គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 16:8-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ម៉ូសេ​ក៏​និយាយ​ទៅ​កូរេ​ថា ពួក​កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​សិន

9. ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ជូន​គេ

10. ព្រម​ទាំង​នាំ​ឯង​រាល់​គ្នា និង​ពួក​លេវី​ជា​បង​ប្អូន​ឯង​ទាំង​អស់​មក​ជិត​ផង នោះ​តើ​ឯង​រាល់​គ្នា​ស្មាន​ថា​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​រក​ចង់​បាន​ការ‌ងារ​ជា​សង្ឃ​ថែម​ទៀត​ដូច្នេះ

11. ឯ​អើរ៉ុន តើ​លោក​ជា​អ្វី​ដែល​ឯង​រាល់​គ្នា​រទូ‌រទាំ​ទាស់​នឹង​លោក​ដូច្នេះ គឺ​ឯង និង​ពួក​ឯង​ទាំង​នេះ​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​វិញ​ទេ​តើ។

12. ម៉ូសេ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​អេលាប​ឲ្យ​មក តែ​គេ​ប្រកែក​ថា យើង​មិន​ទៅ​ទេ

13. ដែល​អ្នក​បាន​នាំ​យើង​ចេញ​ពី​ស្រុក ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ មក ដើម្បី​នឹង​សំឡាប់​យើង​នៅ​ទី​រហោ‌ស្ថាន​នេះ តើ​ជា​ការ​តូច​ពេក​ឬ​អី បាន​ជា​អ្នក​ត្រូវ​ការ​ចង់​លើក​ខ្លួន ធ្វើ​ជា​កំពូល​លើ​យើង​ទៀត

14. ១​ទៀត អ្នក​មិន​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ទេ ក៏​មិន​បាន​ឲ្យ​ស្រែ​ចំការ​មក​យើង​ទុក​ជា​មរដក​ផង តើ​អ្នក​ចង់​ចាក់​ពន្លត់​ភ្នែក​អ្នក​ទាំង​នេះ​ដែរ​ឬ​អី យើង​មិន​ព្រម​ទៅ​សោះ​ឡើយ។

15. ដូច្នេះ​ម៉ូសេ​ក៏​ខឹង​ណាស់ ហើយ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា សូម​ទ្រង់​កុំ​រាប់‌អាន​ដង្វាយ​គេ​ឡើយ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​របស់​គេ សូម្បី​តែ​១​ផង ក៏​មិន​ដែល​ប្រទូស‌រ៉ាយ​ចំពោះ​ពួក​គេ​ណា​ឡើយ។

16. រួច​ម៉ូសេ​បង្គាប់​ដល់​កូរេ​ថា ថ្ងៃ​ស្អែក​នេះ ចូរ​ឲ្យ​ឯង និង​ពួក​ឯង​ទាំង​ប៉ុន្មាន មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ គឺ​ឯង និង​ពួក​អ្នក​ទាំង​នោះ ព្រម​ទាំង​អើរ៉ុន​ផង

17. ចូរ​ឲ្យ​គ្រប់​គ្នា​នាំ​យក​ពាន​របស់​ខ្លួន មក​រោយ​កំញាន​ពី​លើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​នាំ​គ្នា​យក​ពាន​របស់​ខ្លួន​មក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ពាន​មាន​ចំនួន​២៥០ ទាំង​ឯង និង​អើរ៉ុន ក៏​ត្រូវ​យក​ពាន​របស់​ខ្លួន​មក​ដែរ

18. ដូច្នេះ គេ​ក៏​យក​ពាន​មក​គ្រប់​គ្នា ព្រម​ទាំង​ដាក់​ភ្លើង ហើយ​រោយ​កំញាន​ពី​លើ​ផង រួច​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ជា​មួយ​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន

19. ឯ​កូរេ​ក៏​ប្រមូល​ពួក​ជំនុំ​ទាំង​អស់​គ្នា មក​ទាស់​នឹង​លោក​ទាំង​២ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គ្រា​នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ពួក​ជំនុំ​ទាំង​អស់​ឃើញ។

សូមអានជំពូកពេញលេញ ជនគណនា 16