គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 25:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ដង្វាយ​មក​ថ្វាយ​អញ ត្រូវ​ទទួល​ដង្វាយ​ដែល​ថ្វាយ​ដល់​អញ​នោះ ពី​អស់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

3. នេះ​ជា​ដង្វាយ​ដែល​ឯង​ត្រូវ​ទទួល​ពី​គេ គឺ​ជា​មាស ប្រាក់ លង្ហិន

4. ហើយ​អំបោះ​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​អំបោះ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ព្រម​ទាំង​រោម​ពពែ

5. ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត និង​ឈើ​នាង‌នួន

6. ប្រេង​សំរាប់​ដុត គ្រឿង​ក្រអូប​សំរាប់​ប្រេង​ចាក់​លាប ហើយ​សំរាប់​គ្រឿង​ដុត

7. ត្បូង​អូនីក្ស ហើយ​ត្បូង​គ្រប់​យ៉ាង សំរាប់​ដាំ​នៅ​អេផូឌ និង​នៅ​ប្រដាប់​បាំង​ទ្រូង

8. រួច​ឲ្យ​គេ​ស្អាង​ទី​បរិសុទ្ធ ដើម្បី​ឲ្យ​អញ​បាន​នៅ​កណ្តាល​គេ

9. ត្រូវ​ឲ្យ​ឯង​ធ្វើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន តាម​គំរូ​ដែល​អញ​នឹង​បង្ហាញ​ឯង។

10. ត្រូវ​ឲ្យ​គេ​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ កំពស់​១​ហត្ថ​កន្លះ

11. រួច​ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ទាំង​ក្នុង​ទាំង​ក្រៅ ហើយ​ធ្វើ​កែម​មាស​នៅ​លើ​ហឹប​ជុំវិញ

12. ត្រូវ​ឲ្យ​សិត​កង​មាស​៤​សំរាប់​ហឹប ដាក់​ភ្ជាប់​នៅ​គ្រប់​ទាំង​៤​ជ្រុង គឺ​២​ម្ខាងៗ

13. ហើយ​ត្រូវ​យក​ឈើ​នាង‌នួន​ធ្វើ​ជា​ឈើ​ស្នែង ដោយ​ស្រោប​មាស​ដូច​គ្នា​ដែរ

14. រួច​ព្រហក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហឹប​នោះ​សំរាប់​សែង​ទៅ

15. ឈើ​ស្នែង​នោះ​ត្រូវ​នៅ​ជាប់​នឹង​កង​ហឹប មិន​ត្រូវ​ឲ្យ​ដក​ចេញ​ឡើយ

16. ត្រូវ​ដាក់​សេចក្ដី​បន្ទាល់​ដែល​អញ​នឹង​ឲ្យ​ឯង ទៅ​ក្នុង​ហឹប​នោះ

17. រួច​ត្រូវ​ធ្វើ​ទី​សន្តោស​ប្រោស​ពី​មាស​សុទ្ធ បណ្តោយ​២​ហត្ថ​កន្លះ ទទឹង​១​ហត្ថ​កន្លះ

18. ត្រូវ​យក​មាស​ឆ្លាក់​ធ្វើ​ជា​រូប​ចេរូប៊ីន​២ នៅ​ចុង​សង​ខាង​នៃ​ទី​សន្តោស​ប្រោស​នោះ

សូមអានជំពូកពេញលេញ និក្ខមនំ 25