គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 13:7-14 Khmer Standard Version (KHSV)

7. ចូរ​បង‌ប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បង‌ប្អូន ដែល​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បង‌ប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​ទៅ។

8. ព្រះ‌យេស៊ូ​គ្រិស្ដ​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​នៅ​តែ​ដដែល។

9. សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​ឲ្យ​បាន​រឹង‌ប៉ឹង​ដោយ‌សារ​ព្រះ‌គុណ គឺ​មិន​មែន​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។

10. យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជា‌ចារ្យ​ធ្វើ​ការ​ក្នុង​ព្រះ‌ពន្លា* គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​បាន​ឡើយ។

11. លោក​មហា​បូជា‌ចារ្យ​តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ក្នុង​ទី‌សក្ការៈ* ដើម្បី​សុំ​ឲ្យ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។

12. ព្រះ‌យេស៊ូ​ក៏​ដូច្នោះ​ដែរ ព្រះ‌អង្គ​រង‌ទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជា‌ជន​ឲ្យ​បាន​វិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។

13. ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះ‌អង្គ ទាំង​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ

14. ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។

សូមអានជំពូកពេញលេញ ហេប្រឺ 13