គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 3:47-63 ព្រះគម្ពីរបរិសុទ្ធ (KHOV)

47. ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្តី​ភ័យ​ខ្លាច ហើយ​នឹង​រណ្តៅ ព្រម​ទាំង​សេចក្តី​បំផ្លាញ និង​សេចក្តី​វិនាស​ផង

48. ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ

49. ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ

50. ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ឈ្ងោក​មើល ហើយ​ពិចារណា​ពី​ស្ថាន‌សួគ៌​មក

51. ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ

52. ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ ដូច​ជា​ដេញ​តាម​សត្វ​ស្លាប

53. គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង

54. មាន​ទឹក​ហូរ​មក​លិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា ខ្ញុំ​ស្លាប់​ហើយ។

55. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ក្នុង​ទី​ជំរៅ​នៃ​គុក​ងងឹត

56. ទ្រង់​ក៏​ឮ​សំឡេង​របស់​ទូល‌បង្គំ សូម​កុំ​គេច​ព្រះ‌កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ និង​សំរែក​របស់​ទូល‌បង្គំ​ឡើយ

57. នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ នោះ​ទ្រង់​បាន​យាង​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ឡើយ

58. ឲ្យ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ ទ្រង់​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង

59. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ការ​កំហុស​ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ទ្រង់​ជំនុំ​ជំរះ​ក្តី​របស់​ទូល‌បង្គំ​ចុះ

60. ទ្រង់​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូល‌បង្គំ​ដែរ

61. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ

62. ក៏​ឮ​ពាក្យ​សំដី​របស់​ពួក​អ្នក​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត​ប្រទូស្ត​នឹង​ទូល‌បង្គំ​ជានិច្ច​ដែរ

63. សូម​ទ្រង់​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូល‌បង្គំ​ជា​បទ​ចំរៀង​របស់​គេ​ហើយ

សូមអានជំពូកពេញលេញ បរិទេវ 3