ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ​ឆ្លើយ​នឹង​ប្រសាសន៍​របស់​លោក​យ៉ូប

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​យ៉ូប​ទៀត​ថា

2. ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​រាង‌ចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ។

3. នោះ​យ៉ូប​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា

4. មើល ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ

5. ទូល‌បង្គំ​បាន​និយាយ​ម្តង​ហើយ ឥឡូវ​មិន​ឆ្លើយ​ទៀត​ឡើយ អើ បាន​និយាយ​២​ដង​ផង តែ​លែង​ពោល​អ្វី​ទៀត​ហើយ។

6. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​ដល់​យ៉ូប​ថា

7. ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ ដ្បិត​អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ

8. តើ​ឯង​ចង់​រំលុប‌រំលាង​ទាំង​សេចក្តី​វិនិច្ឆ័យ​របស់​អញ​ផង​ឬ តើ​ឯង​នឹង​កាត់​ទោស​ដល់​អញ​ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ​អី

9. តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ តើ​ឯង​ចេះ​បញ្ចេញ​សំឡេង​ជា​ផ្គរ​ដូច​ជា​ទ្រង់​បាន​ឬ​ទេ។

10. ចូរ​ឯង​តែង​ខ្លួន ដោយ​សេចក្តី​រុងរឿង និង​សេចក្តី​ខ្ពង់‌ខ្ពស់​ឥឡូវ ចូរ​ប្រដាប់​ខ្លួន​ដោយ​កិត្តិយស និង​សិរី‌ល្អ​ចុះ

11. ចូរ​ឲ្យ​ឯង​កំចាយ​សេចក្តី​កំហឹង​ឯង ឲ្យ​សុស‌សាយ​ទៅ ហើយ​បង្ក្រាប​គ្រប់​ទាំង​មនុស្ស ដែល​មាន​ឫក​ខ្ពស់ ដោយ​១​ក្រឡេក​ភ្នែក​ចុះ

12. ចូរ​មើល​ទៅ​គ្រប់​ទាំង​មនុស្ស​ឆ្មើង‌ឆ្មៃ ហើយ​បន្ទាប​គេ ចូរ​ជាន់​ឈ្លី​ពួក​មនុស្ស​អាក្រក់​នៅ​កន្លែង​ដែល​គេ​ឈរ​តែ​ម្តង

13. ចូរ​កប់​គេ​ទាំង​អស់​គ្នា​នៅ​ក្នុង​ដី ហើយ​ចង់​គ្រលុំ​មុខ​គេ ទុក​ក្នុង​ទី​ងងឹត​នៃ​ផ្នូរ

14. នោះ​អញ​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។

15. មើល​ដំរី‌ទឹក ដែល​អញ​បាន​បង្កើត​មក ដូច​ឯង​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ

16. មើល កំឡាំង​វា​នៅ​ត្រង់​ចង្កេះ ហើយ​សេចក្តី​ប្រឹង‌ប្រែង​របស់​វា​នៅ​ត្រង់​សរសៃ​ពោះ

17. វា​បក់​កន្ទុយ ដូច​ជា​ដើម​តាត្រៅ ហើយ​អស់​ទាំង​សរសៃ​លោង​របស់​វា​ព័ន្ធ‌ពាក់​លើ​គ្នា

18. ឆ្អឹង​វា​ដូច​ជា​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចំរ៉ឹង​ដែក

19. វា​ជា​ការ​យ៉ាង​សំខាន់​របស់​ព្រះ ហើយ​ព្រះ​ដែល​បង្កើត​វា​ក៏​បាន​ប្រទាន​ឲ្យ​មាន​ចង្កូម

20. ឯ​អាហារ​វា ក៏​ដុះ​នៅ​លើ​ភ្នំ ជា​កន្លែង​ដែល​សត្វ​ព្រៃ​ទាំង‌ឡាយ​ប្រឡែង​គ្នា

21. វា​ដេក​នៅ​ក្រោម​ម្លប់​ឈើ ជា​ទី​កំបាំង​ក្នុង​ព្រៃ​កក់

22. ដើម​ឈើ​បាំង​ម្លប់​គ្រប​លើ​វា ហើយ​ដើម​ចាក​តាម​មាត់​ទឹក​ក៏​ព័ទ្ធ​វា​ជុំវិញ

23. មើល បើ​កាល​ណា​ទន្លេ​ជន់​ឡើង វា​មិន​ភ័យ​ទេ ទោះ​បើ​ទន្លេ​ដូច​យ៉ាង​ទន្លេ​យ័រដាន់​ឡើង​លិច​មាត់​ច្រាំង​ក៏​ដោយ គង់​តែ​វា​មាន​ចិត្ត​រឹង‌ត្អឹង​ដែរ

24. តើ​នឹង​ចាប់​បាន​ក្នុង​កាល​ដែល​កំពុង​នៅ​ភ្នែក​បើក ឬ​នឹង​ខ្លុះ​ច្រមុះ​វា​ដោយ​ដែក​ចោះ​បាន​ឬ​ទេ។