គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 4:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ទ្រង់​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ដល់​សាសន៍​ជា​ច្រើន ហើយ​នឹង​សំរេច​សេចក្តី ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេងៗ​ដែល​នៅ​ទី​ឆ្ងាយ នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ

4. គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ ដ្បិត​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចេញ​វាចា​ហើយ

5. នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ។

6. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន ហើយ​នឹង​ភ្ជុំ​អស់​អ្នក​ដែល​បាន​ត្រូវ​បណ្តេញ​ចេញ ព្រម​ទាំង​អស់​អ្នក​ដែល​អញ​បាន​ធ្វើ​ទុក្ខ​ផង ឲ្យ​មក​វិញ

7. ឯ​ពួក​ដែល​ខ្វិន នោះ​នឹង​បាន​តាំង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ​ឲ្យ​បាន​ជា​នគរ​១​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​ត​ទៅ

8. ដូច្នេះ ឯ​ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ នេះ​នឹង​មក​ឯ​ឯង​វិញ គឺ​អំណាច​គ្រប់‌គ្រង ដូច​ដើម​នឹង​មក​ឯ​ឯង ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡិម។

9. ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ តើ​អ្នក​ប្រឹក្សា​របស់​ឯង​បាន​វិនាស‌បង់​ហើយ​ឬ បាន​ជា​ឯង​ឈឺ​ចាប់​ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន​ដូច្នេះ

10. ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ ហើយ​ខំ​រមាត់​ចុះ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លោះ​ឯង ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង

11. ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន​មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ

12. ប៉ុន្តែ​គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្តី​ប្រឹក្សា​របស់​ទ្រង់​ដែរ ដ្បិត​ទ្រង់​បាន​ប្រមូល​គេ​នៅ​ទីលាន​ដូច​ជា​កណ្តាប់​ស្រូវ

សូមអានជំពូកពេញលេញ មីកា 4