ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ជា​មនុស្ស​ដែល​បាន​ឃើញ​សេចក្តី​វេទនា ដោយ​ដំបង​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់

2. ទ្រង់​បាន​នាំ​ខ្ញុំ​ឲ្យ​ដើរ​ក្នុង​សេចក្តី​ងងឹត មិន​មែន​ក្នុង​ពន្លឺ​ទេ

3. ពិត​ប្រាកដ​ជា​ទ្រង់​បាន​បែរ​ព្រះ‌ហស្ត​មក ទាស់​នឹង​ខ្ញុំ​ខ្ជាន់ៗ​ជានិច្ច​រាល់​តែ​ថ្ងៃ

4. ទ្រង់​បាន​ធ្វើ​ឲ្យ​សាច់ ហើយ​ស្បែក​ខ្ញុំ​រោយ‌រៀវ​ទៅ ហើយ​បាន​បំបាក់​ឆ្អឹង​ខ្ញុំ​ផង

5. ទ្រង់​បាន​ធ្វើ​របង​ឃុំ‌ឃាំង​ខ្ញុំ ហើយ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដោយ​ថ្នាំ​ពុល និង​ការ​ដែល​នឿយ​លំបាក

6. ទ្រង់​បាន​ឲ្យ​ខ្ញុំ​អាស្រ័យ​នៅ​ទី​ងងឹត ដូច​ជា​ពួក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ

7. ទ្រង់​បាន​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ​ខ្ញុំ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ក្រៅ​ឡើយ ក៏​បាន​ធ្វើ​ឲ្យ​ច្រវាក់​ខ្ញុំ​ជា​ធ្ងន់

8. អើ កាល​ណា​ខ្ញុំ​អំពាវ‌នាវ ហើយ​ស្រែក​ឡើង​ឲ្យ​ជួយ នោះ​ទ្រង់​រាំង‌រា​មិន​ឲ្យ​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ​ចូល​ទៅ​ឡើយ

9. ទ្រង់​បាន​យក​ថ្ម​ដាប់​ធ្វើ​កំផែង​រាំង​ផ្លូវ​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​ខ្ញុំ​វៀច​ទាំង​អស់

10. ទ្រង់​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​លប​សង្គ្រុប ហើយ​ដូច​ជា​សិង្ហ​នៅ​ទី​ស្ងាត់​កំបាំង​ដល់​ខ្ញុំ

11. ទ្រង់​បាន​បង្វែរ​អស់​ទាំង​ផ្លូវ​របស់​ខ្ញុំ ក៏​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​បាន​ឲ្យ​ខ្ញុំ​ត្រមោច​នៅ

12. ទ្រង់​បាន​យឹត​ធ្នូ ហើយ​តាំង​ខ្ញុំ​ទុក​ជា​វង់​សំរាប់​ព្រួញ

13. ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ

14. ខ្ញុំ​បាន​ទៅ​ជា​ទី​សំណើច​ដល់​ជន‌ជាតិ​ទាំង‌ឡាយ​របស់​ខ្ញុំ ហើយ​ជា​បទ​ចំរៀង​របស់​គេ​ជានិច្ច​រាល់​ថ្ងៃ

15. ទ្រង់​បាន​ចំអែត​ខ្ញុំ ដោយ​សេចក្តី​ជូរ​ចត់ ព្រម​ទាំង​ឲ្យ​ខ្ញុំ​ស្រវឹង​ដោយ​ស្លែង​ផង

16. ទ្រង់​បាន​បំបាក់​ធ្មេញ​ខ្ញុំ​ដោយ​ក្រួស ហើយ​បាន​ព្រលាំង​ខ្ញុំ​ដោយ​ផេះ

17. ហើយ​ទ្រង់​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្តី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្តី​ចំរើន​ហើយ

18. ខ្ញុំ​បាន​ថា កំឡាំង​ខ្ញុំ​សូន្យ​បាត់​អស់​ទៅ សេចក្តី​សង្ឃឹម​របស់​ខ្ញុំ​ក៏​ផុត​ចាក​ពី​ព្រះ‌យេហូវ៉ា​ហើយ។

