30. តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ និងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយ ដល់ព្រះយេហូវ៉ាហើយ។
31. កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ
32. ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ និងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនឹងទ្រព្យសម្បត្តិគេផង
33. ដូច្នេះអ្នកទាំងនោះ និងពួកគេទាំងអស់ក៏ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីភ្ជិតពីលើគេទៅវិញ ហើយគេត្រូវវិនាសបាត់អស់ពីពួកជំនុំចេញ
34. ឯពួកអ៊ីស្រាអែលដែលនៅជុំវិញ កាលគេឮសំរែករបស់អ្នកទាំងនោះ ក៏រត់ទាំងអស់គ្នា ដោយនិយាយថា ក្រែងដីស្រូបយើងទៅដែរ
35. ក៏មានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះមនុស្ស២៥០នាក់ ដែលកំពុងថ្វាយកំញាននោះដែរ។
36. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
37. ចូរប្រាប់ដល់អេលាសារ ជាកូនអើរ៉ុនដ៏ជាសង្ឃ ឲ្យរើសពានទាំងនោះពីក្នុងភ្លើងមក ហើយឲ្យវាចភ្លើងទៅខាងនោះទៅ ដ្បិតពានទាំងនោះជារបស់បរិសុទ្ធ
38. ត្រូវឲ្យយកពានទាំងប៉ុន្មានរបស់មនុស្ស ដែលបានធ្វើបាបមានទោសដល់ស្លាប់នោះ ទៅផែធ្វើជាបន្ទះ សំរាប់នឹងប៉ានភ្ជាប់នឹងអាសនា ដ្បិតគេបានថ្វាយនៅចំពោះព្រះយេហូវ៉ាហើយ ដូច្នេះជារបស់បរិសុទ្ធ ក៏នឹងបានជាទីសំគាល់ដល់ពួកកូនចៅអ៊ីស្រាអែល