គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 39:23-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. នៅ​កណ្តាល​អាវ​វែង​នោះ​មាន​ក ដូច​ជា​ក​នៃ​អាវ​សឹក ព្រម​ទាំង​មាន​សំពត់​ចំ នៅ​ជុំវិញ​ក​ផង ដើម្បី​កុំ​ឲ្យ​អាវ​វែង​នោះ​រហែក​ចេញ​ឡើយ

24. នៅ​ជុំវិញ​ជាយ​អាវ​វែង គេ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ពី​អំបោះ​វេញ​យ៉ាង​ខ្មាញ់

25. ក៏​ធ្វើ​ចង្ក្រង់​មាស​សុទ្ធ​ដាក់​លាយ​ចំរុះ​ត្រង់​កណ្តាល​ផ្លែ​ទទឹម​នោះ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​ដែរ

26. គឺ​ចង្ក្រង់​១​ផ្លែ​ទទឹម​១ ចង្ក្រង់​១​ផ្លែ​ទទឹម​១ នៅ​គ្រប់​ជុំវិញ​ជាយ​អាវ​សំរាប់​ការ‌ងារ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

27. គេ​បាន​ធ្វើ​អាវ​ខ្លី ត្បាញ​ពី​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សំរាប់​អើរ៉ុន និង​ពួក​កូន​លោក

28. ក៏​ធ្វើ​មួក​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​ឈ្នួត ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត​សំរាប់​ជា​សេចក្ដី​លំអ ហើយ​នឹង​ខោ​ស្នាប់​ភ្លៅ ពី​សំពត់​ខ្លូត‌ទេស​ដែរ គឺ​សំពត់​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

29. ហើយ​ខ្សែ​ក្រវាត់​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ប៉ាក់​ជា​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ហើយ​ពណ៌​ក្រហម ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

30. គេ​បាន​ធ្វើ​ស្លាក​មាស​សុទ្ធ​ជា​មកុដ​បរិសុទ្ធ ក៏​ឆ្លាក់​អក្សរ​នៅ​ស្លាក​នោះ​ដូច​ជា​គេ​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា»

31. រួច​គេ​យក​ខ្សែ​ខៀវ​ចង​ស្លាក​នោះ​ជាប់​នឹង​មួក​ខាង​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។

32. ដូច្នេះ អស់​ទាំង​ការ​ស្អាង​រោង​ឧបោសថ និង​ត្រសាល​ជំនុំ នោះ​ក៏​រួច​ជា​ស្រេច ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​បាន​ធ្វើ​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ បាន​ហើយ​ជា​ស្រេច​ទាំង​អស់។

33. គេ​នាំ​យក​រោង​ឧបោសថ​មក​ឯ​ម៉ូសេ គឺ​ទាំង​ត្រសាល និង​ប្រដាប់​ត្រសាល​ទាំង​ប៉ុន្មាន ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​ទាំង​ប៉ុន្មាន

34. គំរប​ធ្វើ​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ហើយ​គំរប​ធ្វើ​ពី​ស្បែក​ផ្សោត វាំង‌នន​សំរាប់​ខាំង

35. ហឹប​ទី​បន្ទាល់ និង​ឈើ​ស្នែង​សំរាប់​សែង និង​ទី​សន្តោស​ប្រោស​ហើយ

36. តុ និង​គ្រឿង​ប្រដាប់​សំរាប់​តុ ហើយ​នឹង​នំបុ័ង​តាំង​ទុក

37. ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង​ទាំង​ប៉ុន្មាន គឺ​ជា​ចង្កៀង​សំរាប់​ដាក់​លើ​ជើង​នោះ និង​អស់​ទាំង​គ្រឿង​ប្រដាប់​ចង្កៀង ព្រម​ទាំង​ប្រេង​ផង

សូមអានជំពូកពេញលេញ និក្ខមនំ 39