គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 7:8-20 Khmer Standard Version (KHSV)

8. លោក​លេវីដែល​ទទួល​តង្វាយ​មួយ​ភាគ​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ដូច​គម្ពីរ​បាន​បញ្ជាក់​ស្រាប់។

9. យើង​អាច​ពោល​ឲ្យ​អស់​សេចក្ដី​ថា សូម្បី​តែ​លោក​លេវី ដែល​តែង​ទទួល​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​យក​អ្វីៗ​មួយ​ភាគ​ដប់ ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក តាម​រយៈ​លោក​អប្រាហាំ​ដែរ

10. ដ្បិត​នៅ​ពេល​ដែល​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​លោក​អប្រាហាំ​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​លោក​អប្រាហាំ​នៅ​ឡើយ។

11. មុខ‌ងារ​បូជា‌ចារ្យ​ជា​គ្រឹះ​នៃ​គម្ពីរ‌វិន័យ​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​បូជា‌ចារ្យ​មួយ​ទៀត តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជា‌ចារ្យ​តាម​របៀប​លោក​អើរ៉ុន​ទៅ​វិញ។

12. ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខ‌ងារ​បូជា‌ចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ក្រឹត្យ‌វិន័យ​ដែរ។

13. រីឯ​បូជា‌ចារ្យ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ ទ្រង់​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​បូជា‌ចារ្យ​ឡើយ។

14. យើង​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា​ថា ព្រះ‌អម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុល‌សម្ព័ន្ធ*​យូដា។ ពេល​លោក​ម៉ូសេ​និយាយ​អំពី​បូជា‌ចារ្យ លោក​ពុំ​ដែល​និយាយ​ពី​កុល‌សម្ព័ន្ធ​នេះ​ទេ។

15. ប្រសិន​បើ​មាន​ការ​តែង‌តាំង​បូជា‌ចារ្យ​មួយ​រូប​ទៀត ដូច​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។

16. ព្រះ‌អង្គមិន​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វិន័យ ដែល​ជា​បទ‌បញ្ជា​របស់​មនុស្ស​ឡើយ គឺ​ទ្រង់​បាន​ទទួល​មុខ‌ងារ​នេះ តាម​ឫទ្ធា‌នុភាព​នៃ​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ

17. ដ្បិត​គម្ពីរ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អង្គ​ថា«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក»។

18. ដូច្នេះ បទ‌បញ្ជា​ដែល​មាន​ពី​មុន​មក​ត្រូវ​លុប​បំបាត់​ចោល​ហើយ ព្រោះ​គ្មាន​ប្រសិទ្ធ‌ភាព គ្មាន​សារ‌ប្រយោជន៍​អ្វី​ទេ

19. ដ្បិត​ក្រឹត្យ‌វិន័យ​ពុំ​បាន​ធ្វើ​ឲ្យ​អ្វី​មួយ​ទៅ​ជា​គ្រប់​លក្ខណៈ​ឡើយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង​បាន​មក​ដល់ ហើយ​ដោយ‌សារ​សេចក្ដី​សង្ឃឹម​នេះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​បាន។

20. លើស​ពី​នេះ មាន​ព្រះ‌បន្ទូល​សម្បថ។ បូជា‌ចារ្យ​ឯ​ទៀតៗ​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ ដោយ​គ្មាន​ព្រះ‌បន្ទូល​សម្បថ​ទេ។

សូមអានជំពូកពេញលេញ ហេប្រឺ 7