គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 10:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​គាល់​ផារ៉ោន ដ្បិត​អញ​បាន​បណ្តាល​ឲ្យ​ចិត្ត​ទ្រង់ និង​ចិត្ត​នៃ​ពួក​មហា‌តលិក​ទ្រង់​រឹង‌ទទឹង ដើម្បី​ឲ្យ​អញ​បាន​សំដែង​អស់​ទាំង​ទី​សំគាល់​របស់​អញ នៅ​ក្នុង​ចំណោម​ពួក​គេ

2. ហើយ​ឲ្យ​ឯង​បាន​និទាន​ប្រាប់​ដល់​កូន​ចៅ​ឯង​ពី​ការ​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​ពី​ទី​សំគាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​សំដែង​នៅ​ក្នុង​ពួក​គេ យ៉ាង​នោះ ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

3. នោះ​ម៉ូសេ និង​អើរ៉ុន​ក៏​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ឯង​នៅ​តែ​មិន​ព្រម​បន្ទាប​ខ្លួន​នៅ​មុខ​អញ ដើម្បី​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ​ដល់​កាល​ណា​ទៀត

4. បើ​ឯង​មិន​ព្រម​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ទេ នោះ​មើល ដល់​ថ្ងៃ​ស្អែក អញ​នឹង​នាំ​ហ្វូង​កណ្តូប​មក​ក្នុង​ស្រុក

5. វា​នឹង​មក​គ្រប​ពេញ​ដី ទាល់​តែ​មើល​ដី​មិន​ឃើញ​ទៀត ហើយ​នឹង​ស៊ី​អស់​ទាំង​របស់​ដែល​សល់​នៅ​អំពី​ព្រិល វា​នឹង​ស៊ី​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ចំការ​របស់​ឯង​រាល់​គ្នា​ផង

6. វា​នឹង​ចូល​ពេញ​ក្នុង​ផ្ទះ​ឯង និង​ផ្ទះ​របស់​ពួក​បំរើ​ឯង ហើយ​នឹង​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​ដែរ ដល់​ម៉្លេះ​បាន​ជា​ឪពុក និង​ពួក​អយ្យកោ​ឯង​រាល់​គ្នា​មិន​ដែល​ឃើញ​ដូច្នោះ​ឡើយ តាំង​ពី​គេ​កើត​ឡើង​រហូត​ដល់​ឥឡូវ​នេះ នោះ​លោក​ក៏​ថយ​ចេញ​ពី​ផារ៉ោន​ទៅ

7. ឯ​ពួក​មហា‌តលិក​របស់​ផារ៉ោន គេ​ទូល​ថា តើ​ទុក​ឲ្យ​មនុស្ស​នោះ​ធ្វើ​ជា​អន្ទាក់​ដល់​យើង​រាល់​គ្នា​ដល់​កាល​ណា​ទៀត សូម​ឲ្យ​គេ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​ទៅ​ចុះ តើ​ទ្រង់​មិន​ទាន់​ជ្រាប​ថា​ស្រុក​អេស៊ីព្ទ​ខូច​អស់​ហើយ​ទេ​ឬ​អី។

8. មាន​គេ​នាំ​ម៉ូសេ និង​អើរ៉ុន​មក​ឯ​ផារ៉ោន​វិញ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទៅ​ចុះ ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ចុះ តើ​មាន​អ្នក​ណា​ខ្លះ​ដែល​ទៅ

9. ម៉ូសេ​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ចាស់​ទាំង​ក្មេង ទាំង​កូន​ប្រុស​កូន​ស្រី ហើយ​នឹង​ហ្វូង​ចៀម​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​នេះ​គឺ​ជា​បុណ្យ​ព្រះ‌យេហូវ៉ា​សំរាប់​យើង​ខ្ញុំ​រាល់​គ្នា

10. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រុង​ឲ្យ​ឯង​រាល់​គ្នា និង​កូន​ចៅ​ឯង​ទៅ​ដែរ តែ​ចូរ​ប្រយ័ត្ន ដ្បិត​មាន​គ្រោះ​នៅ​ខាង​មុខ​ឯង​រាល់​គ្នា

11. ឈប់​សិន ចូរ​ឯង​រាល់​គ្នា​ចេញ​ទៅ​តែ​ពួក​ប្រុសៗ​ប៉ុណ្ណោះ ដើម្បី​នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ឯង​រាល់​គ្នា​បាន​សូម​ដូច្នេះ​ហើយ រួច​គេ​ក៏​បណ្តេញ​លោក​ទាំង​២​ចេញ​ពី​មុខ​ផារ៉ោន​ទៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 10