គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 27:9-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. តែ​ឯ​ឯង​រាល់​គ្នា កុំ​ឲ្យ​ស្តាប់​តាម​ពួក​ហោរា​របស់​ឯង ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្ត‌ឫក្ស​ដែល​និយាយ​នឹង​ឯង​រាល់​គ្នា​ថា មិន​ត្រូវ​ឲ្យ​បំរើ​ស្តេច​ស្រុក​បាប៊ីឡូន​នោះ​ឡើយ

10. ដ្បិត​គេ​ទាយ​ជា​សេចក្តី​កុហក​ដល់​ឯង​រាល់​គ្នា​ទេ ដើម្បី​ឲ្យ​ឯង​ត្រូវ​ព្រាត់​ចាក​ឆ្ងាយ​ពី​ស្រុក​របស់​ឯង គឺ​ឲ្យ​អញ​បាន​បណ្តេញ​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​ត្រូវ​វិនាស​បង់

11. តែ​សាសន៍​ណា​ដែល​ឱន​ក ទទួល​នឹម ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​វិញ នោះ​អញ​នឹង​ទុក​គេ ឲ្យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន គេ​នឹង​ភ្ជួរ‌រាស់​ដី ហើយ​អាស្រ័យ​នៅ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

12. ខ្ញុំ​ក៏​បាន​ទូល​ដល់​សេដេគា ជា​ស្តេច​យូដា តាម​គ្រប់​ទាំង​ពាក្យ​នេះ​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឱន​ក​ទទួល​នឹម ទៅ​បំរើ​ដល់​ស្តេច​បាប៊ីឡូន និង​រាស្ត្រ​របស់​គេ​ចុះ នោះ​នឹង​បាន​រួច​ជីវិត

13. តើ​ចង់​ស្លាប់​ធ្វើ​អី គឺ​ទាំង​អង្គ​ទ្រង់ និង​រាស្ត្រ​របស់​ទ្រង់​ផង ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សាសន៍​ណា ដែល​មិន​ព្រម​បំរើ​ដល់​ស្តេច​បាប៊ីឡូន​ដូច្នេះ

14. កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា​ថា មិន​ត្រូវ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​នោះ​ឡើយ ដ្បិត​គេ​ទាយ​ជា​សេចក្តី​កុហក​ទេ

15. ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ​ឲ្យ​មក​សោះ គឺ​គេ​ទាយ​ជា​សេចក្តី​កំភូត ដោយ​នូវ​ឈ្មោះ​អញ​វិញ ដើម្បី​ឲ្យ​អញ​បាន​បណ្តេញ​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​បង់ គឺ​ទាំង​ខ្លួន​ឯង​រាល់​គ្នា និង​ពួក​ហោរា​ដែល​ទាយ​ដល់​ឯង​ផង។

16. ខ្ញុំ​ក៏​បាន​ប្រាប់​ដល់​ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ពួក​ហោរា ដែល​ទាយ​ដល់​ឯង​រាល់​គ្នា​ថា មើល បន្តិច​ទៀត គេ​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ក្រុង​បាប៊ីឡូន​មក​វិញ ដ្បិត​គេ​ទាយ​ជា​សេចក្តី​កុហក​ដល់​ឯង​រាល់​គ្នា​ទេ

17. កុំ​ឲ្យ​ស្តាប់​តាម​គេ​ឡើយ ត្រូវ​ឲ្យ​បំរើ​ស្តេច​បាប៊ីឡូន​ចុះ នោះ​នឹង​បាន​រួច​ជីវិត តើ​មាន​ទំនង​អ្វី ឲ្យ​ទី​ក្រុង​នេះ​ត្រូវ​ខូច​បង់

18. បើ​គេ​ជា​ហោរា​ពិត ហើយ​បើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជា​មួយ​នឹង​គេ នោះ​ឲ្យ​គេ​ទូល‌អង្វរ ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឥឡូវ​នេះ​ចុះ ដើម្បី​សូម​កុំ​ឲ្យ​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ក្នុង​ដំណាក់​ស្តេច​យូដា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ត្រូវ​ដឹក‌នាំ​យក​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទៀត

19. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​សសរ សមុទ្រ និង​ជើង​ថ្កល់ ហើយ​នឹង​គ្រឿង​ប្រដាប់​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង​នេះ

20. ជា​គ្រឿង​ដែល​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន​មិន​បាន​យក​ទៅ ក្នុង​កាល​ដែល​ចាប់​យក​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ីឡូន ព្រម​ទាំង​ពួក​អ្នក​ធំ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ផង

21. អើ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ក្នុង​ដំណាក់​ស្តេច​យូដា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ថា

22. គេ​នឹង​ដឹក‌នាំ​គ្រឿង​ទាំង​នោះ ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​ត្រូវ​នៅ​ទី​នោះ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ប្រោស នោះ​អញ​នឹង​នាំ​យក​ឡើង​មក ដាក់​នៅ​ត្រង់​កន្លែង​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ យេរេមា 27