ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចៅហ្វាយ 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

យែបថា​ឡើង​ធ្វើ​ជា​មេ​ដឹក‌នាំ​លើ​អ៊ីស្រា‌អែល

1. ខណៈ​នោះ​មាន​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ​ម្នាក់ ឈ្មោះ​យែបថា ជា​កូន​ដែល​កាឡាត​បង្កើត​នឹង​ស្រី​សំផឹង​ម្នាក់

2. ឯ​ប្រពន្ធ​កាឡាត​ក៏​បាន​បង្កើត​កូន​ប្រុស​ខ្លះ​ឲ្យ​គាត់​ដែរ កាល​ពួក​កូន​របស់​ប្រពន្ធ​គាត់​បាន​ធំ​ឡើង នោះ​ក៏​បណ្តេញ​យែបថា​ចេញ ដោយ​ពាក្យ​ថា ឯង​មិន​ត្រូវ​បាន​ចំណែក​មរដក ក្នុង​គ្រួ​ឪពុក​យើង​ទេ ដ្បិត​ឯង​ជា​កូន​ខាង​ក្រៅ

3. នោះ​យែបថា​ក៏​រត់​ពី​បង​ប្អូន ចេញ​ទៅ​នៅ​ឯ​ស្រុក​ថូប​ទៅ រួច​មាន​ពួក​មនុស្ស​អនាថា​មូល​មក​ចូល​ដៃ​ជា​មួយ​គ្នា គេ​តែង​ចេញ​ទៅ​វាយ​ប្លន់​ជា​មួយ​នឹង​គាត់។

4. លុះ​ចំណេរ​ក្រោយ​មក នោះ​ពួក​កូន​ចៅ​អាំម៉ូន គេ​ទន្ទ្រាន​ចូល​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល

5. ខណៈ​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រា‌អែល នោះ​ពួក​ចាស់‌ទុំ​នៅ​ស្រុក​កាឡាត​ក៏​ចាត់​គេ ឲ្យ​ទៅ​ហៅ​យែបថា ពី​ស្រុក​ថូប​មក

6. ដោយ​អង្វរ​ថា សូម​មក​ធ្វើ​ជា​មេ‌ទ័ព លើ​យើង​រាល់​គ្នា ដើម្បី​នាំ​យើង​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន

7. តែ​យែបថា​ប្រកែក​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​មក​រក​ខ្ញុំ​ឥឡូវ ក្នុង​គ្រា​ដែល​មាន​សេចក្ដី​វេទនា​វិញ​ដូច្នេះ

8. នោះ​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ឆ្លើយ​តប​ថា គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា​មក​រក​អ្នក​ឥឡូវ ដើម្បី​ឲ្យ​អ្នក​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ធ្វើ​ជា​មេ​របស់​យើង​រាល់​គ្នា គ្រប់​គ្រង​លើ​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់

9. រួច​យែបថា​សួរ​បញ្ជាក់​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា បើ​អ្នក​រាល់​គ្នា​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​គេ​មក​នៅ​មុខ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​បាន​ធ្វើ​ជា​មេ​លើ​អ្នក​រាល់​គ្នា​ពិត​មែន​ឬ

10. ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ឮ​ពាក្យ​យើង​នេះ​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​អ្នក​ជា​ពិត​ប្រាកដ

11. ដូច្នេះ​យែបថា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ចាស់‌ទុំ​នៃ​ស្រុក​កាឡាត​ទៅ ហើយ​ពួក​បណ្តា‌ជន​ក៏​លើក​ឡើង​ឲ្យ​ធ្វើ​ជា​កំពូល ហើយ​ជា​មេ​លើ​គេ រួច​យែបថា​ក៏​ទៅ​ថ្លែង​អស់​ទាំង​ពាក្យ​ដដែល​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា។

12. ស្រេច​ហើយ​យែបថា​ចាត់​សារ ឲ្យ​ទៅ​ឯ​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​សួរ​ថា តើ​លោក​នឹង​ខ្ញុំ មាន​រឿង​អ្វី​នឹង​គ្នា​បាន​ជា​លោក​មក​ច្បាំង​នឹង​ខ្ញុំ​នៅ​ស្រុក​ខ្ញុំ​ដូច្នេះ

13. ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​ទូត​របស់​យែបថា​ថា គឺ​ដោយ​ព្រោះ​សាសន៍​អ៊ីស្រា‌អែល បាន​ដណ្តើម​យក​ស្រុក​របស់​អញ ចាប់​តាំង​ពី​ស្ទឹង​អើណូន ទៅ​ដល់​ស្ទឹង​យ៉ាបុក ហើយ​ត្រឹម​ទន្លេ​យ័រដាន់ ក្នុង​កាល​ដែល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ ដូច្នេះ ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​អញ​វិញ​ឥឡូវ ដោយ​មេត្រី​ចុះ

