គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 36:8-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ដូច្នេះ​បារូក ជា​កូន​នេរីយ៉ា ក៏​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ហោរា​យេរេមា​បាន​បង្គាប់ គឺ​បាន​អាន​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​កត់​ចុះ​ក្នុង​ក្រាំង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

9. រីឯ​នៅ​ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​៥ នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស​ស្តេច​យូដា នោះ​ប្រជា‌ជន​ទាំង‌ឡាយ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បណ្តា‌ជន​ដែល​មក​ឯ​ក្រុង​យេរូ‌សាឡិម ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ក៏​ប្រកាស​ឲ្យ​មាន​ថ្ងៃ​តម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

10. ខណៈ​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្តា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា​ជា​កូន​សាផាន ដែល​នៅ​ទីលាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

11. លុះ​កាល​មីកា ជា​កូន​កេម៉ារា ដែល​ជា​កូន​របស់​សាផាន​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្នុង​ក្រាំង​នោះ​ហើយ

12. នោះ​ក៏​ចុះ​ទៅ​ឯ​ព្រះ‌រាជ​វាំង​ចូល​ក្នុង​បន្ទប់​ស្មៀន ឃើញ​មាន​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ គឺ​ស្មៀន​អេលីសាម៉ា ហើយ​ដេឡាយ៉ា ជា​កូន​សេម៉ាយ៉ា និង​អែល‌ណា‌ថាន ជា​កូន​អ័កបោរ កេម៉ារា ជា​កូន​សាផាន សេដេគា ជា​កូន​ហាណានា ហើយ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់​ផង

13. មីកា​ក៏​ជំរាប​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ខ្លួន​បាន​ឮ ក្នុង​កាល​ដែល​បារូក​អាន​មើល​ក្រាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់

14. ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​នោះ​ក៏​ចាត់​យេហ៊ូឌី ជា​កូន​នេថានា ដែល​ជា​កូន​សេលេមា​ដែល​ជា​កូន​គូស៊ី ឲ្យ​ទៅ​ឯ​បារូក​ប្រាប់​ថា ចូរ​យក​ក្រាំង​ដែល​ឯង​បាន​អាន​មើល​ឲ្យ​បណ្តា‌ជន​ស្តាប់​នោះ​មក បារូក​ជា​កូន​នេរីយ៉ា​ក៏​យក​ក្រាំង​កាន់​នៅ​ដៃ​ទៅ​ឯ​គេ

15. រួច​គេ​ប្រាប់​ថា ចូរ​ឯង​អង្គុយ​អាន​មើល​ឲ្យ​យើង​ស្តាប់​ផង នោះ​បារូក​ក៏​អាន​មើល

16. លុះ​កាល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​គេ​ក៏​បែរ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភិត‌ភ័យ ហើយ​និយាយ​ទៅ​បារូក​ថា យើង​នឹង​ទូល​ដល់​ស្តេច ពី​ពាក្យ​ទាំង​នេះ​ជា​មិន​ខាន

17. រួច​គេ​សួរ​បារូក​ថា ចូរ​ប្រាប់​យើង​មក ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​កត់​អស់​ទាំង​ពាក្យ​នេះ​តាម​មាត់​គាត់​បាន

18. បារូក​ឆ្លើយ​ថា លោក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​សរសេរ​ចុះ​ក្នុង​ក្រាំង​នេះ

19. នោះ​ពួក​ចៅ‌ហ្វាយ​ប្រាប់​បារូក​ថា ចូរ​ឯង និង​យេរេមា​ទៅ​ពួន​ខ្លួន​ទៅ កុំ​ឲ្យ​អ្នក​ណា​ដឹង​ជា​នៅ​ឯ​ណា​ឡើយ។

20. រួច​គេ​ក៏​ចូល​ទៅ​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ តែ​ឯ​ក្រាំង គេ​បាន​ដាក់​ទុក​នៅ​ក្នុង​បន្ទប់​របស់​ស្មៀន​អេលីសាម៉ា ហើយ​គេ​ទូល​ដល់​ស្តេច​តាម​អស់​ទាំង​ពាក្យ​នោះ

21. ដូច្នេះ​ស្តេច​ទ្រង់​ចាត់​យេហ៊ូឌី ឲ្យ​ទៅ​យក​ក្រាំង ពី​បន្ទប់​ស្មៀន​អេលីសាម៉ា​មក រួច​យេហ៊ូឌី​ក៏​អាន​មើល​ថ្វាយ​ស្តេច នៅ​ត្រចៀក​នៃ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់ ដែល​ឈរ​នៅ​ខាង​ស្តេច​ដែរ

22. ខណៈ​នោះ ស្តេច​ទ្រង់​គង់​ក្នុង​ដំណាក់​សំរាប់​រដូវ​រងា​នៅ​ខែ​មិគសិរ ហើយ​មាន​ភ្លើង​ឆេះ​នៅ​ជើង‌ក្រាន​ចំពោះ​ទ្រង់

23. ដូច្នេះ កាល​យេហ៊ូឌី​បាន​អាន​មើល​បី​បួន​ទំព័រ​ហើយ នោះ​ស្តេច​ទ្រង់​យក​កាំបិត​កាត់ រួច​បោះ​ទៅ​ក្នុង​ភ្លើង​នៅ​ជើង‌ក្រាន ទាល់​តែ​ក្រាំង​ទាំង​មូល​បាន​ឆេះ​អស់​ទៅ

24. ដំណើរ​នេះ​គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សំលៀក‌បំពាក់​គេ​សោះ ទោះ​ទាំង​ស្តេច ឬ​ពួក​មហា‌តលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ផង

25. មាន​តែ​អែល‌ណា‌ថាន ដេឡាយ៉ា និង​កេម៉ារា​ដែល​បាន​ទូល‌អង្វរ​ដល់​ស្តេច សូម​កុំ​ឲ្យ​ទ្រង់​ដុត​ក្រាំង​ប៉ុណ្ណោះ តែ​ស្តេច​មិន​ព្រម​ស្តាប់​តាម​ទេ

សូមអានជំពូកពេញលេញ យេរេមា 36