19. ខ្ញុំ​នឹក​ចាំ​ពី​សេចក្តី​ទុក្ខ​លំបាក និង​ពី​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង

20. ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ

21. តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង

22. គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ

23. សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះ‌ត្រង់​របស់​ទ្រង់​ធំ​ណាស់

24. ព្រលឹង​ខ្ញុំ​បាន​ពោល​ថា ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ​ខ្ញុំ​នឹង​សង្ឃឹម​ដល់​ទ្រង់

25. ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ដល់​អស់​អ្នក​ដែល​រង់‌ចាំ​ទ្រង់ គឺ​ដល់​ព្រលឹង​នៃ​អ្នក​ណា​ដែល​ស្វែង​រក​ទ្រង់

26. បើ​មនុស្ស​នឹង​សង្ឃឹម​ដល់ ហើយ​រង់‌ចាំ​សេចក្តី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ

27. ឯ​ការ​ដែល​មនុស្ស​ទទួល​រង​នឹម ក្នុង​កាល​ដែល​នៅ​វ័យ​ក្មេង នោះ​ក៏​ល្អ​ដែរ

28. អ្នក​នោះ​នឹង​អង្គុយ​តែ​ឯង ហើយ​នៅ​មាត់​ស្ងៀម ពី​ព្រោះ​គឺ​ទ្រង់​ដែល​ដាក់​នឹម​លើ​ខ្លួន

29. អ្នក​នោះ​នឹង​ព្រម​ដាក់​មាត់​ចុះ​ក្នុង​ធូលី​ដី បើ​ប្រសិន​ជា​នឹង​មាន​ទី​សង្ឃឹម​បាន

30. ក៏​នឹង​បែរ​កំផ្លៀង​ទៅ​ឲ្យ​ដល់​អ្នក​ដែល​ទះ​ខ្លួន ហើយ​នឹង​ទ្រាំ​ឲ្យ​បាន​ពេញ ដោយ​សេចក្តី​ត្មះ‌តិះដៀល

31. ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​មិន​បោះ‌បង់​ចោល​នៅ​ជា​ដរាប​ទេ

32. តែ​ទោះ​បើ​ទ្រង់​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​អាណិត​មេត្តា ដោយ​សេចក្តី​សប្បុរស​ដ៏​បរិបូរ​របស់​ទ្រង់​ដែរ

33. ពី​ព្រោះ​ទ្រង់​មិន​ធ្វើ​ទុក្ខ ឬ​ឲ្យ​មនុស្ស​ជាតិ​ត្រូវ​វេទនា ដោយ​ស្ម័គ្រ​ពី​ព្រះ‌ហឫ‌ទ័យ​ទេ

34. ឯ​ការ​ដែល​ជាន់​ឈ្លី​ពួក​ឈ្លើយ​នៅ​ផែនដី

35. ឬ​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ពី​មនុស្ស នៅ​ចំពោះ​ព្រះ​ដ៏​ខ្ពស់​បំផុត

36. ឬ​បង្កាច់​បំភាន់​មនុស្ស​ណា ក្នុង​រឿង​ក្តី នោះ​ជា​ការ​ដែល​ព្រះ‌អម្ចាស់​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឡើយ

37. បើ​ព្រះ‌អម្ចាស់ ទ្រង់​មិន​បាន​បង្គាប់​គេ នោះ​តើ​មាន​អ្នក​ណា​នឹង​អាច​ទាយ​ទំនាយ ហើយ​ការ​នោះ​កើត​ឡើង​បាន​ជា​ពិត

38. ឯ​ការ​អាក្រក់ និង​ការ​ល្អ នោះ​តើ​មិន​មែន​ចេញ​ពី​ព្រះ‌ឱស្ឋ របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​មក​ទេ​ឬ​អី

39. ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។

40. ចូរ​យើង​ពិចារណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ

41. ចូរ​ឲ្យ​យើង​ដំរង់​ចិត្ត​ឡើង​ទៅ​ឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ដៃ​យើង​ផង

