គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 18:21-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ត្រូវ​ឲ្យ​ឯង​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត‌ខ្លាច​ដល់​ព្រះ​ក្នុង​ពួក​ជន ជា​មនុស្ស​ទៀង​ត្រង់​ដែល​ស្អប់​ការ​សំណូក ហើយ​ត្រូវ​តាំង​មនុស្ស​ទាំង​នោះ​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ជន​ទាំង‌ឡាយ ឲ្យ​គេ​ធ្វើ​ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ផង

22. ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប ឯ​អស់​ទាំង​រឿង​ណា​ធំៗ នោះ​ត្រូវ​ឲ្យ​គេ​នាំ​មក​ដល់​ឯង តែ​បើ​ជា​រឿង​តូចៗ​ទេ ត្រូវ​ឲ្យ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាន​ស្រួល​ជាង ឯ​អ្នក​ទាំង​នោះ​នឹង​បាន​ជា​ជំនួយ​ដល់​ឯង

23. បើ​ឯង​ព្រម​ធ្វើ​ដូច្នោះ ហើយ​ព្រះ​ទ្រង់​ក៏​បង្គាប់​ផង នោះ​ឯង​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន ហើយ​បណ្តា‌ជន​នេះ​នឹង​បាន​ទៅ​ដល់​កន្លែង​គេ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា​ដែរ។

24. ម៉ូសេ​លោក​ក៏​ស្តាប់​តាម​ឪពុក​ក្មេក ហើយ​ធ្វើ​តាម​ពាក្យ​លោក​ថា​ទាំង​ប៉ុន្មាន

25. គឺ​លោក​រើស​យក​មនុស្ស ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា‌ជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ

26. អ្នក​ទាំង​នោះ​ក៏​ជំនុំ‌ជំរះ​ពួក​ជន​ជា​ដរាប​ទៅ គេ​នាំ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​ពិបាកៗ​មក​ដល់​ម៉ូសេ តែ​អស់​ទាំង​រឿង‌រ៉ាវ​ណា​ដែល​តូចៗ នោះ​គេ​កាត់​សេចក្ដី​ដោយ​ខ្លួន​គេ​វិញ

27. រួច​ម៉ូសេ​បញ្ជូន​ឲ្យ​ឪពុក​ក្មេក​ទៅ នោះ​លោក​ក៏​ត្រឡប់​ទៅ​ស្រុក​វិញ។

សូមអានជំពូកពេញលេញ និក្ខមនំ 18