14. នោះ​យែបថា​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​របស់​ពួក​កូន​ចៅ​អាំម៉ូន​ម្តង​ទៀត ទូល​ថា

15. យែបថា​ទូល​យ៉ាង​ដូច្នេះ​ថា សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យក​ស្រុក​របស់​សាសន៍​ម៉ូអាប់ ឬ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ទេ

16. គឺ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​សាសន៍​អ៊ីស្រា‌អែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​ទៅ​ដល់​កាដេស

17. រួច​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អេដំម ទូល​ថា សូម​បើក​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង តែ​ស្តេច​ស្រុក​នោះ​មិន​យល់​ព្រម​តាម​សោះ គេ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ទ្រង់​ក៏​មិន​យល់​ព្រម​ទៀត បាន​ជា​សាសន៍​អ៊ីស្រា‌អែល​បង្អង់​នៅ​ក្នុង​ស្រុក​កាដេស​នោះ

18. រួច​គេ​ដើរ​តាម​ទី​រហោ‌ស្ថាន​វាង​ព័ទ្ធ​ស្រុក​អេដំម និង​ស្រុក​ម៉ូអាប់ តាម​ខាង​កើត​ស្រុក​ម៉ូអាប់​វិញ ហើយ​ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ស្ទឹង​អើណូន តែ​មេ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ព្រំ​ស្រុក​ម៉ូអាប់​សោះ ដ្បិត​ស្ទឹង​អើណូន​នោះ ជា​ព្រំ‌ខណ្ឌ​នៃ​ស្រុក​ម៉ូអាប់

19. នៅ​ទី​នោះ​សាសន៍​អ៊ីស្រា‌អែល​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី គឺ​ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​ថា សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់ ទៅ​ឯ​កន្លែង​របស់​យើង​ខ្ញុំ​ផង

20. តែ​ស្តេច​ទ្រង់​មិន​ទុក​ចិត្ត​ចំពោះ​សាសន៍​អ៊ីស្រា‌អែល នឹង​ឲ្យ​គេ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ទ្រង់​ទេ ក៏​ប្រមូល​ពួក​ទ្រង់​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​យ៉ាហាស់ ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង

21. នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ក៏​ប្រគល់​ស៊ីហុន និង​ពួក​ទ្រង់​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង ហើយ​យើង​ក៏​ប្រហារ​គេ គឺ​យ៉ាង​នោះ​ហើយ ដែល​សាសន៍​អ៊ីស្រា‌អែល​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ជា​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ​បាន

22. គេ​ចាប់​យក​បាន​ស្រុក​របស់​សាសន៍​អាម៉ូរី​នោះ ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក ហើយ​ពី​ទី​រហោ‌ស្ថាន​ទៅ​ដល់​ទន្លេ​យ័រដាន់

23. ឥឡូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បណ្តេញ​សាសន៍​អាម៉ូរី ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ចេញ​ហើយ ដូច្នេះ តើ​ត្រូវ​ការ​អ្វី ឲ្យ​ទ្រង់​មក​យក​ស្រុក​នេះ​ធ្វើ​អី

24. ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស ជា​ព្រះ​នៃ​ទ្រង់ បាន​ប្រទាន​ឲ្យ នោះ​តើ​មិន​យក​ជា​របស់​ផង​ទ្រង់​ទេ​ឬ​អី ដូច្នេះ​ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បណ្តេញ​ពី​មុខ​យើង​ខ្ញុំ​ទៅ នោះ​ស្រុក​របស់​គេ​ត្រូវ​បាន​ជា​របស់​ផង​យើង​ខ្ញុំ​វិញ​ដូច្នោះ​ដែរ

25. ចុះ​តើ​ទ្រង់​វិសេស​ជាង​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​សាសន៍​ម៉ូអាប់​ឬ​អី តើ​ស្តេច​នោះ​មិន​បាន​ត‌យុទ្ធ​នឹង​សាសន៍​អ៊ីស្រា‌អែល​ដែរ​ទេ​ឬ​អី តើ​មិន​បាន​ច្បាំង​នឹង​គេ​ទេ​ឬ

26. ក្នុង​រវាង​៣០០​ឆ្នាំ​នេះ ដែល​សាសន៍​អ៊ីស្រា‌អែល​នៅ​ក្រុង​ហែសបូន និង​តំបន់​នៅ​ជុំវិញ នៅ​ក្រុង​អារ៉ូអ៊ើរ និង​តំបន់​នៅ​ជុំវិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន នោះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ចាប់​យក​ស្រុក​ពី​គេ​មក ក្នុង​គ្រា​នោះ​ទៅ

27. ដូច្នេះ ខ្ញុំ​មិន​បាន​ធ្វើ​បាប​នឹង​ទ្រង់​ទេ គឺ​ទ្រង់​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ខ្ញុំ​វិញ ដោយ​មក​ច្បាំង​នឹង​ខ្ញុំ​ដូច្នេះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ចៅ‌ក្រម ទ្រង់​នឹង​ជំនុំ​ជំរះ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ឯង

