គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 35:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ម៉ូសេ​ក៏​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​មក​ប្រាប់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម

2. គឺ​ក្នុង​រវាង​៦​ថ្ងៃ នោះ​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​បរិសុទ្ធ​សំរាប់​អ្នក​រាល់​គ្នា​វិញ ថ្ងៃ​នោះ​ជា​ថ្ងៃ​ផ្អាក​ការ គឺ​ជា​ថ្ងៃ​ឈប់​សំរាក​ដល់​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​សំឡាប់​ចោល

3. អ្នក​រាល់​គ្នា​មិន​ត្រូវ​ទាំង​បង្កាត់​ភ្លើង​នៅ​ក្នុង​ផ្ទះ​ឯ​ណា​មួយ ក្នុង​ថ្ងៃ​ឈប់​សំរាក​នោះ​ផង។

4. ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

5. គឺ​ត្រូវ​ឲ្យ​យក​ដង្វាយ​ពី​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ចុះ គឺ​ជា​មាស ជា​ប្រាក់ ជា​លង្ហិន

6. ជា​ល័ខ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​រោម​ពពែ

7. ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាង‌នួន

8. ប្រេង​សំរាប់​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប​សំរាប់​ដុត

9. ថ្ម​អូនីក្ស ហើយ​ថ្ម​ឯ​ទៀត​សំរាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង​ផង

10. ឯ​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​ត្រូវ​ឲ្យ​មក​ធ្វើ​អស់​ទាំង​ប្រដាប់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ចុះ

11. គឺ​ជា​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​រោង​នោះ និង​គំរប​គ្រប​លើ​ត្រសាល ហើយ​អស់​ទាំង​ទំពក់ ក្តារ រនុក សសរ និង​ជើង​របស់​រោង​នោះ

12. ហឹប និង​ឈើ​ស្នែង ទី​សន្តោស​ប្រោស​វាំង‌នន​សំរាប់​បាំង​ហឹប

13. តុ និង​ឈើ​ស្នែង ព្រម​ទាំង​ប្រដាប់​តុ​នោះ និង​នំបុ័ង​តាំង​តុ

14. ជើង​ចង្កៀង អស់​ទាំង​ចង្កៀង និង​ប្រដាប់​ទាំង​ប៉ុន្មាន ហើយ​នឹង​ប្រេង​សំរាប់​ដុត

15. អាស‌នា​សំរាប់​ដុត​គ្រឿង​ក្រអូប និង​ឈើ​ស្នែង​ផង ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប ព្រម​ទាំង​រនាំង​បាំង​មាត់​ទ្វារ​រោង​ឧបោសថ

16. អាស‌នា​សំរាប់​ដង្វាយ​ដុត ប្រទាស​លង្ហិន ឈើ​ស្នែង និង​អស់​ទាំង​ប្រដាប់​អាស‌នា​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ

17. រនាំង​បាំង​ទីលាន អស់​ទាំង​សសរ និង​ជើង​ទាំង​ប៉ុន្មាន ហើយ​រនាំង​នៅ​មាត់​ទ្វារ​ទីលាន​ផង

18. អស់​ទាំង​ចំរ៉ឹង​សំរាប់​រោង​ឧបោសថ និង​ទីលាន​ព្រម​ទាំង​ខ្សែ​ទាំង​ប៉ុន្មាន

សូមអានជំពូកពេញលេញ និក្ខមនំ 35