គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 39:28-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. ក៏​ធ្វើ​មួក​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ឈ្នួត ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សំរាប់​ជា​សេចក្ដី​លំអ ហើយ​នឹង​ខោ​ស្នាប់​ភ្លៅ ពី​សំពត់​ខ្លូត‌ទេស​ដែរ គឺ​សំពត់​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

29. ហើយ​ខ្សែ​ក្រវាត់​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប៉ាក់​ជា​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ហើយ​ពណ៌​ក្រហម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

30. គេ​បាន​ធ្វើ​ស្លាក​មាស​សុទ្ធ​ជា​មកុដ​បរិសុទ្ធ ក៏​ឆ្លាក់​អក្សរ​នៅ​ស្លាក​នោះ​ដូច​ជា​គេ​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា»

31. រួច​គេ​យក​ខ្សែ​ខៀវ​ចង​ស្លាក​នោះ​ជាប់​នឹង​មួក​ខាង​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

32. ដូច្នេះ អស់​ទាំង​ការ​ស្អាង​រោង​ឧបោសថ និង​ត្រសាល​ជំនុំ នោះ​ក៏​រួច​ជា​ស្រេច ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​បាន​ធ្វើ​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ បាន​ហើយ​ជា​ស្រេច​ទាំង​អស់។

33. គេ​នាំ​យក​រោង​ឧបោសថ​មក​ឯ​ម៉ូសេ គឺ​ទាំង​ត្រសាល និង​ប្រដាប់​ត្រសាល​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​ទាំង​ប៉ុន្មាន

34. គំរប​ធ្វើ​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​គំរប​ធ្វើ​ពី​ស្បែក​ផ្សោត វាំង‌នន​សំរាប់​ខាំង

35. ហឹប​ទី​បន្ទាល់ និង​ឈើ​ស្នែង​សំរាប់​សែង និង​ទី​សន្តោស​ប្រោស​ហើយ

36. តុ និង​គ្រឿង​ប្រដាប់​សំរាប់​តុ ហើយ​នឹង​នំបុ័ង​តាំង​ទុក

37. ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង​ទាំង​ប៉ុន្មាន គឺ​ជា​ចង្កៀង​សំរាប់​ដាក់​លើ​ជើង​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​ចង្កៀង ព្រម​ទាំង​ប្រេង​ផង

38. អាស‌នា​មាស ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប រនាំង​បាំង​នៅ​មាត់​ទ្វារ​ត្រសាល

39. អាស‌នា​លង្ហិន ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​ប្រដាប់​អាស‌នា​ទាំង​អស់ ព្រម​ទាំង​ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ

40. រនាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​របស់​សសរ រនាំង​សំរាប់​បាំង​មាត់​ទ្វារ​ទីលាន អស់​ទាំង​ខ្សែ​ចំរ៉ឹង ហើយ​គ្រឿង​ប្រដាប់​សំរាប់​រោង​ឧបោសថ ហើយ​សំរាប់​ត្រសាល​ជំនុំ​ទាំង​អស់​ផង

41. និង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​នឹង​សំលៀក‌បំពាក់​ទាំង​អស់​សំរាប់​ឲ្យ​ពួក​កូន​លោក​ធ្វើ​ការ‌ងារ​ជា​សង្ឃ។

42. ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ធ្វើ​អស់​ទាំង​ការ​នេះ​សំរេច តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

43. ម៉ូសេ​ក៏​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​បាន​ធ្វើ​ការ​នោះ​ស្រេច​ទាំង​អស់ រួច​ម៉ូសេ​ក៏​ឲ្យ​ពរ​ដល់​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 39