គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 38:22-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រិល

23. ដែល​អញ​បាន​បំរុង​ទុក​សំរាប់​គ្រា​អន្តរាយ​ឬ គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចំបាំង

24. តើ​ពន្លឺ​បាន​ចែក​ទៅ ឬ​ខ្យល់​ពី​ខាង​កើត​បាន​ផ្សាយ​ទៅ​លើ​ផែនដី​តាម​ផ្លូវ​ណា។

25. តើ​អ្នក​ណា​បាន​ជីក​ផ្លូវ​ឲ្យ​ទឹក​ធំ​ហូរ​មក ឬ​ផ្លូវ​ឲ្យ​ផ្លេក‌បន្ទោរ​នៃ​ផ្គរ

26. ដើម្បី​នឹង​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​ដែល​ឥត​មាន​អ្នក​ណា​នៅ ឬ​មក​លើ​ទី​រហោ‌ស្ថាន ដែល​គ្មាន​មនុស្ស​អាស្រ័យ​នោះ​ឡើយ

27. ប្រយោជន៍​តែ​នឹង​ចំអែត​ដី​ចោល​ទទេ ហើយ​ហួត‌ហែង និង​ធ្វើ​ឲ្យ​ស្មៅ​ពន្លក​ដុះ​ឡើង​នោះ

28. តើ​ភ្លៀង​មាន​ឪពុក​ឬ តើ​អ្នក​ណា​បាន​បង្កើត​ដំណក់​សន្សើម

29. តើ​ទឹក​កក​បាន​ចេញ​ពី​ផ្ទៃ​អ្នក​ណា តើ​អ្នក​ណា​បាន​បង្កើត​សន្សើម​កក​ដែល​មក​ពី​លើ​មេឃ

30. ឯ​ទឹក​ក៏​ក្លាយ​ទៅ​ដូច​ជា​ថ្ម ហើយ​ខាង​លើ​ទី​ជំរៅ នោះ​ទឹក​បាន​កក​ហើយ។

31. តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ

32. តើ​ឯង​អាច​នឹង​នាំ​រាសី‌ច័ក្រ​ទាំង​ប៉ុន្មាន​ចេញ​តាម​រដូវ​បាន ឬ និង​ដំរង់​ផ្កាយ​ក្រពើ ព្រម​ទាំង​កូន​ផង​បាន​ឬ

33. តើ​ឯង​ស្គាល់​របៀប​នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ តើ​ឯង​នឹង​បង្គាប់​អំណាច​នៃ​របស់​ទាំង​នោះ​លើ​ផែនដី​បាន​ដែរ​ឬ។

34. តើ​ឯង​នឹង​បន្លឺ​សំឡេង​ឡើង បង្គាប់​ដល់​ពពក ឲ្យ​បាន​ទឹក​ជា​បរិបូរ​ធ្លាក់​មក​លើ​ឯង​បាន​ឬ

35. តើ​អាច​នឹង​បញ្ចេញ​ផ្លេក‌បន្ទោរ ឲ្យ​បាន​ចេញ​ទៅ ដោយ​ឆ្លើយ​មក​ឯង​ថា «បាទ» បាន​ឬ​ទេ

36. តើ​អ្នក​ណា​បាន​ដាក់​ប្រាជ្ញា​នៅ​ក្នុង​ចិត្ត ឬ​ឲ្យ​មាន​យោបល់​នៅ​ក្នុង​វិញ្ញាណ

សូមអានជំពូកពេញលេញ យ៉ូប 38