គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 16:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​កូរេ ជា​កូន​យីតសារ ដែល​ជា​កូន​កេហាត់​ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​អេលាប ហើយ​នឹង​អូន ជា​កូន​ពេលេត ក្នុង​ពួក​កូន​ចៅ​រូបេន

2. គេ​លើក​គ្នា​នៅ​មុខ​ម៉ូសេ ជា​មួយ​នឹង​មនុស្ស​២៥០​នាក់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​ពួក​ជំនុំ ជា​មនុស្ស​រើស​តាំង​ក្នុង​ពួក​គេ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ផង

3. អ្នក​ទាំង​នោះ​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ដោយ​ពាក្យ​ថា អ្នក​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់ ដ្បិត​ពួក​ជំនុំ​ក៏​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ​ផង ម្តេច​ឡើយ​អ្នក​ទាំង​២​លើក​កំពស់​ខ្លួន ត្រួត​លើ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​ដូច្នេះ។

4. កាល​ម៉ូសេ​បាន​ឮ​ពាក្យ​នោះ លោក​ក៏​ទំលាក់​ខ្លួន​ចុះ​ក្រាប​ផ្កាប់​មុខ

5. ឆ្លើយ​នឹង​កូរេ ហើយ​នឹង​ពួក​គេ​ថា ព្រឹក​ស្អែក​នេះ ព្រះ‌យេហូវ៉ា​នឹង​សំដែង​ឲ្យ​ស្គាល់​អ្នក​ណា​ដែល​ជា​របស់​ផង​ទ្រង់ និង​អ្នក​ណា​ដែល​បរិសុទ្ធ ទ្រង់​នឹង​នាំ​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ទ្រង់ គឺ​ជា​អ្នក​ណា​ដែល​ទ្រង់​នឹង​រើស ទ្រង់​នឹង​នាំ​អ្នក​នោះ​ឯង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់

6. ចូរ​ឲ្យ​កូរេ​ឯង និង​ពួក​អ្នក​នៅ​ជា​មួយ​ធ្វើ​ដូច្នេះ​ចុះ ឲ្យ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​ទៅ

7. រួច​ដល់​ស្អែក​ឡើង ចូរ​យក​ភ្លើង​ដាក់​នឹង​ពាន​ទាំង​នោះ ហើយ​រោយ​កំញាន​ពី​លើ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​រើស អ្នក​នោះ​ឯង​នឹង​បាន​បរិសុទ្ធ នែ កូន​ចៅ​លេវី​អើយ ឯង​រាល់​គ្នា​យក​អំណាច​លើ​ខ្លួន​ហួស​ពេក​ណាស់

8. ម៉ូសេ​ក៏​និយាយ​ទៅ​កូរេ​ថា ពួក​កូន​ចៅ​លេវី​អើយ ចូរ​ស្តាប់​សិន

9. ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​ញែក​ឯង​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​បាន​នាំ​ឯង​ចូល​ទៅ​ជិត​ទ្រង់ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ជូន​គេ

សូមអានជំពូកពេញលេញ ជនគណនា 16