ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប្រសាសន៍​លើក​ទី​បី​របស់​លោក​អេលី‌ផាស: លោក​យ៉ូប​ពិត​ជា​មាន​កំហុស​មែន!

1. នោះ​អេលី‌ផាស សាសន៍​ថេម៉ាន ក៏​ឆ្លើយ​ឡើង​ថា

2. តើ​មនុស្ស​នឹង​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​ឬ​ទេ ឯ​មនុស្ស​ប្រាជ្ញ គេ​មាន​ប្រយោជន៍​ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ

3. បើ​អ្នក​ជា​មនុស្ស​សុចរិត នោះ​តើ​ចំរើន​សេចក្តី​អំណរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឬ​អី បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង នោះ​តើ​ជា​កំរៃ​ដល់​ទ្រង់​ឬ

4. តើ​ដោយ​ព្រោះ​តែ​អ្នក​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ បាន​ជា​ទ្រង់​បន្ទោស​អ្នក ហើយ​រួម​ចូល​ជា​គូ​ក្តី​ជា​មួយ​នឹង​អ្នក​ឬ

5. ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សំបើម​វិញ​ទេ​ឬ​អី ហើយ​សេចក្តី​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ

6. ដ្បិត​អ្នក​បាន​បង្អត់​ដល់​បង​ប្អូន​អ្នក​ដោយ​ឥត​ហេតុ ហើយ​បាន​សំរាត​យក​ពី​មនុស្ស​កំសត់​ទុគ៌ត​ផង

7. អ្នក​មិន​បាន​ឲ្យ​ទឹក​ដល់​មនុស្ស​ហេវ​ផឹក​ឡើយ ក៏​បាន​បង្អត់​អាហារ​ដល់​មនុស្ស​ឃ្លាន​ដែរ

8. មនុស្ស​ខ្លាំង​ពូកែ​បាន​ជា​ម្ចាស់​លើ​ផែនដី មនុស្ស​មាន​បណ្តា​សក្តិ​បាន​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក

9. អ្នក​បាន​បណ្តេញ​ស្រី​មេម៉ាយ​ឲ្យ​ទៅ​ដោយ​ដៃ​ទទេ ហើយ​បាន​បំបាក់​ដៃ​នៃ​ពួក​កំព្រា

10. ហេតុ​នោះ​បាន​ជា​មាន​អន្ទាក់​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ហើយ​មាន​សេចក្តី​ស្ញែង​ខ្លាច​ភ្លាមៗ​មក​បំភ័យ​អ្នក

11. ឬ​ជា​សេចក្តី​ងងឹត​ឲ្យ​អ្នក​មើល​មិន​ឃើញ ឬ​ជា​ទឹក​ជន់​សាយ​មក​គ្រប​លើ​អ្នក​វិញ។

12. ឯ​ព្រះ តើ​ទ្រង់​មិន​គង់​នៅ​ជាន់​ខ្ពស់ នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី ចូរ​មើល​ផ្កាយ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន ដែល​ជា​ខ្ពស់​ដល់​ណា​ទៅ

13. អ្នក​ពោល​ថា តើ​ព្រះ​ទ្រង់​ជ្រាប​អ្វី​ខ្លះ តើ​ទ្រង់​អាច​ទត​ទំលុះ​សេចក្តី​ងងឹត​មក​ជំនុំ‌ជំរះ​បាន​ដែរ​ឬ

14. មាន​ពពក​យ៉ាង​ក្រាស់​នៅ​ហ៊ុម​ទ្រង់​ជុំវិញ មិន​ឲ្យ​ឃើញ​អ្វី​ឡើយ ហើយ​ទ្រង់​ក៏​យាង​នៅ​តែ​លើ​ផ្ទៃ​មេឃ

15. តើ​អ្នក​រក្សា​ទុក​ផ្លូវ​ចាស់ ដែល​មនុស្ស​អាក្រក់​បាន​ដើរ​ហើយ​ឬ​អី

16. ជា​ពួក​មនុស្ស​ដែល​ត្រូវ​ឆក់​យក​ទៅ​មុន​កំណត់ ដែល​ទី​ពឹង​គេ បាន​ហូរ​ទៅ​បាត់​ដូច​ជា​ទឹក​ជ្រោះ

