ព​ទាស់​នឹង​ក្រុង​នោះ ហើយ​ច្បាំង​នឹង​គេ

32. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​ក្រុង​ឡាគីស មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រា‌អែល​ដែរ ហើយ​លោក​ចាប់​យក​បាន​នៅ​ថ្ងៃ​ទី​២ រួច​កាប់​គេ​ដោយ​មុខ​ដាវ គឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ក្រុង​នោះ​ទាំង​ប៉ុន្មាន តាម​គ្រប់​ទាំង​ការ ដែល​បាន​ធ្វើ​ដល់​ក្រុង​លិបណា

33. នោះ​ហោរ៉ាម ជា​ស្តេច​ក្រុង​កេស៊ើរ ក៏​ឡើង​មក​ជួយ​ក្រុង​ឡាគីស​តែ​យ៉ូស្វេ​លោក​វាយ​ស្តេច​នោះ និង​ពួក​រាស្ត្រ​ទ្រង់​ទាំង​អស់​ទៅ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ។

34. រួច​មក យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​ឡាគីស​ទៅ​ដល់​អេក្លុន បោះ​ទ័ព​ទាស់​នឹង​ក្រុង​នោះ ហើយ​ច្បាំង​នឹង​គេ

35. ក៏​ចាប់​យក​បាន​នៅ​ថ្ងៃ​នោះ​ឯង រួច​កាប់​គេ​ដោយ​មុខ​ដាវ ព្រម​ទាំង​បំផ្លាញ​ពួក​អ្នក​ដែល​នៅ​ក្រុង​នោះ​អស់​រលីង​ក្នុង​ថ្ងៃ​នោះ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​ឡាគីស​ដែរ។

36. ត​មក យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ចេញ​ពី​ក្រុង​អេក្លុន​ឡើង​ទៅ​ដល់​ហេប្រុន ច្បាំង​នឹង​គេ​ទៀត

សូមអានជំពូកពេញលេញ យ៉ូស្វេ 10