28. លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។
29. លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។
30. ពួកខាងគណៈផារីស៊ី* និងពួកអាចារ្យ*ពីគណៈផារីស៊ី ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសិស្ស*របស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។
31. ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
32. ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីឲ្យគេកែប្រែចិត្តគំនិត»។
33. មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួកសិស្សខាងគណៈផារីស៊ី* តែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។
34. ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ? ទេ! គេមិនអាចតមបានឡើយ។
35. ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។
36. ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ ធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ចាស់ និងក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។
37. ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាថ្មីនឹងធ្វើឲ្យថង់ស្បែកចាស់នោះធ្លុះ បណ្ដាលឲ្យស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន