គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 12:9-16 Khmer Standard Version (KHSV)

9. នាគ​ធំ​នោះ​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង​ជា​ពស់​ពី​បុរាណ ឈ្មោះ​មារ* ឬ​សាតាំង ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែន‌ដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។

10. ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះ‌គ្រិស្ដ​របស់​ព្រះ‌អង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បង‌ប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បង‌ប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះ‌ភ័ក្ត្រ​នៃ​ព្រះ​របស់​យើង។

11. បង‌ប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខីភាព​របស់​ពួក​គេ ហើយ​បង‌ប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។

12. ហេតុ​នេះ ស្ថាន​បរម‌សុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែន‌ដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។

13. កាល​នាគ​ឃើញ​ថា​ខ្លួន​ត្រូវ​គេ​ទម្លាក់​ចុះ​មក​លើ​ផែន‌ដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​បាន​សម្រាល​បុត្រ។

14. នាង​បាន​ទទួល​ស្លាប​ទាំង​ពីរ​របស់​ឥន្ទ្រី​ដ៏​ធំ​នោះ ដើម្បី​ហោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន គឺ​នៅ​កន្លែង​របស់​នាង។ នៅ​ទី​នោះ ព្រះ‌ជា‌ម្ចាស់​នឹង​ទំនុក​បម្រុង​នាង ក្នុង​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា​ ឲ្យ​ឆ្ងាយ​ពី​មុខ​ពស់។

15. ពស់​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ទឹក​ទន្លេ តាម​ពី​ក្រោយ​នាង ដើម្បី​ឲ្យ​ទឹក​ហូរ​នាំ​យក​នាង​ទៅ

16. ក៏​ប៉ុន្តែ ព្រះ‌ធរណី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។

សូមអានជំពូកពេញលេញ វិវរណៈ 12