គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 16:27-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ដូច្នេះ គេ​ថយ​ចេញ​ពី​កន្លែង​ជុំវិញ​ត្រសាល​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន និង​អ័ប៊ីរ៉ាម គេ​ក៏​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន ព្រម​ទាំង​ប្រពន្ធ និង​កូន​ធំ​តូច​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ

28. រួច​ម៉ូសេ​មាន​ប្រសាសន៍​ថា គឺ​យ៉ាង​ដូច្នេះ​ដែល​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ចាត់​អញ​មក​ធ្វើ​ការ​ទាំង​នេះ ហើយ​ថា អញ​មិន​បាន​ធ្វើ ដោយ​អំពើ​ចិត្ត​របស់​អញ​ទេ

29. គឺ​បើ​អ្នក​ទាំង​នេះ​ស្លាប់ តាម​ដំណើរ​ធម្មតា​នៃ​មនុស្ស​ទាំង‌ឡាយ ឬ​បើ​គេ​ត្រូវ​ដក​ជីវិត​យក​ទៅ តាម​ភាព​ធម្មតា​របស់​មនុស្ស​ផង​ទាំង​ពួង នោះ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​អញ​មក​ទេ

30. តែ​បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ការ​មួយ​យ៉ាង​ចំឡែក​វិញ ដោយ​ឲ្យ​ដី​ហា​ឡើង​លេប​គេ និង​របស់​ផង​គេ​ទាំង​អស់​ទៅ ហើយ​គេ​ចុះ​ទាំង​រស់ ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ពិត​ថា គេ​បាន​មើល‌ងាយ ដល់​ព្រះ‌យេហូវ៉ា​ហើយ។

31. កាល​លោក​បាន​មាន​ប្រសាសន៍​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ដី​ក៏​ប្រេះ​ឡើង​ពី​ក្រោម​គេ

32. ហា​ទទួល​យក​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ​គេ និង​អស់​មនុស្ស​ណា​ដែល​ជា​ពួក​របស់​កូរេ ហើយ​នឹង​ទ្រព្យ​សម្បត្តិ​គេ​ផង

33. ដូច្នេះ​អ្នក​ទាំង​នោះ និង​ពួក​គេ​ទាំង​អស់​ក៏​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទាំង​រស់ រួច​ដី​ភ្ជិត​ពី​លើ​គេ​ទៅ​វិញ ហើយ​គេ​ត្រូវ​វិនាស​បាត់​អស់​ពី​ពួក​ជំនុំ​ចេញ

34. ឯ​ពួក​អ៊ីស្រា‌អែល​ដែល​នៅ​ជុំវិញ កាល​គេ​ឮ​សំរែក​របស់​អ្នក​ទាំង​នោះ ក៏​រត់​ទាំង​អស់​គ្នា ដោយ​និយាយ​ថា ក្រែង​ដី​ស្រូប​យើង​ទៅ​ដែរ

35. ក៏​មាន​ភ្លើង​ចេញ​ពី​ព្រះ‌យេហូវ៉ា មក​បញ្ឆេះ​មនុស្ស​២៥០​នាក់ ដែល​កំពុង​ថ្វាយ​កំញាន​នោះ​ដែរ។

36. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

37. ចូរ​ប្រាប់​ដល់​អេលាសារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ ឲ្យ​រើស​ពាន​ទាំង​នោះ​ពី​ក្នុង​ភ្លើង​មក ហើយ​ឲ្យ​វាច​ភ្លើង​ទៅ​ខាង​នោះ​ទៅ ដ្បិត​ពាន​ទាំង​នោះ​ជា​របស់​បរិសុទ្ធ

38. ត្រូវ​ឲ្យ​យក​ពាន​ទាំង​ប៉ុន្មាន​របស់​មនុស្ស ដែល​បាន​ធ្វើ​បាប​មាន​ទោស​ដល់​ស្លាប់​នោះ ទៅ​ផែ​ធ្វើ​ជា​បន្ទះ សំរាប់​នឹង​ប៉ាន​ភ្ជាប់​នឹង​អាស‌នា ដ្បិត​គេ​បាន​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ ដូច្នេះ​ជា​របស់​បរិសុទ្ធ ក៏​នឹង​បាន​ជា​ទី​សំគាល់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

39. នោះ​អេលាសារ​ដ៏​ជា​សង្ឃ​ក៏​រើស​យក​ពាន​លង្ហិន​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​ត្រូវ​ភ្លើង​ឆេះ​នោះ​បាន​ថ្វាយ មក​ផែ​សំរាប់​នឹង​ប៉ាន​អាស‌នា

40. ទុក​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​ណា ដែល​មិន​កើត​ពី​ពូជ​អើរ៉ុន​មក បាន​ចូល​ទៅ​ដុត​កំញាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​ដូច​កូរេ ហើយ​នឹង​ពួក​គេ​ដែរ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។

41. លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា លោក​បាន​សំឡាប់​ពួក​ជន​នៃ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ជនគណនា 16