គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម កាល​ឮ​ថា យ៉ូស្វេ​បាន​វាយ​យក​ក្រុង​អៃយ ព្រម​ទាំង​បំផ្លាញ​អស់​រលីង គឺ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃយ និង​ស្តេច​គេ ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូរ និង​ស្តេច​គេ​ដែរ ហើយ​ថា ពួក​ក្រុង​គីបៀន​បាន​ចង​ស្ពាន​មេត្រី​នឹង​ពួក​សាសន៍​អ៊ីស្រា‌អែល ក៏​នៅ​ជា​មួយ​គ្នា​ផង

2. នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង ដ្បិត​ក្រុង​គីបៀន​នោះ​ជា​ក្រុង​ធំ ដូច​ជា​ក្រុង​របស់​ស្តេច​ណា​មួយ​ដែរ ក៏​ធំ​ជាង​ក្រុង​អៃយ​ទៅ​ទៀត ហើយ​ពួក​មនុស្ស​នៅ​ក្រុង​នោះ សុទ្ធ​តែ​ខ្លាំង​ពូកែ​ផង

3. ដូច្នេះ អ័ដូនី-សេដិក ជា​ស្តេច​ក្រុង​យេរូ‌សាឡិម ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ហូហាំ ជា​ស្តេច​នៃ​ក្រុង​ហេប្រុន និង​ពារ៉ាម ជា​ស្តេច​ក្រុង​យ៉ារមុត យ៉ាភា ជា​ស្តេច​ក្រុង​ឡាគីស ហើយ​ដេបៀរ ជា​ស្តេច​ក្រុង​អេក្លុន​ថា

4. សូម​ឡើង​មក​ជួយ​ខ្ញុំ​ផង យើង​រាល់​គ្នា​នឹង​វាយ​គីបៀន ដ្បិត​គេ​បាន​ចង​ស្ពាន​មេត្រី​នឹង​យ៉ូស្វេ ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ

5. ដូច្នេះ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​៥​អង្គ គឺ​ស្តេច​ក្រុង​យេរូ‌សាឡិម​១ ស្តេច​ក្រុង​ហេប្រុន​១ ស្តេច​ក្រុង​យ៉ារមុត​១ ស្តេច​ក្រុង​ឡាគីស​១ និង​ស្តេច​ក្រុង​អេក្លុន​១ ក៏​ប្រមូល​គ្នា​នាំ​ទាំង​ពួក​ពល‌ទ័ព​គេ​ទាំង​អស់ ឡើង​ទៅ​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​គីបៀន។

6. នោះ​ពួក​ក្រុង​គីបៀន​ក៏​ចាត់​គេ​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​គីល‌កាល ជំរាប​ថា សូម​កុំ​បង្អង់​ដល់​ពួក​អ្នក​បំរើ​របស់​លោក​ឡើយ សូម​ឡើង​មក​ជា​ប្រញាប់ ដើម្បី​នឹង​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ពួក​សាសន៍​អាម៉ូរី​ទាំង​អស់ ដែល​នៅ​ស្រុក​ភ្នំ គេ​បាន​ប្រមូល​គ្នា​មក​ទាស់​នឹង​យើង​ខ្ញុំ​ហើយ

7. ដូច្នេះ យ៉ូស្វេ​ក៏​ចេញ​ពី​គីល‌កាល​ឡើង​ទៅ មាន​ទាំង​ពួក​អ្នក​ថ្នឹក​ច្បាំង និង​ពួក​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ ទៅ​ជា​មួយ​ផង

8. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នឹង​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​គេ អាច​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ

9. យ៉ូស្វេ​ក៏​ឡើង​ពី​គីល‌កាល​ទៅ​អស់​១​យប់ ស្រាប់​តែ​មក​ដល់​ភ្លាម​ក្នុង​ពេល​ដែល​គេ​មិន​ដឹង​ខ្លួន

10. ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​ទ័ព​គេ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​លោក​បាន​សំឡាប់​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ក៏​ដេញ​គេ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា ហើយ​ដល់​ម៉ាកេដា​ផង

11. កំពុង​ដែល​គេ​រត់​ពី​មុខ​សាសន៍​អ៊ីស្រា‌អែល នៅ​ត្រង់​ផ្លូវ​ដែល​ចុះ​ពី​បេត-ហូរ៉ុន​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ទំលាក់​ព្រិល​ជា​ដុំ​យ៉ាង​ធំៗ ពី​លើ​មេឃ​មក​លើ​គេ រហូត​ដល់​អាសេកា ឲ្យ​គេ​ត្រូវ​ស្លាប់ ឯ​ពួក​អ្នក​ដែល​ស្លាប់​នឹង​ព្រិល នោះ​មាន​គ្នា​ច្រើន​ជាង​អស់​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សំឡាប់​ដោយ​ដាវ​ទៅ​ទៀត។

សូមអានជំពូកពេញលេញ យ៉ូស្វេ 10