គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 4:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តែ​នៅ​ជាន់​ក្រោយ ភ្នំ​ដែល​ជា​ទី​តាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ដំកើង​ឡើង​ជា​កំពូល​នៃ​អស់​ទាំង​ភ្នំ​ធំ ហើយ​នឹង​បាន​លើក​ឡើង​ខ្ពស់​ជាង​អស់​ទាំង​ភ្នំ​តូច នោះ​ជន‌ជាតិ​ទាំង‌ឡាយ​នឹង​ឡើង​ទៅ​ហូរ‌ហែ

2. ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា ចូរ​មក យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ទ្រង់ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម

3. ទ្រង់​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ដល់​សាសន៍​ជា​ច្រើន ហើយ​នឹង​សំរេច​សេចក្តី ពី​ដំណើរ​ប្រទេស​មាន​អំណាច​ខ្លាំង​ផ្សេងៗ​ដែល​នៅ​ទី​ឆ្ងាយ នោះ​គេ​នឹង​ដំ​ដាវ​របស់​គេ​ធ្វើ​ជា​ផាល ហើយ​លំពែង​គេ​ធ្វើ​ជា​ដង្កាវ​វិញ អស់​ទាំង​នគរ​នឹង​លែង​លើក​ដាវ​ច្បាំង​គ្នា​ទៀត ក៏​មិន​រៀន​វិជ្ជា​ចំបាំង​ទៀត​ត​ទៅ

4. គឺ​គ្រប់​គ្នា​នឹង​អង្គុយ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ ដ្បិត​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចេញ​វាចា​ហើយ

5. នោះ​ទោះ​បើ​អស់​ទាំង​សាសន៍​ប្រព្រឹត្ត​តាម​ឈ្មោះ​របស់​ព្រះ​នៃ​គេ​រៀង​ខ្លួន គង់​តែ​យើង​រាល់​គ្នា​នឹង​ប្រព្រឹត្ត​តាម ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ជា​ដរាប​រៀង​ត​ទៅ​វិញ។

សូមអានជំពូកពេញលេញ មីកា 4