គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 6:11-20 Khmer Standard Version (KHSV)

11. យើង​ចង់​ឲ្យ​បង‌ប្អូន​ម្នាក់ៗ នៅ​តែ​មាន​ចិត្ត​ខ្នះ‌ខ្នែង​រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​បង‌ប្អូន​បាន​ពេញ​លក្ខណៈ

12. ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ‌ទ្រាំ។

13. នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​នឹង​លោក​អប្រាហាំ ព្រះ‌អង្គ​បាន​ស្បថ​ដោយ​យក​ព្រះ‌អង្គ​ផ្ទាល់​ធ្វើ​ជា​ប្រធាន ព្រោះ​គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​ព្រះ‌អង្គ ធ្វើ​ជា​ប្រធាន​សម្បថ​បាន​ឡើយ។

14. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:«យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»។

15. ដោយ​លោក​អប្រាហាំ​ព្យាយាម​ទន្ទឹង​រង់‌ចាំ លោក​ក៏​បាន​ទទួល​តាម​ព្រះ‌បន្ទូល​សន្យា​មែន។

16. មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។

17. ព្រះ‌ជាម្ចាស់​ក៏​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ឲ្យ​អស់​អ្នក​ដែល​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ព្រះ‌អង្គ​សម្រេច​ព្រះ‌ហឫទ័យ​យ៉ាង​ណា​ហើយ​នោះ ទ្រង់​មិន​ប្រែ‌ប្រួល​ទេ។ ហេតុ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ស្បថ​ថែម​លើ​ព្រះ‌បន្ទូល​សន្យា​ទៀត។

18. ចំពោះ​យើង​ដែល​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​ឈោង​ចាប់​យក​សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​ដាក់​នៅ​ខាង​មុខ​យើង ព្រះ‌អង្គ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ខ្លាំង ដោយ​មាន​ព្រះ‌បន្ទូល​ទាំង​ពីរ​យ៉ាងដែល​ពុំ​ចេះ​ប្រែ‌ប្រួល ហើយ​ព្រះ‌ជាម្ចាស់​មិន​ចេះ​កុហក​ក្នុង​ព្រះ‌បន្ទូល​នេះ​ឡើយ។

19. សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​បី​ដូច​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំ‌មួន សម្រាប់​ព្រលឹង​របស់​យើង ហើយ​ក៏​បាន​ចូល​ហួស​វាំងនន​ទៅ​ក្នុង​ទី‌សក្ការៈ​ថែម​ទៀត​ផង

20. គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​ព្រះ‌យេស៊ូ​បាន​យាង​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​ព្រះ‌អង្គ​ក៏​បាន​ទទួល​ឋានៈ​ជា​មហា​បូជា‌ចារ្យ*​រហូត​អស់‌កល្ប​ជា‌និច្ច តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។

សូមអានជំពូកពេញលេញ ហេប្រឺ 6