គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 29:2-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឱ​បើ​សិន​ជា​ខ្ញុំ​បាន​ដូច​ជា​កាល​ពី​ដើម ដូច​នៅ​គ្រា​ដែល​ព្រះ​ទ្រង់​ការ‌ពារ​រក្សា​ខ្ញុំ​ទៅ​អេះ

3. គឺ​កាល​ចង្កៀង​នៃ​ទ្រង់​បាន​ភ្លឺ​មក​លើ​ក្បាល​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​កាត់​ទី​ងងឹត​ដោយ‌សារ​ពន្លឺ​ទ្រង់

4. គឺ​ដូច​កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​នៃ​ជីវិត ហើយ​មាន​មិត្រ‌ភាព​នៃ​ព្រះ នៅ​ក្នុង​ទី​លំនៅ​របស់​ខ្ញុំ

5. ក្នុង​គ្រា​ដែល​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​គង់​ជា​មួយ​នឹង​ខ្ញុំ​នៅ​ឡើយ ហើយ​ខ្ញុំ​មាន​កូន​ចៅ​នៅ​ជុំវិញ

6. ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង​ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ

7. គ្រា​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ឯ​ទ្វារ​ទី​ក្រុង ហើយ​បាន​រៀប‌ចំ​ទី​អង្គុយ​នៅ​ទី‌ធ្លា

8. ពួក​កំឡោះៗ​បាន​ឃើញ​ខ្ញុំ ហើយ​ក៏​រំលៀក​ចេញ ពួក​ចាស់ៗ​បាន​ក្រោក​ឈរ​ឡើង

9. ពួក​ដែល​ជា​កំពូល​ក៏​ឈប់​និយាយ ហើយ​យក​ដៃ​ខ្ទប់​មាត់

10. សំឡេង​នៃ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក៏​ពោល​ដោយ​ខ្សឹប​គ្នា អណ្តាត​គេ​បាន​ជាប់​នៅ​នឹង​ក្រអូម‌មាត់​ផង

11. ដ្បិត​កាល​ត្រចៀក​បាន​ឮ​ខ្ញុំ នោះ​ក៏​ឲ្យ​ពរ​ដល់​ខ្ញុំ ហើយ​កាល​ភ្នែក​បាន​ឃើញ​ខ្ញុំ នោះ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ

12. ពី​ព្រោះ​ខ្ញុំ​បាន​ជួយ​ដោះ​មនុស្ស​ក្រីក្រ​ឲ្យ​បាន​រួច ដែល​គេ​ស្រែក​ឡើង ព្រម​ទាំង​ពួក​កំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ​ផង

13. ពរ​របស់​មនុស្ស​ដែល​ហៀប​នឹង​វិនាស​ទៅ ក៏​ផ្តល់​មក​ខ្ញុំ ខ្ញុំ​ក៏​បណ្តាល​ឲ្យ​ចិត្ត​ស្រី​មេម៉ាយ​ច្រៀង​ដោយ​អំណរ

14. ខ្ញុំ​បាន​តែង​កាយ​ដោយ​សេចក្តី​សុចរិត ហើយ​សេចក្តី​នោះ​ក៏​ហ៊ុម​បាំង​ខ្ញុំ សេចក្តី​យុត្តិ‌ធម៌​របស់​ខ្ញុំ​បាន​ប្រៀប​ដូច​ជា​អាវ និង​មកុដ​ដល់​ខ្ញុំ

15. ខ្ញុំ​ជា​ភ្នែក​ដល់​មនុស្ស​ខ្វាក់ ហើយ​ជា​ជើង​ដល់​មនុស្ស​ខ្វិន

សូមអានជំពូកពេញលេញ យ៉ូប 29