17. គេ​បាន​ទូល​ដល់​ព្រះ​ថា ចូរ​ថយ​ចេញ​ពី​យើង​ទៅ ហើយ​ថា តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​អាច​នឹង​ប្រោស​ដល់​យើង​យ៉ាង​ណា​បាន

18. ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​បំពេញ​ផ្ទះ​គេ ដោយ​អស់​ទាំង​របស់​ល្អ​ផង តែ​សូម​ឲ្យ​គំនិត​នៃ​មនុស្ស​អាក្រក់​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ

19. ពួក​មនុស្ស​សុចរិត​ក៏​ឃើញ ហើយ​មាន​សេចក្តី​អំណរ ពួក​មនុស្ស​ផូរ‌ផង់​នឹង​សើច​ឡក​ឲ្យ​គេ​ថា

20. ពួក​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​យើង គេ​ត្រូវ​សាប‌សូន្យ​ហើយ ឯ​សំណល់​របស់​គេ នោះ​ភ្លើង​បាន​ឆេះ​អស់​ទៅ។

21. ដូច្នេះ ចូរ​អ្នក​ផ្គាប់‌ផ្គុន​ទ្រង់ ហើយ​មាន​សេចក្តី​មេត្រី​នឹង​ទ្រង់​ចុះ នោះ​នឹង​បាន​ចំរើន​ប្រយោជន៍​ដល់​ខ្លួន

22. ខ្ញុំ​សូម​ឲ្យ​អ្នក​ទទួល​សេចក្តី​បង្រៀន​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ហើយ​ប្រមូល​ទុក​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ទ្រង់​នៅ​ក្នុង​ចិត្ត​ចុះ

23. បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កំចាត់​សេចក្តី​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ​ពី​ទី​លំនៅ​របស់​អ្នក​ទៅ

24. ហើយ​បោះ‌បង់​ចោល​ទ្រព្យ​វិសេស​របស់​អ្នក​ទៅ​ក្នុង​ធូលី​ដី ព្រម​ទាំង​មាស​ពី​ស្រុក​អូភារ​ទៅ​ក្នុង​ថ្ម​នៅ​បាត​ជ្រោះ​ទឹក​ផង

25. នោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​នឹង​បាន​ជា​ទ្រព្យ​វិសេស និង​ជា​ប្រាក់​មាន​សាច់​សុទ្ធ​ដល់​អ្នក​ហើយ

26. ដ្បិត​យ៉ាង​នោះ​អ្នក​នឹង​បាន​ពេញ​ចិត្ត ដោយ‌សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ក៏​នឹង​អាច​ងើប​មុខ​មើល​ចំ​ទៅ​ឯ​ទ្រង់​ផង

27. អ្នក​នឹង​អធិ‌ស្ឋាន​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល យ៉ាង​នោះ​អ្នក​នឹង​បាន​លា​បំណន់​របស់​អ្នក

28. កាល​ណា​អ្នក​សំរេច​នឹង​ធ្វើ​ការ​អ្វី នោះ​នឹង​បាន​សំរេច​ដូច​បំណង នឹង​មាន​ពន្លឺ​ភ្លឺ​មក​លើ​ផ្លូវ​របស់​អ្នក​ដែរ

29. កាល​ណា​គេ​បន្ទាប​ទៅ នោះ​អ្នក​នឹង​នឹក​ថា មាន​ការ​លើក​ឡើង​វិញ ឯ​មនុស្ស​សុភាព​ទ្រង់​នឹង​ជួយ​សង្គ្រោះ

30. ទ្រង់​នឹង​ជួយ​ទាំង​មនុស្ស​ដែល​មិន​មែន​ឥត​ទោស​ឲ្យ​រួច​ផង អើ អ្នក​នោះ​នឹង​បាន​រួច​ដោយ‌សារ​សេចក្តី​បរិសុទ្ធ​របស់​ដៃ​អ្នក។