គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 40:12-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ចូរ​មើល​ទៅ​គ្រប់​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង​ដែល​គេ​ឈរ​តែ​ម្តង

13. ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី ហើយ​ចង់​គ្រលុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​នៃ​ផ្នូរ

14. នោះ​អញ​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។

15. មើល​ដំរី‌ទឹក ដែល​អញ​បាន​បង្កើត​មក ដូច​ឯង​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ

16. មើល កំឡាំង​វា​នៅ​ត្រង់​ចង្កេះ ហើយ​សេចក្តី​ប្រឹង‌ប្រែង​របស់​វា​នៅ​ត្រង់​សរសៃ​ពោះ

17. វា​បក់​កន្ទុយ ដូច​ជា​ដើម​តាត្រៅ ហើយ​អស់​ទាំង​សរសៃ​លោង​របស់​វា​ព័ន្ធ‌ពាក់​លើ​គ្នា

18. ឆ្អឹង​វា​ដូច​ជា​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចំរ៉ឹង​ដែក

19. វា​ជា​ការ​យ៉ាង​សំខាន់​របស់​ព្រះ ហើយ​ព្រះ​ដែល​បង្កើត​វា​ក៏​បាន​ប្រទាន​ឲ្យ​មាន​ចង្កូម

20. ឯ​អាហារ​វា ក៏​ដុះ​នៅ​លើ​ភ្នំ ជា​កន្លែង​ដែល​សត្វ​ព្រៃ​ទាំង‌ឡាយ​ប្រឡែង​គ្នា

21. វា​ដេក​នៅ​ក្រោម​ម្លប់​ឈើ ជា​ទី​កំបាំង​ក្នុង​ព្រៃ​កក់

22. ដើម​ឈើ​បាំង​ម្លប់​គ្រប​លើ​វា ហើយ​ដើម​ចាក​តាម​មាត់​ទឹក​ក៏​ព័ទ្ធ​វា​ជុំវិញ

23. មើល បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ

24. តើ​នឹង​ចាប់​បាន​ក្នុង​កាល​ដែល​កំពុង​នៅ​ភ្នែក​បើក ឬ​នឹង​ខ្លុះ​ច្រមុះ​វា​ដោយ​ដែក​ចោះ​បាន​ឬ​ទេ។

សូមអានជំពូកពេញលេញ យ៉ូប 40