42. យើង​ខ្ញុំ​បាន​រំលង ព្រម​ទាំង​បះ‌បោរ​ហើយ ទ្រង់​មិន​បាន​អត់​ទោស​ឲ្យ​ទេ

43. ទ្រង់​បាន​គ្រលុំ​អង្គ ដោយ​សេចក្តី​ខ្ញាល់ ហើយ​ដេញ​តាម​យើង​ខ្ញុំ ទ្រង់​បាន​ប្រហារ​ជីវិត ឥត​ប្រណី​សោះ

44. ទ្រង់​បាំង​អង្គ​ដោយ​ពពក ដើម្បី​មិន​ឲ្យ​សេចក្តី​អធិស្ឋាន​ណា​ចូល​ទៅ​ដល់​បាន​ឡើយ

45. ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​កាក ហើយ​ជា​សំរាម នៅ​កណ្តាល​អស់​ទាំង​សាសន៍

46. ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ បាន​ហា​មាត់​ធំ​ដាក់​យើង​ខ្ញុំ

47. ចំណែក​របស់​យើង​ខ្ញុំ គឺ​ជា​សេចក្តី​ភ័យ​ខ្លាច ហើយ​នឹង​រណ្តៅ ព្រម​ទាំង​សេចក្តី​បំផ្លាញ និង​សេចក្តី​វិនាស​ផង

48. ភ្នែក​ខ្ញុំ​ហូរ​ចេញ​ជា​ផ្លូវ​ទឹក ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ

49. ភ្នែក​ខ្ញុំ​នឹង​ហូរ​សស្រាក់​ឥត​ឈប់​ឈរ ឥត​ស្រាក​ឡើយ

50. ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ឈ្ងោក​មើល ហើយ​ពិចារណា​ពី​ស្ថាន‌សួគ៌​មក

51. ភ្នែក​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កើត​ទុក្ខ ដោយ​ព្រោះ​ពួក​កូន​ស្រី​នៃ​ក្រុង​របស់​ខ្ញុំ

52. ពួក​អ្នក​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ខ្ញុំ ដោយ​ឥត​ហេតុ​គេ​បាន​ដេញ​តាម​ខ្ញុំ ដូច​ជា​ដេញ​តាម​សត្វ​ស្លាប

53. គេ​បាន​កាត់​ជីវិត​ខ្ញុំ​ចេញ ដោយ​ដាក់​គុក​ងងឹត ហើយ​បាន​ទាំង​ដាក់​ថ្ម​សន្ធប់​ពី​លើ​ខ្ញុំ​ផង

54. មាន​ទឹក​ហូរ​មក​លិច​ក្បាល​ខ្ញុំ នោះ​ខ្ញុំ​បាន​ថា ខ្ញុំ​ស្លាប់​ហើយ។

55. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ក្នុង​ទី​ជំរៅ​នៃ​គុក​ងងឹត

56. ទ្រង់​ក៏​ឮ​សំឡេង​របស់​ទូល‌បង្គំ សូម​កុំ​គេច​ព្រះ‌កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ និង​សំរែក​របស់​ទូល‌បង្គំ​ឡើយ

57. នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ នោះ​ទ្រង់​បាន​យាង​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ឡើយ

58. ឲ្យ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ ទ្រង់​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង

59. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ការ​កំហុស​ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ទ្រង់​ជំនុំ​ជំរះ​ក្តី​របស់​ទូល‌បង្គំ​ចុះ

60. ទ្រង់​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូល‌បង្គំ​ដែរ

61. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ

62. ក៏​ឮ​ពាក្យ​សំដី​របស់​ពួក​អ្នក​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត​ប្រទូស្ត​នឹង​ទូល‌បង្គំ​ជានិច្ច​ដែរ

63. សូម​ទ្រង់​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូល‌បង្គំ​ជា​បទ​ចំរៀង​របស់​គេ​ហើយ

64. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ

65. ទ្រង់​នឹង​បណ្តាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស គឺ​ជា​សេចក្តី​បណ្តាសា​ដល់​គេ

66. ទ្រង់​នឹង​ដេញ​តាម​គេ​ដោយ​សេចក្តី​ខ្ញាល់ ហើយ​បំផ្លាញ​គេ​ឲ្យ​សូន្យ​ចេញ​ពី​ក្រោម​ស្ថាន​របស់​ព្រះ‌យេហូវ៉ា​ទៅ។