គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 24:10-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នោះ​បាឡាក ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ក្តៅ​ឡើង​ដល់​បាឡាម ក៏​ទះ​ព្រះ‌ហស្ត​សន្ធាប់​ទៅ​បាឡាម​ថា អញ​បាន​ហៅ​ឯង​មក ដើម្បី​ដាក់​បណ្តាសា​ដល់​ខ្មាំង​សត្រូវ​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ គ្រប់​ទាំង​៣​ដង​នេះ​វិញ

11. ដូច្នេះ ចូរ​ឯង​រត់​ទៅ​កន្លែង​ឯង​ឥឡូវ​ចុះ អញ​បាន​គិត​នឹង​លើក​ឯង​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ តែ​មើល ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​ឯង​មាន​សក្តិ‌យស​ទេ

12. នោះ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​មិន​បាន​ប្រាប់​ដល់​ពួក​អ្នក​នាំ​សារ​ដែល​ទ្រង់​បាន​ត្រាស់​ប្រើ ឲ្យ​ទៅ​ឯ​ទូល‌បង្គំ​ទេ​ឬ​អី ថា

13. ទោះ​បើ​ព្រះ‌រាជា​នឹង​ប្រទាន​មាស និង​ប្រាក់ ពេញ​ដំណាក់​ទ្រង់ ដល់​ទូល‌បង្គំ​ក៏​ដោយ គង់​តែ​ទូល‌បង្គំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​តាម​ចិត្ត​ទៅ​បាន​ឡើយ សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល គឺ​សេចក្ដី​នោះ​ឯង ដែល​ទូល‌បង្គំ​នឹង​ថ្លែង​ទៅ

14. មើល ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​សាសន៍​ទូល‌បង្គំ​ឥឡូវ​នេះ​ឯង សូម​យាង​មក​នេះ ទូល‌បង្គំ​នឹង​ប្រកាស​ទូល​ទ្រង់​ពី​ការ​ដែល​សាសន៍​នេះ នឹង​ធ្វើ​ដល់​សាសន៍​ទ្រង់​នៅ​គ្រា​ជាន់​ក្រោយ

15. រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម​ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់

16. ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ ជា​អ្នក​ដែល​ស្គាល់​គំនិត​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​ជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក្នុង​ការ​ជាក់‌ស្តែង ព្រម​ទាំង​ក្រាប​ចុះ​ដោយ​មាន​ភ្នែក​បើក​ឡើង

17. ខ្ញុំ​ឃើញ​ទ្រង់ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​រំពឹង​មើល​ទ្រង់ តែ​មិន​មែន​នៅ​ជិត​ទេ នឹង​មាន​ផ្កាយ​១​ចេញ​ពី​ពួក​យ៉ាកុប​មក ហើយ​នឹង​មាន​ដំបង​១​កើត​ពី​សាសន៍​អ៊ីស្រា‌អែល​ដែរ ដំបង​នោះ​នឹង​វាយ​អស់​ទាំង​ទី​កៀន​នៃ​សាសន៍​ម៉ូអាប់ ហើយ​បំបែក​បំបាក់​អស់​ទាំង​ពួក​អ្នក ដែល​បង្កើត​សេចក្ដី​វឹកវរ

សូមអានជំពូកពេញលេញ ជនគណនា 24