គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 11:31-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. នោះ​អ្វីៗ​ណា​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ទូល‌បង្គំ​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន​មក​វិញ ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ជា​ដង្វាយ​ដុត

32. ដូច្នេះ យែបថា​ក៏​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​លោក

33. លោក​ប្រហារ​ជីវិត​គេ​យ៉ាង​សំបើម ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ មក​ដល់​ក្រុង​មីនីត ទាំង​អស់​បាន​ទី​ក្រុង​២០ ហើយ​រហូត​ដល់​អេបិល-កេរ៉ា‌មីម​ថែម​ទៀត ពួក​កូន​ចៅ​អាំម៉ូន​ក៏​ត្រូវ​ក្រាប​ចុះ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

34. រួច​យែបថា លោក​ត្រឡប់​មក​ដល់​ផ្ទះ នៅ​ត្រង់​មីសប៉ា​វិញ នោះ​មើល ខណៈ​នោះ​កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​បន្ទរ​ក្រាប់​បណ្តើរ ហើយ​លោត‌កញ្ឆេង​ផង នាង​នោះ​ជា​កូន​តែ​១​របស់​លោក ក្រៅ​ពី​នាង នោះ​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ

35. កាល​លោក​ក្រឡក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ

36. នាង​ឆ្លើយ​ទៅ​ឪពុក​ថា លោក​ឪពុក​អើយ បើ​លោក​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សូម​ធ្វើ​ដល់​ខ្ញុំ​តាម​វាចា ដែល​ចេញ​ពី​មាត់​នោះ​ចុះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​បាន​សង‌សឹក​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្មាំង​សត្រូវ ជំនួស​លោក​ឪពុក​ហើយ

37. រួច​នាង​ក៏​សូម​ដល់​ឪពុក​ថា សូម​បើក​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ គឺ​ទុក​ខ្ញុំ​ឲ្យ​នៅ​ក្នុង​រវាង​២​ខែ​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ភាព​ជា​ក្រមុំ​របស់​ខ្ញុំ ជា​មួយ​នឹង​ពួក​ស្ត្រី ជា​មិត្រ​សំឡាញ់​ខ្ញុំ

38. នោះ​ឪពុក​ក៏​ឆ្លើយ​ថា ទៅ​ចុះ ហើយ​លោក​បើក​ឱកាស​ឲ្យ​នាង​ទៅ​នៅ​អស់​២​ខែ ដូច្នេះ នាង​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ទៅ ហើយ​យំ​ស្តាយ​ដល់​ភាព​ជា​ក្រមុំ​របស់​នាង​លើ​ភ្នំ

39. លុះ​គ្រប់​កំណត់​២​ខែ​ហើយ នោះ​នាង​ក៏​ត្រឡប់​មក​ឯ​ឪពុក​វិញ ហើយ​លោក​បាន​ធ្វើ​ដល់​នាង តាម​បំណន់​របស់​ខ្លួន​ទៅ នាង​ឥត​ដែល​បាន​ស្គាល់​បុរស​ណា​ឡើយ សេចក្ដី​នោះ​ឯង​បាន​ត្រឡប់​ទៅ​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ

40. គឺ​រាល់​តែ​ឆ្នាំ​ពួក​កូន​ស្រី​របស់​អ៊ីស្រា‌អែល គេ​តែង​ទៅ​យំ​រំឭក​ពី​កូន​ស្រី​របស់​យែបថា ជា​ពួក​កាឡាត​នោះ គ្រប់​៤​ថ្ងៃ​ក្នុង​១​ឆ្នាំ។

សូមអានជំពូកពេញលេញ ចៅហ្វាយ 11