គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 2:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​ដែល​មាន​អ្វី​ឲ្យ​ដូច​ឬ​ទេ

11. តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ តែ​រាស្ត្រ​របស់​អញ​បាន​ដូរ​ព្រះ​ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​វិញ

12. ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌បន្ទូល​ថា ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ឲ្យ​នឹក​ប្លែក​ពី​ដំណើរ​នេះ ហើយ​ឲ្យ​ភ័យ​ស្បើម​ចុះ ត្រូវ​ឲ្យ​មាន​ចិត្ត​ត្រមោច​នៅ

13. ដ្បិត​រាស្ត្រ​អញ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​២​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​អញ ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។

14. តើ​អ៊ីស្រា‌អែល​ជា​ខ្ញុំ​បំរើ​លោះ​ដោយ​ប្រាក់ ឬ​ជា​ខ្ញុំ​បំរើ​ដែល​កើត​នៅ​ផ្ទះ​ចៅ‌ហ្វាយ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​រឹប​ជាន់​ដូច្នេះ

15. កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ ហើយ​បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​គេ​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត

16. ពួក​ក្រុង​ណូព និង​ក្រុង​តាហា‌ពេនេស គេ​បាន​បំបែក​កំពូល​ក្បាល​របស់​ឯង​ហើយ

17. តើ​ឯង​មិន​បាន​នាំ​ការ​នេះ​មក​លើ​ខ្លួន​ឯង​ទេ​ឬ​អី ដោយ​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ក្នុង​កាល​ដែល​ទ្រង់​កំពុង​តែ​នាំ​ឯង​តាម​ផ្លូវ​នោះ

18. ចុះ​ឥឡូវ​នេះ តើ​ឯង​មាន​ការ​អ្វី បាន​ជា​ទៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដោយ​ប្រាថ្នា​ចង់​ផឹក​ទឹក​ទន្លេ​ស៊ីហោរ​ដូច្នេះ ឬ​មាន​ការ​អ្វី​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដើម្បី​នឹង​ផឹក​ទឹក​ទន្លេ​នោះ

19. អំពើ​ទុច្ចរិត​របស់​ឯង នឹង​វាយ‌ផ្ចាល​ឯង ហើយ​ការ​រា‌ថយ​របស់​ឯង នឹង​ស្តី​បន្ទោស​ឯង​វិញ ដូច្នេះ ចូរ​ពិចារណា ហើយ​ដឹង​ថា ការ​ដែល​ឯង​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឥត​មាន​ចិត្ត​កោត‌ខ្លាច​ដល់​អញ​នៅ​ក្នុង​ខ្លួន នោះ​ជា​ការ​អាក្រក់ ក៏​ជូរ​ចត់​ណាស់​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

20. តាំង​ពី​យូរ​មក​ហើយ នោះ​ឯង​បាន​បំបាក់​នឹមឯង ហើយ​បាន​ផ្តាច់​ចំណង​ឯង​ចេញ ដោយ​ពាក្យ​ថា យើង​មិន​បំរើ​ទៀត​ទេ ដ្បិត​នៅ​លើ​គ្រប់​ទាំង​ភ្នំ​តូចៗ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នោះ​ឯង​បាន​ដេក​ចុះ​ផិត​អញ

21. អញ​បាន​ផ្សាំ​ឯង​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សំរាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ចុះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​បាន​ក្លាយ​ទៅ​ជា​ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​អញ​ដូច្នេះ

22. ដ្បិត​ទោះ​បើ​ឯង​លាង​ខ្លួន​ដោយ​ក្បុង ហើយ​ប្រើ​សាប៊ូ​ជា​ច្រើន​ក៏​ដោយ គង់​តែ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អំពើ​ទុច្ចរិត​របស់​ឯង នៅ​មាន​កត់​ជាប់​ចំពោះ​អញ​នៅ​ឡើយ​ដែរ

សូមអានជំពូកពេញលេញ យេរេមា 2