គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 22:10-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ហើយ​មាន​សេចក្តី​ស្ញែង​ខ្លាច​ភ្លាមៗ​មក​បំភ័យ​អ្នក

11. ឬ​ជា​សេចក្តី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។

12. ឯ​ព្រះ តើ​ទ្រង់​មិន​គង់​នៅ​ជាន់​ខ្ពស់ នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី ចូរ​មើល​ផ្កាយ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន ដែល​ជា​ខ្ពស់​ដល់​ណា​ទៅ

13. អ្នក​ពោល​ថា តើ​ព្រះ​ទ្រង់​ជ្រាប​អ្វី​ខ្លះ តើ​ទ្រង់​អាច​ទត​ទំលុះ​សេចក្តី​ងងឹត​មក​ជំនុំ‌ជំរះ​បាន​ដែរ​ឬ

14. មាន​ពពក​យ៉ាង​ក្រាស់​នៅ​ហ៊ុម​ទ្រង់​ជុំវិញ មិន​ឲ្យ​ឃើញ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​យាង​នៅ​តែ​លើ​ផ្ទៃ​មេឃ

15. តើ​អ្នក​រក្សា​ទុក​ផ្លូវ​ចាស់ ដែល​មនុស្ស​អាក្រក់​បាន​ដើរ​ហើយ​ឬ​អី

16. ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ ដែល​ទី​ពឹង​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ

17. គេ​បាន​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ហើយ​ថា តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​អាច​នឹង​ប្រោស​ដល់​យើង​យ៉ាង​ណា​បាន

18. ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ

19. ពួក​មនុស្ស​សុចរិត​ក៏​ឃើញ ហើយ​មាន​សេចក្តី​អំណរ ពួក​មនុស្ស​ផូរ‌ផង់​នឹង​សើច​ឡក​ឲ្យ​គេ​ថា

20. ពួក​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​យើង គេ​ត្រូវ​សាប‌សូន្យ​ហើយ ឯ​សំណល់​របស់​គេ នោះ​ភ្លើង​បាន​ឆេះ​អស់​ទៅ។

21. ដូច្នេះ ចូរ​អ្នក​ផ្គាប់‌ផ្គុន​ទ្រង់ ហើយ​មាន​សេចក្តី​មេត្រី​នឹង​ទ្រង់​ចុះ នោះ​នឹង​បាន​ចំរើន​ប្រយោជន៍​ដល់​ខ្លួន

22. ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​សេចក្តី​បង្រៀន​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​ប្រមូល​ទុក​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​ក្នុង​ចិត្ត​ចុះ

23. បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កំចាត់​សេចក្តី​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ​ពី​ទី​លំនៅ​របស់​អ្នក​ទៅ

សូមអានជំពូកពេញលេញ យ៉ូប 22