គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 36:12-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. នោះ​ក៏​ចុះ​ទៅ​ឯ​ព្រះ‌រាជ​វាំង​ចូល​ក្នុង​បន្ទប់​ស្មៀន ឃើញ​មាន​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ គឺ​ស្មៀន​អេលីសាម៉ា ហើយ​ដេឡាយ៉ា ជា​កូន​សេម៉ាយ៉ា និង​អែល‌ណា‌ថាន ជា​កូន​អ័កបោរ កេម៉ារា ជា​កូន​សាផាន សេដេគា ជា​កូន​ហាណានា ហើយ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់​ផង

13. មីកា​ក៏​ជំរាប​គេ​តាម​គ្រប់​ទាំង​ពាក្យ​ដែល​ខ្លួន​បាន​ឮ ក្នុង​កាល​ដែល​បារូក​អាន​មើល​ក្រាំង​នោះ​ឲ្យ​បណ្តា‌ជន​ស្តាប់

14. ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​នោះ​ក៏​ចាត់​យេហ៊ូឌី ជា​កូន​នេថានា ដែល​ជា​កូន​សេលេមា​ដែល​ជា​កូន​គូស៊ី ឲ្យ​ទៅ​ឯ​បារូក​ប្រាប់​ថា ចូរ​យក​ក្រាំង​ដែល​ឯង​បាន​អាន​មើល​ឲ្យ​បណ្តា‌ជន​ស្តាប់​នោះ​មក បារូក​ជា​កូន​នេរីយ៉ា​ក៏​យក​ក្រាំង​កាន់​នៅ​ដៃ​ទៅ​ឯ​គេ

15. រួច​គេ​ប្រាប់​ថា ចូរ​ឯង​អង្គុយ​អាន​មើល​ឲ្យ​យើង​ស្តាប់​ផង នោះ​បារូក​ក៏​អាន​មើល

16. លុះ​កាល​គេ​បាន​ឮ​ពាក្យ​ទាំង​នោះ​រួច​ហើយ នោះ​គេ​ក៏​បែរ​មើល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភិត‌ភ័យ ហើយ​និយាយ​ទៅ​បារូក​ថា យើង​នឹង​ទូល​ដល់​ស្តេច ពី​ពាក្យ​ទាំង​នេះ​ជា​មិន​ខាន

17. រួច​គេ​សួរ​បារូក​ថា ចូរ​ប្រាប់​យើង​មក ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​កត់​អស់​ទាំង​ពាក្យ​នេះ​តាម​មាត់​គាត់​បាន

18. បារូក​ឆ្លើយ​ថា លោក​បាន​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​សរសេរ​ចុះ​ក្នុង​ក្រាំង​នេះ

19. នោះ​ពួក​ចៅ‌ហ្វាយ​ប្រាប់​បារូក​ថា ចូរ​ឯង និង​យេរេមា​ទៅ​ពួន​ខ្លួន​ទៅ កុំ​ឲ្យ​អ្នក​ណា​ដឹង​ជា​នៅ​ឯ​ណា​ឡើយ។

20. រួច​គេ​ក៏​ចូល​ទៅ​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ តែ​ឯ​ក្រាំង គេ​បាន​ដាក់​ទុក​នៅ​ក្នុង​បន្ទប់​របស់​ស្មៀន​អេលីសាម៉ា ហើយ​គេ​ទូល​ដល់​ស្តេច​តាម​អស់​ទាំង​ពាក្យ​នោះ

21. ដូច្នេះ​ស្តេច​ទ្រង់​ចាត់​យេហ៊ូឌី ឲ្យ​ទៅ​យក​ក្រាំង ពី​បន្ទប់​ស្មៀន​អេលីសាម៉ា​មក រួច​យេហ៊ូឌី​ក៏​អាន​មើល​ថ្វាយ​ស្តេច នៅ​ត្រចៀក​នៃ​ពួក​ចៅ‌ហ្វាយ​ទាំង​អស់ ដែល​ឈរ​នៅ​ខាង​ស្តេច​ដែរ

សូមអានជំពូកពេញលេញ យេរេមា 36