គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 2:6-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទ្រង់​បាន​កន្ត្រាក់​យក​ព្រះ‌ពន្លា​របស់​ទ្រង់​ចេញ​ដោយ​កំឡាំង ទុក​ដូច​ជា​សួន‌ច្បារ ក៏​បាន​បំផ្លាញ​ទី​ប្រជុំ​របស់​ទ្រង់​ចោល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភ្លេច​ជំនុំ​មុត‌មាំ និង​ថ្ងៃ​ឈប់​សំរាក ឲ្យ​សូន​បាត់​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ក្នុង​សេចក្តី​គ្នាន់‌ក្នាញ់​របស់​សេចក្តី​ខ្ញាល់​ទ្រង់ នោះ​ទ្រង់​បាន​ស្អប់​ខ្ពើម​ដល់​ទាំង​ស្តេច និង​សង្ឃ​ផង

7. ព្រះ‌អម្ចាស់​ទ្រង់​បាន​បោះ‌បង់​ចោល​អាសនា​របស់​ទ្រង់ ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ទ្រង់​ដែរ ទ្រង់​បាន​ប្រគល់​អស់​ទាំង​កំផែង​នៃ​ព្រះ‌រាជ‌វាំង ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់

8. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​នឹង​បំផ្លាញ​កំផែង​នៃ​កូន​ស្រី​ស៊ីយ៉ូន​បង់ ក៏​បាន​លាត​ខ្សែ​រង្វាស់​ហើយ ឥត​ដក​ព្រះ‌ហស្ត​ចេញ​ពី​ការ​បំផ្លាញ​ឡើយ ទ្រង់​បាន​បណ្តាល​ឲ្យ​ទាំង​របង​សីមា និង​កំផែង ទួញ​ទំនួញ ហើយ​រោយ‌រៀវ​ទៅ​ជា​មួយ​គ្នា

9. ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ

10. ពួក​ចាស់‌ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន គេ​អង្គុយ​នៅ​ដី ឥត​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​ទៅ​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ ពួក​ក្រមុំៗ នៃ​ក្រុង​យេរូ‌សាឡិម​ក៏​សំយុង​ក្បាល​ដល់​ដី។

11. ភ្នែក​ខ្ញុំ​រលាយ​ទៅ​ដោយ​ហូរ​រហាម ចិត្ត​ខ្ញុំ​ក៏​ទុរន់‌ទុរា ហើយ​ត្រូវ​ស្រលុង​ចុះ​ដល់​ដី​ផង ដោយ​ព្រោះ​ការ​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ ហើយ​ដោយ​ព្រោះ​កូន​តូច និង​កូន​ដែល​នៅ​បៅ វា​សន្លប់​ទៅ​នៅ​តាម​ផ្លូវ​ទី​ក្រុង

12. វា​សួរ​ដល់​ម្តាយ​ថា តើ​អង្ករ និង​ស្រា​ទំពាំង‌បាយ‌ជូរ​នៅ​ឯ​ណា ក៏​វា​សន្លប់​ទៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង ដូច​ជា​មនុស្ស​របួស វា​ដាច់​ខ្យល់​នៅ​លើ​ទ្រូង​ម្តាយ

13. ឱ​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​ដល់​នាង​យ៉ាង​ណា តើ​នឹង​ធៀប​នាង​ដូច​ជា​អ្វី ឱ​កូន​ស្រី​ក្រមុំ​នៃ​ស៊ីយ៉ូន​អើយ តើ​ខ្ញុំ​នឹង​ផ្ទឹម​នាង​នឹង​អ្វី ដើម្បី​នឹង​កំសាន្ត​ចិត្ត​នាង​បាន ដ្បិត​ការ​អន្តរាយ​របស់​នាង​ធំ​ដូច​ជា​សមុទ្រ​ហើយ តើ​អ្នក​ណា​នឹង​មើល​ឲ្យ​ជា​បាន

14. ពួក​ហោរា​របស់​នាង​បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង‌ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​សេចក្តី​ទុច្ចរិត​របស់​នាង ប្រយោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្តី​កំភូត និង​សេចក្តី​ដែល​បណ្តាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ

15. អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​បាន​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ

សូមអានជំពូកពេញលេញ បរិទេវ 2