ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​នឹង​ស្តារ​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ

1. តែ​នៅ​ជាន់​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ដំកើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ ហើយ​នឹង​បាន​លើក​ឡើង​ខ្ពស់​ជាង​អស់​ទាំង​ភ្នំ​តូច នោះ​ជន‌ជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ

2. ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា ចូរ​មក យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ទ្រង់ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម

3. ទ្រង់​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ដល់​សាសន៍​ជា​ច្រើន ហើយ​នឹង​សំរេច​សេចក្តី ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេងៗ​ដែល​នៅ​ទី​ឆ្ងាយ នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ

4. គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ ដ្បិត​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចេញ​វាចា​ហើយ

5. នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ។

6. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​ប្រមូល​អស់​អ្នក​ណា​ដែល​ខ្វិន ហើយ​នឹង​ភ្ជុំ​អស់​អ្នក​ដែល​បាន​ត្រូវ​បណ្តេញ​ចេញ ព្រម​ទាំង​អស់​អ្នក​ដែល​អញ​បាន​ធ្វើ​ទុក្ខ​ផង ឲ្យ​មក​វិញ

7. ឯ​ពួក​ដែល​ខ្វិន នោះ​នឹង​បាន​តាំង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ​ឲ្យ​បាន​ជា​នគរ​១​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​ត​ទៅ

8. ដូច្នេះ ឯ​ឯង ឱ​ប៉ម​នៃ​ហ្វូង​ចៀម ជា​ទួល​ខ្ពស់​របស់​កូន​ស្រី​ស៊ីយ៉ូន​អើយ នេះ​នឹង​មក​ឯ​ឯង​វិញ គឺ​អំណាច​គ្រប់‌គ្រង ដូច​ដើម​នឹង​មក​ឯ​ឯង ជា​រាជ្យ​របស់​កូន​ស្រី​យេរូ‌សាឡិម។

ព្រះ‌អម្ចាស់​រំដោះ​ក្រុង​យេរូ‌សាឡិម​ឲ្យ​រួច​ពី​ឈឺ​ចាប់

9. ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ឡើង​ដូច្នេះ តើ​គ្មាន​ស្តេច​នៅ​ក្នុង​ឯង​ឬ តើ​អ្នក​ប្រឹក្សា​របស់​ឯង​បាន​វិនាស‌បង់​ហើយ​ឬ បាន​ជា​ឯង​ឈឺ​ចាប់​ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន​ដូច្នេះ

10. ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ ហើយ​ខំ​រមាត់​ចុះ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លោះ​ឯង ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង

11. ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន​មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ

12. ប៉ុន្តែ​គេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្តី​ប្រឹក្សា​របស់​ទ្រង់​ដែរ ដ្បិត​ទ្រង់​បាន​ប្រមូល​គេ​នៅ​ទីលាន​ដូច​ជា​កណ្តាប់​ស្រូវ

13. ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​ឯង​បាន​ទៅ​ជា​ដែក ហើយ​ក្រចក​ឯង​ទៅ​ជា​លង្ហិន ឯង​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អញ​នឹង​ញែក​កំរៃ​របស់​គេ​ចេញ ទុក​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល

14. តែ​ឥឡូវ​នេះ ឱ​កូន​ស្រី​នៃ​កង‌ទ័ព​អើយ ត្រូវ​ឲ្យ​ឯង​មូល​គ្នា​ជា​កង‌ទ័ព​ចុះ គេ​បាន​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​យើង​ហើយ គេ​នឹង​វាយ​ចៅ‌ក្រម​នៃ​អ៊ីស្រា‌អែល ដោយ​ដំបង​ត្រង់​ថ្ពាល់។