គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហេប្រឺ 13:16-24 Khmer Standard Version (KHSV)

16. កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​បែប​នេះ។

17. ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បង‌ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែ‌រក្សា​ព្រលឹង​បង‌ប្អូន​ជា‌និច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បង‌ប្អូន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បើ​បង‌ប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខ‌ងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខ‌ងារ ទាំង​ថ្ងូរ បង‌ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។

18. សូម​អធិស្ឋាន*​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មន‌សិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ត​យ៉ាង​ល្អ​ត្រឹម​ត្រូវ ក្នុង​គ្រប់​កាលៈ‌ទេសៈ

19. ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​មេត្តា​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បង‌ប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។

20. ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​បាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រិស្ដ​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។

21. សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌អង្គ​សម្រេច​ការ​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ដ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

22. បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង‌ប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។

23. សូម​ជ្រាប​ថា លោក​ធីម៉ូថេ ជា​បង‌ប្អូន​របស់​យើង បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​បង‌ប្អូន​ជា​មួយ​គាត់​ដែរ។

24. សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បង‌ប្អូន ព្រម​ទាំង​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​អស់​ផង។ បង‌ប្អូន​នៅ​ស្រុក​អ៊ីតា‌លី​ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។

សូមអានជំពូកពេញលេញ ហេប្រឺ 13