គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 39:5-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ខ្សែ​ក្រវាត់​ក៏​ធ្វើ​បែប​ដូច​គ្នា ព្រម​ទាំង​ដាក់​ភ្ជាប់​នឹង​អេផូឌ​ដែរ គឺ​បាន​ធ្វើ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

6. គេ​ច្នៃ​ត្បូង​អូនីក្ស រួច​ឆ្លាក់​ឈ្មោះ​ពួក​កូន​អ៊ីស្រា‌អែល​ដូច​ជា​គេ​ឆ្លាក់​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស

7. យក​មក​ដាក់​ភ្ជាប់​នៅ​លើ​ខ្សែ​ស្មា​របស់​អេផូឌ សំរាប់​ជា​ទី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។

8. គេ​បាន​ធ្វើ​ប្រដាប់​បាំង​ទ្រូង តាម​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ បែប​ដូច​ជា​ធ្វើ​អេផូឌ​ដែរ គឺ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

9. គេ​ធ្វើ​ជា​៤​ជ្រុង​ស្មើ​បត់​ជា​ពីរ មាន​បណ្តោយ​១​ចំអាម ទទឹង​១​ចំអាម​ជា​២​ផ្នត់

10. គេ​ដាំ​ត្បូង​៤​ជួរ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ និង​បារកេត​១

11. ក្នុង​ជួរ​ទី​២ មាន​ត្បូង​មរកដ​១ ត្បូង‌កណ្តៀង​១ និង​ពេជ្រ​១

12. ក្នុង​ជួរ​ទី​៣ មាន​ត្បូង​លេសិម​១ ត្បូង​ទទឹម​១ និង​ត្បូង​ត្របែក​១

13. ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ និង​កែវ​មណី‌ជោតិ​១ ត្បូង​ទាំង​នេះ​បាន​ដាំ​ចុះ​ក្នុង​គ្រោង​មាស

14. មាន​ត្បូង​១២​តាម​ចំនួន​ឈ្មោះ​ពួក​កូន​អ៊ីស្រា‌អែល គ្រប់​តែ​ត្បូង​នោះ​បាន​ឆ្លាក់ ដូច​ជា​គេ​ឆ្លាក់​ត្រា​ក្នុង​ត្បូង​១ មាន​ឆ្លាក់​ចុះ​ឈ្មោះ​១ ក្នុង​ពូជ​អំបូរ​ទាំង​១២

15. គេ​ធ្វើ​ខ្សែ​មាស​សុទ្ធ វេញ​ដូច​ជា​ខ្សែពួរ ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង

16. ក៏​ធ្វើ​គ្រោង​មាស​២ និង​ក្រវិល​មាស​២​ដាក់​ភ្ជាប់​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង

17. ហើយ​បញ្ចូល​ខ្សែ​មាស​២ ក្នុង​ក្រវិល​មាស​ទាំង​២​ដែល​នៅ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង​នោះ

18. ឯ​ចុង​ខ្សែ​មាស​ទាំង​២ គេ​ក៏​ចង​ភ្ជាប់​នឹង​គ្រោង​មាស​នៅ​ខ្សែ​ស្មា​របស់​អេផូឌ​ខាង​មុខ

19. ក៏​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​នៅ​ជាយ​ខាង​ក្នុង ត្រង់​ចុង​សង​ខាង​នៃ​ប្រដាប់​បាំង​ទ្រូង​ដែល​ជាប់​នឹង​អេផូឌ

20. គេ​ក៏​ធ្វើ​ក្រវិល​មាស​២​ទៀត ដាក់​ភ្ជាប់​ពី​ក្រោម​ខាង​មុខ​ខ្សែ​ស្មា​ជិត​កន្លែង​ដែល​ខ្សែ​ស្មា បាន​ភ្ជាប់​នឹង​អេផូឌ នៅ​ខាង​លើ​អេផូឌ

សូមអានជំពូកពេញលេញ និក្ខមនំ 39