ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌អម្ចាស់​ទ្រង់​បាន​គ្រប​បាំង​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​ពពក ក្នុង​កាល​ដែល​ទ្រង់​ខ្ញាល់ យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ទំលាក់​សេចក្តី​លំអ​របស់​អ៊ីស្រា‌អែល ចុះ​ពី​ស្ថាន‌សួគ៌​មក​ដល់​ដី ក៏​មិន​បាន​នឹក​ចាំ​ពី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់​នៅ​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់​នោះ​ទេ

2. ព្រះ‌អម្ចាស់​ទ្រង់​បាន​លេប​អស់​ទាំង​ទី​លំនៅ​របស់​យ៉ាកុប​បាត់​ទៅ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្តី​ក្រោធ នោះ​ទ្រង់​បាន​រំលំ​អស់​ទាំង​ទី​មាំ‌មួន​របស់​កូន​ស្រី​យូដា ទ្រង់​បាន​ពង្រាប ទី​ទាំង​នោះ​ដល់​ដី ហើយ​បន្ទាប‌បន្ថោក​ទាំង​នគរ និង​ពួក​ចៅ‌ហ្វាយ​ផង

3. ក្នុង​គ្រា​ដែល​ទ្រង់​មាន​សេចក្តី​ខ្ញាល់ ដ៏​សហ័ស នោះ​ទ្រង់​បាន​កាត់​ស្នែង​របស់​អ៊ីស្រា‌អែល​ចេញ ក៏​បាន​ដក​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ចេញ​ពី​មុខ​ខ្មាំង​សត្រូវ ហើយ​បាន​បញ្ឆេះ​យ៉ាកុប ដូច​ជា​ភ្លើង​ឆេះ​ថ្គោល​ឡើង​បន្សុស​គ្រប់​ជុំវិញ

4. ទ្រង់​បាន​យឹត​ធ្នូ ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​បាន​លើក​ព្រះ‌ហស្ត ដូច​ជា​អ្នក​ត​តាំង ក៏​បាន​ប្រហារ​ជីវិត​នៃ​គ្រប់​ទាំង​អស់​ដែល​គាប់​ភ្នែក ឯ​នៅ​ក្នុង​ត្រសាល​នៃ​កូន​ស្រី​ស៊ីយ៉ូន នោះ​ទ្រង់​បាន​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់​ចេញ​ដូច​ជា​ភ្លើង

5. ព្រះ‌អម្ចាស់​ទ្រង់​បាន​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រា‌អែល​បាត់​ទៅ ទ្រង់​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចំរើន​ការ​សោក‌សៅ និង​ការ​យំ​ទួញ ក្នុង​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង

6. ទ្រង់​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ទ្រង់​ចេញ​ដោយ​កំឡាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​ទី​ប្រជុំ​របស់​ទ្រង់​ចោល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភ្លេច​ជំនុំ​មុត‌មាំ និង​ថ្ងៃ​ឈប់​សំរាក ឲ្យ​សូន​បាត់​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ក្នុង​សេចក្តី​គ្នាន់‌ក្នាញ់​របស់​សេចក្តី​ខ្ញាល់​ទ្រង់ នោះ​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទាំង​ស្តេច និង​សង្ឃ​ផង

7. ព្រះ‌អម្ចាស់​ទ្រង់​បាន​បោះ‌បង់​ចោល​អាសនា​របស់​ទ្រង់ ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ទ្រង់​ដែរ ទ្រង់​បាន​ប្រគល់​អស់​ទាំង​កំផែង​នៃ​ព្រះ‌រាជ‌វាំង ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់

8. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​បង់ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ទ្រង់​បាន​បណ្តាល​ឲ្យ​ទាំង​របង​សីមា និង​កំផែង ទួញ​ទំនួញ ហើយ​រោយ‌រៀវ​ទៅ​ជា​មួយ​គ្នា

9. ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ

10. ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។

11. ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច និង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង

12. វា​សួរ​ដល់​ម្តាយ​ថា តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ

13. ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី ដើម្បី​នឹង​កំសាន្ត​ចិត្ត​នាង​បាន ដ្បិត​ការ​អន្តរាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន

14. ពួក​ហោរា​របស់​នាង​បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង‌ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​សេចក្តី​ទុច្ចរិត​របស់​នាង ប្រយោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្តី​កំភូត និង​សេចក្តី​ដែល​បណ្តាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ

15. អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​បាន​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ

16. ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ

17. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​ដែល​ទ្រង់​គិត​ធ្វើ ទ្រង់​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​ពី​ចាស់​បុរាណ គឺ​ទ្រង់​បាន​រំលំ ឥត​ប្រណី ហើយ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មាន​សេចក្តី​អំណរ​ពី​ដំណើរ​នាង ទ្រង់​បាន​លើក​ដំកើង​ស្នែង​របស់​ពួក​ដែល​ត​តាំង​នឹង​នាង។

18. ចិត្ត​របស់​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌អម្ចាស់... ឱ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឲ្យ​មាន​ទឹក​ភ្នែក​ហូរ​សស្រាក់ ដូច​ជា​ទន្លេ​ទាំង​យប់​ទាំង​ថ្ងៃ​ចុះ កុំ​ឲ្យ​ឈប់​សំរាក​ឡើយ កុំ​ឲ្យ​ប្រស្រី​ភ្នែក​របស់​នាង​ឈប់​ផ្អាក​ឲ្យ​សោះ

19. ចូរ​ក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ទ្រង់ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។

20. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចារណា​មើល ដែល​ទ្រង់​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សំឡាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ

21. ទាំង​ពួក​ជំទង់ និង​ពួក​ចាស់ៗ​សុទ្ធ​តែ​ដេក​នៅ​តាម​ផ្លូវ ឯ​ពួក​ក្រមុំ និង​ពួក​កំឡោះៗ​របស់​ខ្ញុំ​ម្ចាស់ គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ ទ្រង់​បាន​ប្រហារ​ជីវិត​គេ ក្នុង​ថ្ងៃ​ដែល​ទ្រង់​ខ្ញាល់ ទ្រង់​បាន​កាប់​សំឡាប់​គេ ឥត​ប្រណី​ឡើយ

22. ទ្រង់​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ​មុត‌មាំ ឲ្យ​សេចក្តី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំវិញ គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ ក្នុង​ថ្ងៃ​នៃ​សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ឡើយ ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់​បាន​សំឡាប់​អស់​ហើយ។