គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 14:6-14 Khmer Standard Version (KHSV)

6. ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត ហោះ​កណ្ដាល​អាកាស‌វេហាស៍ ទេវតា​នោះ​នាំ​ដំណឹង‌ល្អ*​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច មក​ប្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ផែន‌ដី។

7. ទេវតា​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ចូរ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ដ្បិត​ដល់​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ហើយ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ ព្រម​ទាំង​ប្រភព​ទឹក​ទាំង‌ឡាយ!»។

8. មាន​ទេវតា​មួយ​រូប​ទៀត​មក​តាម​ក្រោយ ពោល​ថា៖ «រលំ​ហើយ! រលំ​ហើយ! ក្រុង​បាប៊ី‌ឡូន​មហា​នគរ ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​​របស់​វា!»។

9. មាន​ទេវតា​មួយ​រូប​ទៀត ជា​ទេវតា​ទី​បី មក​តាម​ក្រោយ ពោល​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន​នោះ និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ព្រម​ទាំង​ទទួល​សញ្ញា​សម្គាល់​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ

10. អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​ព្រះ‌ជា‌ម្ចាស់ ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ​ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​ដ៏‌វិសុទ្ធ* និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​កូន​ចៀម។

11. ផ្សែង​ភ្លើង​ដែល​ធ្វើ​ឲ្យ​គេ​រង‌ទុក្ខ​ទោស ហុយ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អស់​អ្នក​ដែល​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន និង​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​បាន​ទទួល​សញ្ញា​សម្គាល់​ឈ្មោះ​របស់​វា មុខ​ជា​ត្រូវ​វេទនា ទាំង​ថ្ងៃ​ទាំង​យប់ ឥត​ស្រាក‌ស្រាន្ត​ឡើយ»។

12. ដូច្នេះ ប្រជា‌ជន​ដ៏‌វិសុទ្ធ* គឺ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​កាន់​តាម​ជំនឿ​របស់​ព្រះ‌យេស៊ូ ត្រូវ​មាន​ចិត្ត​ព្យាយាម។

13. ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅ: អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ពិត​ជា​មាន​សុភមង្គល* ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។

14. ខ្ញុំ​មើល​ទៅ​ឃើញ​ពពក*​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* អង្គុយ​លើ​ពពក​នោះ។ លោក​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។

សូមអានជំពូកពេញលេញ វិវរណៈ 14