28. ប៉ុន្តែ ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​មិន​ព្រម​ស្តាប់​ពាក្យ ដែល​យែបថា​បាន​ចាត់​សារ​ឲ្យ​មក​ទូល​ទ្រង់​នោះ​ទេ។

ពាក្យ​សន្យា​របស់​យែបថា

29. ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា រួច​លោក​ដើរ​កាត់​ស្រុក​កាឡាត និង​ស្រុក​ម៉ាន៉ាសេ ទៅ​តាម​មីសប៉ា-កាឡាត ហើយ​ពី​ទី​នោះ​ក៏​ដំរង់​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន

30. យែបថា​ក៏​បន់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​សិន​ជា​ទ្រង់​ប្រគល់​ពួក​កូន​ចៅ​អាំម៉ូន មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូល‌បង្គំ​ពិត

31. នោះ​អ្វីៗ​ណា​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ទូល‌បង្គំ​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន​មក​វិញ ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ជា​ដង្វាយ​ដុត

32. ដូច្នេះ យែបថា​ក៏​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​លោក

33. លោក​ប្រហារ​ជីវិត​គេ​យ៉ាង​សំបើម ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ មក​ដល់​ក្រុង​មីនីត ទាំង​អស់​បាន​ទី​ក្រុង​២០ ហើយ​រហូត​ដល់​អេបិល-កេរ៉ា‌មីម​ថែម​ទៀត ពួក​កូន​ចៅ​អាំម៉ូន​ក៏​ត្រូវ​ក្រាប​ចុះ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

កូន​ស្រី​យែបថា

34. រួច​យែបថា លោក​ត្រឡប់​មក​ដល់​ផ្ទះ នៅ​ត្រង់​មីសប៉ា​វិញ នោះ​មើល ខណៈ​នោះ​កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​បន្ទរ​ក្រាប់​បណ្តើរ ហើយ​លោត‌កញ្ឆេង​ផង នាង​នោះ​ជា​កូន​តែ​១​របស់​លោក ក្រៅ​ពី​នាង នោះ​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ

35. កាល​លោក​ក្រឡក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ

36. នាង​ឆ្លើយ​ទៅ​ឪពុក​ថា លោក​ឪពុក​អើយ បើ​លោក​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សូម​ធ្វើ​ដល់​ខ្ញុំ​តាម​វាចា ដែល​ចេញ​ពី​មាត់​នោះ​ចុះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​បាន​សង‌សឹក​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្មាំង​សត្រូវ ជំនួស​លោក​ឪពុក​ហើយ

37. រួច​នាង​ក៏​សូម​ដល់​ឪពុក​ថា សូម​បើក​ឲ្យ​ខ្ញុំ​ធ្វើ​ដូច្នេះ គឺ​ទុក​ខ្ញុំ​ឲ្យ​នៅ​ក្នុង​រវាង​២​ខែ​សិន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទៅ​នៅ​លើ​ភ្នំ ហើយ​យំ​ស្តាយ​ភាព​ជា​ក្រមុំ​របស់​ខ្ញុំ ជា​មួយ​នឹង​ពួក​ស្ត្រី ជា​មិត្រ​សំឡាញ់​ខ្ញុំ

38. នោះ​ឪពុក​ក៏​ឆ្លើយ​ថា ទៅ​ចុះ ហើយ​លោក​បើក​ឱកាស​ឲ្យ​នាង​ទៅ​នៅ​អស់​២​ខែ ដូច្នេះ នាង​ក៏​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​មិត្រ​សំឡាញ់​ទៅ ហើយ​យំ​ស្តាយ​ដល់​ភាព​ជា​ក្រមុំ​របស់​នាង​លើ​ភ្នំ

39. លុះ​គ្រប់​កំណត់​២​ខែ​ហើយ នោះ​នាង​ក៏​ត្រឡប់​មក​ឯ​ឪពុក​វិញ ហើយ​លោក​បាន​ធ្វើ​ដល់​នាង តាម​បំណន់​របស់​ខ្លួន​ទៅ នាង​ឥត​ដែល​បាន​ស្គាល់​បុរស​ណា​ឡើយ សេចក្ដី​នោះ​ឯង​បាន​ត្រឡប់​ទៅ​ជា​ទំលាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ

40. គឺ​រាល់​តែ​ឆ្នាំ​ពួក​កូន​ស្រី​របស់​អ៊ីស្រា‌អែល គេ​តែង​ទៅ​យំ​រំឭក​ពី​កូន​ស្រី​របស់​យែបថា ជា​ពួក​កាឡាត​នោះ គ្រប់​៤​ថ្ងៃ​ក្នុង​១​ឆ្នាំ។